ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លីគទី២របស់កម្ពុជា គ្រោងនឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ

83

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ (Cambodian Second League) ទំនងជាចាប់ផ្ដើមប្រកួតឡើងវិញនៅចុងឆ្នាំ២០២០ នេះ។
យោងតាមលិខិតជូនដំណឹងស្ដីពីការប្រកួតបាល់ទាត់សម្រាប់ឆ្នាំ២០២០ដែលក្នុងនោះមានព្រឹត្តិការណ៍សំខាន់ៗចំនួន៦ដែលរួមមានលីគលំដាប់ទី២កម្ពុជាផងនោះការដាក់ឲ្យដាក់ពាក្យចូលរួមប្រកួត នឹងចាប់ទទួលចាប់ពីថ្ងៃជូនដំណឹងតទៅ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ខណៈជុំវិញកាលបរិច្ឆេទប្រកួត គឺគេគ្រោងនឹងធ្វើពីថ្ងៃទី០៣ ខែតុលា រហូតដល់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០២០ខណៈចំនួនក្រុមគឺអាស្រ័យទៅតាមចំនួនក្រុមដែលបានដាក់ពាក្យចូលរួមគ្រប់លក្ខខណ្ឌ។
ក្រៅតែពីពានរង្វាន់លីគទី២ព្រឹត្តិការណ៍បាល់ទាត់ចំនួន៥ផ្សេងទៀតក៏ត្រូវបានដាក់ឲ្យចាប់ផ្ដើមដាក់ពាក្យចូលរួមប្រកួតដូចគ្នាផងដែរ រួមមានពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០២០ គ្រោងចាប់ផ្ដើមពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១, ជម្រើសជើងឯកបាល់ទាត់នារី (លីគ) គ្រោងចាប់ផ្ដើមពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១, ជម្រើសបាល់ទាត់នារី អាយុក្រោម ១៥ឆ្នាំ គ្រោងចាប់ផ្ដើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ និងពានរង្វាន់បាល់ទាត់យុវជន ២ប្រភេទអាយុផ្សេងទៀត (អាយុក្រោម ១៥ឆ្នាំ និង ១៨ឆ្នាំ) គ្រោងចាប់ផ្ដើមពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។
សូមបញ្ជាក់ថា លីគលំដាប់ទី២ កម្ពុជា បានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន៩ក្រុមចូលរួមប្រកួតជើងឯកគឺបានទៅក្លិបគីរីវង់សុខសែនជ័យខណៈនៅរដូវកាលទី២ ឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួត និងជើងឯកគឺបានទៅក្លិបវិសាខា ដោយឡែកនៅរដូវកាល២០១៨, ២០១៩ ខកខានមិនអាចរៀបចំដំណើរការទៅបាន៕

អត្ថបទដែលជាប់ទាក់ទង