ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជំនាញវេជ្ជសាស្រ្តចិនចំនួន៧រូប ត្រឡប់ទៅកាន់ប្រទេសចិនវិញ

51

 

ភ្នំពេញ៖ នាថ្ងៃទី៧ ខែមេសា អ្នកជំនាញវេជ្ជសាស្រ្តចិនចំនួន៧រូប ដែលជាក្រុមជំនួយដំបូងរបស់ប្រទេសចិន ជូនចំពោះប្រទេសកម្ពុជា បានត្រឡប់ទៅកាន់ប្រទេសចិនវិញ ក្រោយពីបានបញ្ចប់ការបំពេញភារកិច្ចរួចជាស្ថាពរក្នុងប្រទេសកម្ពុជា។ នេះបើតាមការប្រកាសព័ត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា ។

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, ឯកឧត្តមសាស្រ្តាចារ្យ អេង​ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីផ្សេងទៀតអញ្ជើញមានវត្តមានក្នុងការជូនដំណើរនេះផងដែរ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន មានប្រសាសន៍ថា ក្នុងដំណើរការជួយកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសCOVID-19លើកនេះ ប្រទេសទាំងពីរបានជួយ និងយកអាសាគ្នាទៅវិញទៅមក។ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ដែលបានទទួលភារកិច្ចជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសលើកនេះ បានបំពេញភារកិច្ចយ៉ាងល្អឥតខ្ចោះ ដោយស្ថិតក្រោមទឹកចិត្តនៃមិត្តភាពប្រពៃណីរវាងប្រទេសចិន និងកម្ពុជា ពួកគាត់បានបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ មិនធ្វេសប្រហែសនឹងបេសកកម្ម ពួកគាត់មិនត្រឹមតែរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស ក្នុងប្រទេសកម្ពុជានោះទេ ក៏បានកសាងគ្រឹះដ៏រឹងមាំ នៃកិច្ចសហប្រតិបត្តិការ រយៈពេលវែង រវាងគ្រូពេទ្យទាំងពីរប្រទេសបានយ៉ាងស៊ីជម្រៅ។ ចិន និងកម្ពុជាជាសហគមន៍ ជោគវាសនា រួមដែលមិនអាចបំបែកបាន ឲ្យតែជំងឺវីរុសមិនទាន់កម្ចាត់អស់ក្នុងប្រទេសកម្ពុជា ចិននៅតែមិនបញ្ឈប់ការផ្តល់ជំនួយវេជ្ជសាស្រ្តមកកម្ពុជានោះឡើយ។

ឯកឧត្តម រដ្ឋលេខាធិការ បានតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះការលះបង់ ដ៏អស្ចារ្យរបស់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន ដែលបានខិតខំកន្លងមក ឯកឧត្តម មានប្រសាសន៍ថា ភាគីចិន បានចាត់ក្រុមអ្នកជំនាញ ដែលជាក្រុមជំនួយមកកាន់កម្ពុជា បានយ៉ាងទាន់ពេលវេលា បានចែករំលែកបទពិសោធន៍ ដ៏មានតម្លៃក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសមកកាន់ប្រទេសកម្ពុជា បានជួយកែលម្អប្រព័ន្ធទប់ស្កាត់នឹងជំងឺវីរុស បានផ្តល់យោបល់ ក្នុងការព្យាបាលជូនដល់អ្នកដែលផ្ទុកជំងឺវីរុស រួមចំណែកយ៉ាងសកម្មក្នុងការទប់ស្កាត់នឹងជំងឺ។ កម្ពុជាក៏សូមថ្លែងអំណរគុណ ដល់មិត្តចិន ដែលបានឈរជាមួយយើងទាំងអស់គ្នា យ៉ាងមុតមាំ ក្នុងខណៈពេលដែលកម្ពុជា កំពុងតែជួបការលំបាក៕

អត្ថបទដែលជាប់ទាក់ទង