ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្មប្លន់សម្លាប់ មិត្តភក្តិពេលហៅជក់ថ្នាំញៀន នៅស្រុកព្រៃនប់

115

ព្រះសីហនុ ÷ នគរបាលស្រុកព្រៃនប់ នារសៀល ថ្ងៃ៣០ ខែមេសា ឆ្នាំ២០២០ បានបំបែកសំណុំរឿងឃាតកម្មសម្លាប់មនុស្សប្លន់ទ្រព្យសម្បត្តិ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ។

លោកវរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានអោយដឹងថា សាកសពជាជនរងគ្រោះឈ្មោះ ថាត ភារៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកបានបន្តទៀតថា សាកសពត្រូវបានរកឃើញកាលពីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្នុងព្រៃជើងភ្នំថ្មដា ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​។

ជនសង្ស័យឈ្មោះ សាន់ សុខៀង អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យរូបនេះបានសារភាពថា ខ្លួនពិតជាបានសម្លាប់ទៅលើជនរងគ្រោះដែលត្រូវជាមិត្តភ័ក្តពិតប្រាកដមែន បន្ទាប់ពីខ្លួនបានសេពគ្រឿងញៀនជាមួយគ្នារួច ខណ:ពេលរៀបវិលត្រលប់ទៅវិញ ក៏ធ្វើសកម្មភាពយកដំថ្មវ៉ៃទៅលើក្បាលជនរងគ្រោះបណ្តាលអោយស្លាប់នៅនិងកន្លែងកើតហេតុតែម្តង។

បើតាមម្តាយជនរងគ្រោះបានអោយដឹងថា កូនរបស់គាត់បានចេញបាត់ពីផ្ទះតាំងពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ដោយជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ផ្លាកលេខ ព្រះសីហនុ១H -៩៧៧២ និងសម្ភារៈជាប់ខ្លួនរួមមាន៖ ទូរសព្ទ័ដៃម៉ាកអាយហ្វូន១គ្រឿង, ចិញ្ចៀនផ្លាទីន ១វង់, នាឡិកាដៃ ១។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចយកមកសាកសួរតាមនិតិវិធី និងដកហូតបានម៉ូតូរបស់ជនគ្រោះ ពីជនសង្ស័យបានមកវិញផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង