ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រៀម​រៀបចំ​ក្រុម​ជម្រើសជាតិ​ពី​ឥលូវ ដោយ​បង្កើត​ក្លិប​ស្នូល​មួយ សម្រាប់​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣

82

 

(​ភ្នំពេញ​)៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បង្ហើប​ផែនការ​ត្រៀម​រៀបចំ​ក្រុម​ជម្រើសជាតិ​កម្ពុ​ជាមួយ តាមរយៈ​ការបង្កើត​ក្លិប​ស្នូល​មួយ សម្រាប់​ត្រៀម​ចូលរួម​លេង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា ពិសេស​ត្រៀម​បង្ហាញខ្លួន​លើ​ទីលាន​ក្នុង​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ ។​

​ការ​ថ្លែង​របស់​ប្រមុខ​បាល់ទាត់​កម្ពុជា​ខាងលើ បានធ្វើ​ឡើង​ក្នុង​មហាសន្និបាត​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លើក​ទី​១៤ ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​ហ្គា​ឌែ​ន ស៊ី​ធី​ភ្នំពេញ ដែលមាន​ការចូលរួម​ពី​សមាជិក​ប្រតិបត្តិ​សហព័ន្ធ ក្លិប និង​សមាគម មកពី ២៥​រាជធានី​-​ខេត្ត ។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មានប្រសាសន៍ថា «​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មាន​ផែនការ​មួយ គឺ​ការត្រៀម​រៀបចំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ពី​ឥលូវ​ទៅ សម្រាប់​ត្រៀម​លេង​ឆ្នាំ​២០២៣ នោះ​គឺ​ការបង្កើត​ក្លិប​បាល់ទាត់​មួយ ដែលជា​ក្លិប​ស្នូល ។ ក៏ប៉ុន្ដែ​សួរថា តើ​បង្កើត​ក្លិប​នេះ ត្រូវយក​កីឡា​ករពី​ណា​មក​? កីឡាករ គឺ​អត់​មាន​កីឡាករ​ណា ក្រៅពី​កីឡាករ ដែល​លេង​ឲ្យ​ក្លិប ដែល​សមាជិក​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នោះទេ​» ។​

​យ៉ាងណាមិញ​សហព័ន្ធ ក៏ត្រូវ​ស្វែងរក​គាំទ្រ​ពី​បណ្ដា​ក្លិប​ជា​សមាជិក​ផងដែរ តែបើ​មានការ​គាំទ្រ​ពី​មហាសន្និបាទ សហព័ន្ធ​នឹង​ចាប់ផ្ដើម​បេសកកម្ម​នេះ ដើម្បី​រៀបចំ​ក្រុម​ជម្រើសជាតិ​ខ្លាំង​មួយ សម្រាប់​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ។ លោក​សង្កត់ធ្ងន់ថា «​បើ​មានការ​គាំទ្រ​ពី​អង្គ​មហាសន្និបាទ​នេះ គឺ​យើង​មាន​ពេលវេលា ៦​ខែ ដើម្បី​រៀបចំ ហើយ​ការចាប់ផ្ដើម​នៅ​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ ក្រុម​ដែល​ត្រូវ​ត្រៀម​លេង​ឆ្នាំ​២០២៣ នៅលើ​ទីលាន​ក្នុងការ​ប្រកួត​លី​គ ជំនួស​ក្រុម​ដែលជា​មកពី​សាលា​បាល់ទាត់​ជាតិ​បាទី ដែល​កំពុង​លេង​សព្វថ្ងៃ​» ។​

​គួរ​បញ្ជាក់ថា ការ​បង្ហើប​ផែនការ​ថ្មី​នេះ ស្របពេល​លោក សៅ សុខា មើលឃើញ​ពី​ភាព​ក្មេងខ្ចី នៃ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា និង​មាន​បញ្ហា​ប្រឈម​មួយ គឺ​បញ្ហា​គុណភាព​កីឡាករ ដែលជា​ក្ដីកង្វល់​ក្នុង​ដំណើ​ឆ្ពោះទៅ​ប្រជែង​មេដាយ​ស៊ី​ហ្គេម ឆ្នាំ​២០២៣៕

អត្ថបទដែលជាប់ទាក់ទង