លោកស៊ុន ចាន់ថុលចុះត្រួតពិនិត្យវឌ្ឍនភាព ការដ្ឋានសាងសង់ អាងហែលទឹកជាតិអូឡាំពិក
ភ្នំពេញ៖នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក លោក អ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ អាងហែលទឹក នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានមានប្រសាសន៍ថា ជាក់ស្តែងនៅពេលនេះយើងបានធ្វើការស្តារអាងទឹកនេះឡើងវិញ ឲ្យស្របទៅតាមស្តង់ដារអន្តរជាតិថ្មីដែលមានបណ្តោយ ៥០ម៉ែត្រ ទទឹង ២៥ម៉ែត្រ ដែលមានខ្សែបន្ទាត់ចំនួន១០ ហើយចំពោះខាងលោតទឹកវិញគឺបានពង្រីក ២៥ម៉ែត្រគុណ២០ម៉ែត្រ ហើយការរៀបចំនេះដែរ គឺដើម្បីឲ្យកីឡាករ-កីឡាការរិនី មានទីតាំងហាត់បន្ថែមទៀតឲ្យមានភាពងាយស្រួលជាងមុន។
លោកទេសរដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ការជួសជុសអាងទឹកនេះត្រូវប្រើប្រាស់ថវិកាប្រហែល ២លានដុល្លារអាមេរិក ដោយមិនទាន់គិតទៅលើសម្ភារផ្សេងៗ ដែលត្រូវទិញដាក់បន្ថែមនៅកន្លែងហាត់ប្រាណនៅលើគោកនោះទេ ហើយចំពោះកន្លែងហាត់ប្រាណនៅលើគោកនេះដែល មានទទឹង១២ម៉ែត្រ និងបណ្តោយ ១៨ម៉ែត្រ ដែលដាក់សម្រាប់តែកីឡាករ-កីឡាការរិនីហែលទឹកតែប៉ុណ្ណោះ ដូចនេះត្រូវតែមានការហាត់នៅលើគោកបន្ថែមទៀត។
លោកបានបញ្ជាក់ទៀតថា ក្រៅពីនោះទៀត ក៏មានបន្ទប់ស្នាក់នៅសម្រាប់កីឡាករ-កីឡាការរិនី អាចស្នាក់នៅបាន និងមានរៀបចំជាកន្លែងទទួលទានអាហារត្រឹមត្រូវផងដែរ ពីព្រោះកីឡាករ-កីឡាការរិនី ហែលទឹក គឺពិតជាត្រូវការកម្លាំងខ្លាំងណាស់ ដើម្បីយកឈ្នះគួរប្រកួតរបស់ខ្លួន។ នៅប្រទេសគេកីឡាករ- កីឡាការរិនី ហែលទឹកនេះ គឺហាត់នៅលើគោក ច្រើនជាងហាត់នៅក្នុងទឹក ដែលការហាត់នៅលើគោក គឺសំដៅទៅដល់កន្លែងលើកសាច់ដុំនេះឯង។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ចំពោះថវិកាដែលចំនាយលើកការស្តារ អាងទឹកពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជានេះ គឺសុទ្ធតែជាជំនួយទាំងអស់ ដោយសហព័ន្ធកីឡាហែលទឹក បានសហការជាមួយខាងផ្នែកឯកជន ហើយជាពិសេសនោះ គឺក្រុមហ៊ុន ឈៀងហៃ ខន់ត្រាក់សិន ដែលជាក្រុមហ៊ុនសាងសង់ផ្លូវច្រើននៅកម្ពុជា ហើយក៏ជាក្រុមហ៊ុន ដែលមានបទពិសោធន៍ច្រើន ក្នុងការក៏សាងអាងហែលទឹកអន្តរជាតិនៅទូទាំពិភពលោកផងដែរ ដូច្នេះហើយសហព័ន្ធកីឡាហែលទឹក ក៏បានស្នើឱ្យក្រុមហ៊ុនជួយស្តារអាងទឹកនេះឡើង ហើយលោកនឹងសហការ ជាមួយផ្នែកឯកជនផ្សេងៗទៀត ដើម្បីស្នើថវិការមកទិញសម្ភារមួយចំនួន ដាក់នៅកន្លែងកន្លែងហាត់ប្រាណនៅលើគោកនេះតែម្តង។
ទន្ទឹមនឹងនេះ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនចិន ដែលបានស្តារអាងហែលទឹកនៅពហុកីឡដ្ឋានជាតិអូឡាំពិកឡើងវិញ៕