ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ​២០២២ កម្ពុជា​ នឹង​រៀបចំ​ការប្រកួត​ល្បុក្កតោ pre-sea games

84

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅថា​Camsoc និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ផង​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ ប្រភេទ​កីឡា​គុន​ល្បុក្កតោ​មាន​ការងារ​ច្រើនណាស់ ដែល​ត្រូវធ្វើ​បន្តទៀត ពីព្រោះ​គុន​ល្បុក្កតោ គឺជា​អត្តសញ្ញាណ​ជាតិ ព្រលឹង​ជាតិ​ទាំងមូល។
លោក​បាន​និយាយថា «​ក្នុង​ការដាក់​ប្រភេទ​កីឡា​ប្រពៃណីជាតិ​កម្ពុជា​ក្នុង​ស៊ី​ហ្គេម​២០២៣​នេះ មាន​ការ​លំបាក​បន្តិច ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​ប្រទេសមួយ​ចំនួន​ហ្វឹក​ហាត់គុន​ល្បុក្កតោ ទើប​យើង​អាច​រៀបចំ​ការប្រកួត​បា​ន​។ យើង​ត្រូវ​ទៅ​បង្រៀន​គេ​អំពី​ច្បាប់ បទបញ្ជា​ នៃ​ការប្រកួត ដើម្បី​ឲ្យ​គេ​ចេះ​ពី​បច្ចេកទេស ក្នុងការ​ប្រកួតប្រជែង​ជាមួយ​យើង។ ចាប់ពីពេលនេះ​តទៅ យើង​ត្រូវ​ត្រៀម​រៀបចំ​បទ​បញ្ជា​ការប្រកួត​ក្នុង​កម្រិត​អន្តរជាតិ ដោយ​ពិនិត្យ​លើ​គោលការណ៍​លើ​ប្រភេទ​កីឡា​ប្រយុទ្ធ​មួយចំនួន​របស់​អន្តរជាតិ ក៏ដូចជា​គោលការណ៍ ​នៃ​ការប្រកួត​ស៊ី​ហ្គេម​»​។​
​ លោក​អគ្គ​លេខា​Camsoc បន្ថែមទៀតថា នៅ​ឆ្នាំ​២០២២ កម្ពុជា​នឹង​រៀបចំ​ការប្រកួត Pre-SEA Games (​មុន​ការប្រកួត​ផ្លូវការ​) ដែល​ឲ្យ​តែ​ប្រភេទ​កីឡា​ថ្មី ត្រូវ​រៀបចំ​ការប្រកួត Pre-SEA Gam es នេះ ដែលជា​គោលការណ៍​រប​ស់​ស៊ី​ហ្គេម។ អ្វី​ដែលជា​កង្វល់​របស់​យើង​បច្ចុប្បន្ន គឺ​គុណភាព​កីឡាករ កីឡាការិនី​របស់​យើង ដែល​យើង​គឺជា​ម្ចាស់ផ្ទះ និង​ជា​ម្ចាស់​ក្បាច់គុន គឺ​យើង​ត្រូវតែ​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំង​កាយ​ចិត្ត ឆន្ទៈ​ដ៏​មោះមុត ជាពិសេស​គឺ​សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី​សម្រួច​គោលដៅ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ដណ្ដើម​មេដាយ​ជូន​ជាតិ ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​
​ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ឲ្យ​ដឹង​អំពី​ការ​ស្នើសុំ​ការឧបត្ថម្ភ​លើ​ការរៀបចំ​កិច្ចប្រជុំ​ក្នុង​កម្រិត​អាស៊ីអាគ្នេយ៍ ដើម្បី​រៀន​សូត្រ​ពីគ្នា​ផង ការ​ប្រកួត​ប្រជែង​ និង​ផ្សព្វផ្សាយ​ផង ពី​ប្រភេទ​កីឡា​គុន​ល្បុក្កតោ​របស់​កម្ពុជា​យើង​ទៅកាន់​ប្រទេស​មួយចំនួន​នៅ​ក្នុង​អាស៊ីអាគ្នេយ៍ ដែល​ទទួលយក​ការហ្វឹកហាត់​គុន​ល្បុក្កតោ ដូចជា​ប្រទេស​វៀតណាម ហ្វីលី​ពីន ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា​ជាដើម ដែល​យល់ព្រម​ជួយ​ដល់​គុន​ល្បុក្កតោ ក្នុង​ការរៀបចំ​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​
​ សូម​បញ្ជាក់​ថា ជា​ចក្ខុវិស័យ និង​គោលការណ៍រួមរបស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គឺ​រួមគ្នា​អភិរក្ស និង​អភិវឌ្ឍ​គុន​ល្បុក្កតោ ដែល​ជា​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ វប្បធម៌​ជាតិ ព្រលឹង​ជាតិ និង​ក៏​ជា​កីឡា​អត្តសញ្ញាណ​ជាតិ​ផង​ដែរ។ នេះ​ជា​ការ​លើកឡើង​របស់ លោក​បណ្ឌិត​ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា កាលពីពេល​ថ្មីៗ​កន្លងមកនេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​និង​ទិសដៅ​អនុវត្ត​បន្ត​ក្នុង​ឆ្នាំ​២០២០​។​ លោក​បាន​មានប្រសាសន៍​ដោយ​ស្នើសុំ​ការយោគយល់​ពី​ព្រឹទ្ធាចារ្យ និង​លោកគ្រូ អ្នកគ្រូ សិស្ស​គុន​ល្បុក្កតោ​ទាំងអស់​ឲ្យ​យក​ស្មារតី​ជាតិ ស្មារតី​ព្រលឹង​ដូនតា​មក​តម្កល់​ឲ្យ​ខ្ពស់ បង្រួបបង្រួម​គ្រួសារ​គុន​ល្បុក្កតោ​ឲ្យ​មានការ​ឯកភាព​ជា​ធ្លុង​មួយ ក្នុង​ការ​ពង្រឹង​ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង ចាប់ពីពេលនេះ​តទៅ ដើម្បី​ជោគជ័យ ​នៃ​គុន​ល្បុក្កតោ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ SEA Games ឆ្នាំ​២០២៣៕

 

អត្ថបទដែលជាប់ទាក់ទង