ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីអំពាវនាវអោយ ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំងអស់ត្រូវមានជំនឿជឿជាក់ លើរដ្ឋបាលរាជធានីភ្នំពេញ កុំជឿលើការបំផុសព័ត៌មានក្លែងក្លាយ

83
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវមានជំនឿជឿជាក់មកលើរដ្ឋបាលរាជធានីភ្នំពេញ ហើយ  កុំជឿលើការបំផុសព័ត៌មានក្លែងក្លាយ។
   ការអំពាវនាវបែបនេះរបស់លោកឃួង ស្រេងបានអ្វីឡើងក្នុងកិច្ចសម្ភាសមួុយ ជាមួយក្រុមអ្នកព័ត៌មាន ក្រោយលោកបញ្ចប់ពិធីចែកម៉ាសនិងទឹកអាកុលលាងដៃជូនមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ មិនានៅសាលាក្រុងភ្នំពេញ។
  លោកឃួង ស្រេង បានមានប្រសាសន៍ថា អ្វីៗទាំងអស់ ដែលជាព័ត៌មាន សូមឲ្យបងប្អូនប្រជាពលរដ្ឋស្តាប់ការប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ផេកផ្លូវការហ្វេសប៊ុក ប្រព័ន្ធព័ត៌មាន ដែលចុះហត្ថលេខា ឬត្រាត្រឹមត្រូវ របស់រដ្ឋបាលរាជធានីភ្នំពេញ ។
    លោកបន្តថា ប៉ុន្មានថ្ងៃនេះ មានគេបំប៉ោងពាក្យថា បន្តិចទៀតនេះ មានបិទបឹងកេងកង មិនអោយជន បរទេសឆ្លងកាត់ ឬចេញចូល ។ ពាក់ព័ន្ធនឹងការបំផ្ទុះនូវព័ត៌មានគ្មានការពិតនេះ លោកឃួង ស្រេងបានបញ្ជាក់អោយបងប្អូន ក្នុងរាជធានីថា អ្វីៗត្រូវមានជំនឿជឿជាក់
មកលើរដ្ឋបាលរាជធានី កុំជឿ ទៅលើប្រពន្ធផ្សព្វផ្សាយ ដែលមិនមានការទទួលខុសត្រូវ ឬមិនមានអត្តសញ្ញាណ ច្បាស់លាស់” ។ នៅតាមបណ្តាញសង្គម ច្រើនតែបំប៉ោង ពាក្យមិនពិតប្រាកដ ដូច្នេះ សូមអោយពិចារណា ព្រឹត្តិការណ៍នេះ មុននឹងជឿសូមសួរគ្នា អោយបានច្បាស់លាស់ ។
   លោកបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញមាន Hotline ដែលទាក់ទងទៅនឹងរឿង កូវីដ-១៩ (Covid-19) ដោយយើងអាចទទួលយក ដើម្បីពិភាក្សា និងបញ្ជូនបងប្អូន ទៅរកទីតាំង ដើម្បីព្យាបាល ឬក៏ទីតាំងពិនិត្យជំងឺ ឬក៏អាចសួរ Hotline នូវព័ត៌មាន ដែលបងប្អូនមានចម្ងល់ ។ សូមអោយបងប្អូន ធ្វើតាមរយៈ Hotline នេះ រដ្ឋបាលរាជធានីភ្នំពេញ អាចទទួលព័ត៌មានដោយផ្ទាល់ និងបញ្ជាក់ជូនពីអ្វីដែលបងប្អូនមានចុះងល់ពីបញ្ហាផ្សេងៗ ។
   ពាក់ព័ន្ធនឹងផែនការយុទ្ធសាស្ត្រ ក្នុងការទប់ស្កាត់ ការរីករាលដាល នៃវីរុសកូវីដ-១៩ នៅរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា តាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកបានប្រកាសអោយយើង បិទ KTV (Karaoke Television) យើងបិទ Concert ធំៗ (ការប្រគំតន្ត្រី) ការជួបជុំគ្នាដែលមានមនុស្សច្រើន។ ដោយឡែកនាព្រឹកថ្ងៃ២៥មិនានេះ ក៏មានគោលការ ពីសម្តេច ឲ្យយើងផ្អាក បៀកាឌិន ទីតាំងមានលក់ម្ហូបអាហារ មានភ្លេងកំដរ ដែលអាចជួបជុំមនុស្សច្រើន ដែលបង្កទៅជាហានិភ័យ ដល់ប្រជាពលរដ្ឋ ។ ចំណុចនេះ ថ្នាក់ដឹកនាំ បានគិតគូរទៅលើសុខុមាលភាព របស់ប្រជាពលរដ្ឋ ព្រោះខ្លាចមានការឆ្លង ដែលមិនអាចគ្រប់គ្រងបាន ។
  លោកបន្តថា យើងទាំងអស់គ្នាដឹងហើយថា ជំងឺ កូវីដ-១៩ (Covid-19) បើសិនជាយើងមានអនាម័យ
រស់នៅដាច់ពីគ្នា កុំគៀកគ្នាពេក កុំអោយជួបជុំគ្នាច្រើនញឹកញ៉ាប់ គឺយើងអាច បង្កាទប់ស្កាត់ កុំអោយជំងឺនេះ រីករាលដាលបាន ព្រោះយើងមិនដឹងថា អ្នកណា មានជំងឺ អ្នកណាគ្នានជំងឺ ដូច្នេះការផ្តាច់ពីគ្នានេះ ជាមធ្យោបាយល្អមួយ ដែលមានការណែនាំ ពីក្រសួងសុខាភិបាល។
   លោកអភិបាលបានបន្ថែមថា យើងមានតែលើកទឹកចិត្ត ឲ្យពួកគាត់បន្តការលក់ដូរ ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើង អាចប្រកបជីវភាពប្រចាំថ្ងៃបាន ប្រសិនបើយើងផ្អាកផ្សារ យើងអាចទៅទិញអ្វីហូបនៅឯណាបាន? នេះជាបញ្ហាដែលយើងត្រូវគិតគូរ ដូច្នេះហើយយើងនៅតែលើកទឹកចិត្ត អោយផ្សារ ត្រូវតែនៅដំណើរការ ។
  លោកក៏បានក្រឿនរំលឹកថា ដំបូងមានការភ្ញាក់ផ្អើលរឿងទៅទិញ នាំគ្នាទៅទិញ ទិញរហូតអស់ក្នុងស្តុក ប៉ុន្តែឥឡូវនេះ យើងឃើញថា យើងមាននិរន្ធរន្តភាព សូម្បីតែនៅក្នុងផ្សារម៉ាក្រូ ឬនៅក្នុងផ្សារទំនើបផ្សេងៗ ប្រជាពលរដ្ឋយើង ចូលទៅទិញតាមធម្មតា មិនមានការប្រជែងគ្នា ដូចដែលវីដេអូឃ្លីប ចេញពីបរទេសមកនោះទេ ដែលយើងឃើញថា នៅបរទេស មានការជ្រួលច្របល់ ប៉ុន្តែនៅរាជធានីភ្នំពេញ របស់យើង និយាយដោយឡែក និយាយជារួម នៅកម្ពុជាយើង មិនមានបញ្ហានេះកើតឡើងនោះទេ ហើយសូមអោយប្រជាពលរដ្ឋទាំងអស់ មានជំនឿជឿជាក់ថា មិនខ្វះទេស្បៀងនៅកម្ពុជា៕
អត្ថបទដែលជាប់ទាក់ទង