ប្តីដើរប្រពន្ធ ប្រទះឃើញកំពុងមានសហាយ
ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ និងស្រីម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធរឿងសហាយស្មន់ ។ ការឃាត់ខ្លួនមនុស្ស២នាក់នេះ យោងទៅតាមពាក្យបណ្ដឹងរបស់បុរសម្នាក់ ជាប្ដីរបស់ស្រីម្នាក់ ដែលចោទប្រកាន់ពីបទមានប្រុសសហាយលួចលាក់ រត់គេចពីផ្ទះ ។
សមត្ថកិច្ចស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកត្រពាំងប្រាសាទ បានទទួលបណ្តឹងពីឈ្មោះ ផាន់ រ៉ាឌី ភេទប្រុស អាយុ៥៥ឆ្នាំ បានប្តឹងថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឈ្មោះ សំ សំអុល ភេទប្រុស អាយុ៥២ឆ្នាំ បាននាំប្រពន្ធរបស់ខ្លួន ឈ្មោះ អេង ពៅ ភេទស្រី អាយុ៤០ឆ្នាំ រត់ចេញពីផ្ទះនៅឯខេត្តកណ្តាល មករួមរស់លាក់ខ្លួន នៅស្រុកត្រពាំងប្រាសាទ និងសូមឲ្យសមត្ថកិច្ច ជួយអន្តរាគមន៍ចាត់ការតាមច្បាប់។
ក្រោយទទួលពាក្យបណ្តឹង ក្នុងថ្ងៃដដែលនោះ លោក អធិការ បានដឹកនាំកម្លាំងជំនាញ ចុះធ្វើការឃាត់ខ្លួនបុរសជាប្រុសសហាយ និងស្រីជាប្រពន្ធ តាមពាក្យបណ្តឹងខាងលើ យកមកសួរនាំនៅអធិការដ្ឋាន។ ក្រោយធ្វើការសួរនាំ សមត្ថកិច្ចស្រុកត្រពាំងប្រាសាទ បានបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ ជាមួយរថយន្ត១គ្រឿង ម៉ាក Lexus RX330 ពាក់ផ្លាកលេខ ភ្នំពេញ 2BD 2603 ទៅការិយាល័យប្រឆាំងការជូញដូរ និងការពារអនីតិជនខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕