ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាសង្រ្កាន្តឆ្នាំជូត នឹងចូលមកដល់វេលាម៉ោង២០:៤៨នាទីយប់ ថ្ងៃទី១៣ ខែមេសា

106

ភ្នំពេញ៖ មហាសង្រ្កាន្តឆ្នាំជូត ទោស័កព្រះពុទ្ធសករាជ ២៥៦៤នឹងចូលមកដល់នៅវេលាម៉ោង២០:៤៨នាទីយប់ ថ្ងៃចន្ទ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ២០២០។

គណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិណែនាំឲ្យប្រជាពលរដ្ឋរៀបចំរណ្តាប់ទទួលទេវតា​ឆ្នាំថ្មីទៅតាមទំនៀបទំលាប់ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញការ ថែរក្សាប្រពៃណីវប្បធម៌ជាតិ។

បុណ្យចូលឆ្នាំថ្មីត្រូវនឹងថ្ងៃចន្ទ គឺត្រូវវេណរបស់ ទេពធីតាមួយព្រះ ព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនូវព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អាភរណៈទ្រង់ពាក់កែវមុក្តា ភក្សាហារទ្រង់សោយតេលំ ទ្រង់អាវុធព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់យដ្ឋិ គង់ផ្ទំបើកព្រះនេត្រលើខ្នង ព្យគ្ឃ ជាពាហនៈ។

គ្រឿងរណ្តាប់ ទទួលទេវត្តាឆ្នាំថ្មីនេះមានដូចជាបាយសី ១គូ, ស្លាធម៌ ១គូ, ធូប ៥, ទៀន ៥, ទឹកអប់ ១គូ, ផ្កាភ្ញី, លាជ, ទឹក ១ ផ្តិល និង ភេសជ្ជៈ, នំនែក, ផ្លែឈើគ្រប់មុខ ។

ក្នុងឱកាសឆ្នាំនេះប្រជាពលរដ្ឋទូទៅអាចនាំគ្នារៀបចំបាយ ម្ហូប សំលៀកបំពាក់ និងថវិកាផ្ទាល់ខ្លួនជូនឪពុកម្តាយនិងសាច់ញ្ញាតិបងប្អូន ឬ រៀបចំចង្ហាន់ផ្សេងៗប្រគេនព្រះសង្ឃ ដោយពុំចាំបាច់មានមនុស្សចូលរួមអ៊ូអរច្រើនឡើយ
ក្នុងន័យកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ ១៩៕

អត្ថបទដែលជាប់ទាក់ទង