ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រី​ក្រុស​មេម៉ាយ គឺជា​ត្រី​ដែលមាន​ឈ្មោះ​ចម្លែក ហើយ​ចូលចិត្ត​រស់នៅ​បាត​បឹង ដែលមាន​ភក់ រស់នៅ​តែម្នាក់ឯង

109

 

​ភ្នំពេញ​៖ ត្រី​ក្រុស​មេម៉ាយ គឺជា​ប្រភេទ​ត្រី​ទឹកសាប​មួយ ប្រភេទ ដែល​រស់នៅ​បឹង​ទន្លេសាប ទន្លេ ស្ទឹង ព្រែក អន្លង់ ឬ​ត្រពាំង ។ ដែលមាន​ទឹក​ហូរ​យឺតៗ និង​ភាគច្រើន​ពួកវា​នៅ​ស្រទាប់​បាត​ក្រោម ដែលមាន​ភក់ និង​ខ្សាច់ ហើយ ត្រី​ប្រភេទ​នេះ វា​ចូល​ចិ​ត្ដ​រស់នៅ​តែឯង ភាគច្រើន ។
លោក ថាច់ ផា​ណា​រ៉ា ប្រធាន​មន្ទីរពិសោធន៍ នៃ​វិទ្យា ស្ថាន​ស្រាវជ្រាវ​ជលផល ទឹកសាប នៃ​រដ្ឋបាល​ជលផល និង​ជា​បុរស​ឆ្នើម​ក្នុង​ការងារ​អភិរក្ស​ទន្លេមេគង្គ បាន បញ្ជាក់​ឲ្យ​ដឹង កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ ឧសភា​នេះ​ថា​៖ ពាក់ព័ន្ធ​នឹង​ឈ្មោះ​ត្រី​នេះ ដែល​ស្តាប់​មើលទៅ​ដូចជា​ចម្លែក គឺ​ខ្ញុំ​បាន​ស្រាវជ្រាវ​ដែរ ប៉ុន្តែ​ពុំមាន​ឯកសារយោង​ផ្លូវការ​ណាមួយ​អះអាង​នោះទេ ប៉ុន្តែ​តាមរយៈ​ការស្រាវជ្រាវ​តាម​តំបន់ ក៏ដូចជា​ការសួរនាំ​ពី​ចាស់ៗ គឺ​ត្រី​ក្រុស​មេម៉ាយ​នេះ ត្រូវបាន​ប្រជាជន​កម្ពុជា​យើង​ហៅ​តៗ​គ្នា តាំងពី​យូរ លង់​ណាស់​មកហើយ ទោះបី​តំបន់​ខ្លះ​គេ​ហៅ​ផ្សេង ប៉ុន្តែ​ភាគច្រើន​គឺ​ហៅថា​ត្រី​ក្រុស​មេម៉ាយ បែបនេះ ។​

ត្រី​ក្រុស​មេម៉ាយ​នេះ គឺ​ស្ថិតនៅក្នុង​អំបូរ Cyprinidae និង​មានឈ្មោះ​វិទ្យាសាស្ត្រ Osteocilus vittatus ដែលជា​ប្រភេទ​ត្រី​មាន​ស្រកា តែ​គ្មាន​ក្រពះ និង​ធ្មេញ​នោះទេ​។ ពាក់ព័ន្ធ​នឹង​ជីវចម្រុះ​របស់​ត្រី​ក្រុស​មេម៉ាយ​នេះ​វិញ លោក ថាច់ ផា​ណា​រ៉ា បាន​បន្ថែមថា​៖ ជាទូទៅ​ត្រី​ក្រុស​មេម៉ាយ​នេះ មាន​ប្រ​វ៉ែ​ង​ដងខ្លួន​ប្រមាណ​៣២​សង់ទីម៉ែត្រ ហើយ​ជា​ប្រភេទ​ត្រី​ដែល​ចូលចិត្ត​រស់នៅ​បាត​បឹង ទន្លេ អន្លង់ ត្រពាំង ព្រែក ។ ដែលមាន​ទឹក​ហូរ​តិចៗ ដោយមាន​ស្រទាប់​បាត​ក្រោម​មាន​ភក់ និង​ខ្សាច់ ហើយ​ត្រី​ប្រភេទ​នេះ ភាគច្រើន​សំបូរ​នៅ​រដូវប្រាំង ជាពិសេស​នៅ​បឹង​ទន្លេសាប ដោយ​ប្រជាពលរដ្ឋ​ដាក់​បាន​នៅ​ខែប្រាំង ដោយ​ការ​កៀ​សម្រាស់ និង​ការដាក់​ណ​រ៉ា​ល់ (​របាំង​)​។ ហើយ​ចំពោះ​តម្លៃ​របស់​ត្រី​ក្រុស​មេម៉ាយ​វិញ គឺ​ក្នុង​ខែ​នេះ លក់បាន​ក្នុងតម្លៃ​ថ្លៃ​គួរសម គឺ​ប្រហែល​១៨.០០០​រៀល ក្នុង​មួយ​គីឡូក្រាម នេះ​ក៏ដោយ​សារ​ត្រី​នៅក្នុង​ឆ្នាំនេះ ហាក់​មានតម្លៃ​ថ្លៃ​គ្រាន់បើ ដោយ​ភាគច្រើន​ត្រី​ប្រភេទ​នេះ គេ​យកទៅ​ធ្វើជា​ប្រហុក និង​ត្រីឆ្អើរ ព្រោះ​ត្រី​ក្រុស​មេម៉ាយ​នេះ សាច់​ទន់ ហើយ​ផុយ​។

លោក ថាច់ ផា​ណា​រ៉ា បាន​បន្ថែមថា​៖ ត្រី​ក្រុស​មេម៉ាយ​នេះ គឺជា​ប្រភេទ​ត្រី​ល្អិត ដែល​ប្រឈម​បំផុត​គឺ​នៅពេលដែល​ត្រី​នេះ ត្រូវ​ដល់​រដូវ​ពង​កូន ហើយ​ពពួក​ត្រី​នេះ នឹង​ហែល​ទៅ​តំបន់​ទំនាប​លិច​ទឹក តាម​ស្ទឹង ឬ​ព្រែ​កអី​ជាដើម ដែល​ខណៈនោះ ប្រជា​នេសាទ​បាន​ដាក់លូ​ស្បៃ​មុង នៅតាម​ផ្លូវ​ដែល​ត្រី​ប្រភេទ​នេះ​ធ្វើ​ចរាចរណ៍​ឡើងទៅ​ពង​កូន ម្យ៉ាងវិញទៀត នៅ​រដូវប្រាំង​ប្រភេទ​ត្រី​នេះ​ប្រឈម​នឹង​ការដាក់​សម្រាស់ គឺ​នៅពេលដែល​ទឹក​ស្រក គឺ​អ្នកនេសាទ​កៀ​មក​ទាំងអស់​តែម្តង និង​បញ្ហា​មួយទៀត​គឺ​ការ​លុប​បឹង​ជាដើម ព្រោះ​ត្រី​ប្រភេទ​នេះ​ចូលចិត្ត​ទឹក​ដែល​នៅ​នឹង ឬ​ហូរ​តិចៗ​ប៉ុណ្ណោះ ។​
ត្រី​ក្រុស​នៅ​ប្រទេស​កម្ពុជា​យើង មាន​០៤​ប្រភេទ គឺ​ទី​១ ត្រី​ក្រុស​មេម៉ាយ (Osteochilus vittatu) ទី​២ ត្រី​ក្រុស​ឆ្នូត (Osteochilus microcephalus) ទី​៣ ត្រី​ក្រុស ស​(Osteochilus lini) និង​ទី​៤ ត្រី​ក្រុស​ក្រហម (Osteochilus waandersii) ហើយ​ចំណីអាហារ​របស់​ពួកវា​មានដូចជា កម្ទេចកម្ទី ប្លង់តុង ប្លង់តុង​សត្វ រុក្ខជាតិ និង​ជន្លេន​ជាដើម​។​
ដើម្បី​ឱ្យមាន​និរន្តរភាព និង​លំនឹង នៃ​ការប្រើប្រាស់​ត្រី​ទៅ​ថ្ងៃ​អនាគត ដែលជា​ស្បៀង​មួយ​មិនអាច​ខ្វះ​បាន លោក ថាច់ ផា​ណា​រ៉ា បាន​សំណូមពរ ទី​១ សូមឱ្យ​ប្រជា​នេសាទ​ទាំងអស់ កុំ​ដាក់លូ​ស្បៃ​មុង​នៅ​រដូវ​ត្រី​ពង​កូន ចាប់ពី​ខែមិថុនា ដល់​ខែតុលា ដោយយោង​តាមច្បាប់​នៃ​រដ្ឋបាល​ជលផល ទី​២ សូមកុំ​ចាប់​ត្រី​មេ​ពូជ នៅ​តំបន់​អភិរក្ស ឬ​អាង​ទន្លេមេគង្គ ដែលមាន​អន្លង់​ជ្រៅៗ ទី​៣ សូមកុំ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូចជា​ឆក់ គ្រាប់បែក ស្បៃ​មុង ហើយ​ចំពោះ​ការប្រើប្រាស់​ស្បៃ​មុង​នេះ គឺ​ត្រូវ​អនុវត្តតាម​ការកំណត់​ក្រឡា​របស់​រដ្ឋ គឺ​មិនតូច​ពេក​ដែល​អាច​ជាប់​ដល់​ត្រី​តូចៗ​។​ល​។ ទី​៣ ក្រុម​អភិរក្ស​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​បន្ត​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដល់​សហគមន៍ ក៏ដូចជា​ប្រជា​នេសាទ អំពី​សារសំខាន់ នៃ​ការអភិរក្ស​ត្រី ក៏ដូចជា​ការដោះលែង​ត្រី​មេ​ពូជ​ឱ្យទៅ​ក្នុង​ធម្មជាតិ​វិញ​។ លោក​បាន​សង្កត់ធ្ងន់ថា បើ​ក្នុងករណី​យើង​ចាប់បាន​ត្រី​មេ​ពូជ​មួយ ហើយ​យើង​យកទៅ​ពិសា គឺ​បានតែ​មួយពេល ប៉ុន្តែ​ការធ្វើ​ដូច្នេះ គឺ​ស្មើនឹង​ការបំផ្លាញ​ទិន្នផល​ត្រី​ប្រមាណ​១០​ម៉ឺន​ក្បាល​នៅពេល​ខាងមុខ ទី​៤ គឺ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​សហការគ្នា ទាំង​ប្រជា​នេសាទ សហគមន៍​នេសាទ ក៏ដូចជា​អាជ្ញាធរ​ដែនដី និង​ពាក់ព័ន្ធ​ទាំងអស់ ព្រោះ​ការងារ​អភិរក្ស​ត្រី ត្រូវការ​ការចូលរួម ការយល់ដឹង​ពី​សារសំខាន់​នេះ​” ។​
លោក ថាច់ ផា​ណា​រ៉ា ក៏​សូម​ផ្តាំផ្ញើ​ដល់​ប្រជា​នេសាទ​ទាំងអស់ មិនថាតែ​ត្រី​មេ​ពូជ​នោះទេ ដែល​ត្រូវ​ដោះលែង​ទៅក្នុង​ធម្មជាតិ ប្រភេទ​ត្រី​កម្រ និង​ធំៗ​ជាច្រើន​ប្រភេទ​ទៀត ដូចជា​ត្រី​គល់រាំង ដែលជា​ត្រី​និម្មិត​រូប​នៃ​មច្ឆជាតិ ត្រី​រាជ ត្រី​ត្រសក់ ត្រី​បបែល​ទឹកសាប ។​ល​។ គឺ​បើ​ចាប់បាន សូម​ដោះលែង​ដោយ​ខ្លួនឯង ឬ​ទាក់ទង​មក​រដ្ឋបាល​ជលផល ឬ​អាជ្ញាធរ ពាក់ព័ន្ធ​ដើម្បី​ចូល​រួមការ​ព្រលែង​ត្រី​ទាំងអស់គ្នា​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង