បុរសម្នាក់ឡើងលើដំបូលផ្ទះ ប៉ុនប៉ងលោតសម្លាប់ខ្លួន ខឹងម៉ែស្ដីបន្ទោស រឿងលួចលុយ
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យថាបែកថ្នាំ បានឡើងលើដំបូលផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលោតសម្លាប់ខ្លួន ព្រោះតែខឹងម្តាយស្តីបន្ទោសរឿងលួចលុយយកទៅចាយ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង៥០នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅម្ដុំផ្សារក្រមួន សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា
ជនដែលប៉ុនប៉ងលោតសម្លាប់ខ្លួន មានឈ្មោះផាន់ សុផារ៉ា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
បើតាមស្ត្រីជាម្ដាយ សូមមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះខាងបុរសខាងលើ ធ្លាប់ត្រូវបានក្រុមគ្រួសារ យកទៅមណ្ឌលកែប្រែមួយលើករួចមកហើយ តែដោយសារតែការអង្វររបស់កូន ថានឹងសូមចេញមកវិញ កែខ្លួនជាមនុស្សល្អ ទើបក្រុមគ្រួសារ បានយកចេញពីមណ្ឌលកែប្រែវិញ
។
ប្រភពព័ត៌មានបានបន្តថា នៅថ្ងៃកើតហេតុ ម្ដាយបានស្ដីបន្ទោស ពីរឿងកូនប្រុសរូបនេះ បានលួចលុយរបស់ម្ដាយចំនួន១៥០ ដុល្លារ យកទៅចាយអស់ ពេលដែលកូនត្រឡប់មកវិញ បានស្ដីបន្ទោស រួចក៏ប្រាប់ថា នឹងឱ្យប៉ូលិសយកទៅដាក់មណ្ឌលកែប្រែម្ដងទៀត ពេលដែលឮដូច្នេះ កូនប្រុសរូបនោះ បានឡើងលើដំបូលផ្ទះជាពលរដ្ឋ កាន់រណារអាដែកមួយ សៀតនឹងចង្កេះ រួចក៏ថាប៉ុនប៉ងលោតសម្លាប់ខ្លួន ទើបក្រុមគ្រួសារបានរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះទៅជួយអន្តរាគមន៍
ពេលដែលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ បានទៅដល់កន្លែងកើតហេតុ ក៏ធ្វើការលួងលោម ឲ្យបុរសនេះចុះមកក្រោមវិញ ដោយសន្យាថាមិនយកទៅដាក់មណ្ឌលកែប្រែទេទើបបុរសរូបនោះ បានព្រមចុះមកក្រោមវិញ ហើយក៏ក្រុមគ្រួសារក្រុមគ្រួសារធ្វើការណែនាំអប់រំបន្ត៕