ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទ​ការដ្ឋាន​អគារ​ខុន​ដូ​៩៩៩ ក្រោយ​ធ្លាក់​ដែក​ចំ​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ​

74

 

​ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង សម្រេច​បិទ​ការដ្ឋាន​អគារ​ខុន​ដូ​៩៩៩ ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង ឃាត់ខ្លួន​វិស្វករ​ម្នាក់​និង​អ្នកគ្រប់គ្រង​សំណង់​ម្នាក់ ក្រោយ​មាន​ករណី​ធ្លាក់​ដែក​ចំ​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ ។​

​ហេតុការណ៍​នេះ កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ​នេះ នៅ​ចំណុច​ការដ្ឋាន​សំណង់​ខុន​ដូរ​៩៩៩ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង ។​

​របាយការណ៍​ពី​អាជ្ញាធរ ទើប​ទទួលបាន​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ នេះ បង្ហាញថា ជនសង្ស័យ​ទាំង​២​នាក់ រួមមាន ៖
១. ឈ្មោះ ម៉ី​ម៉ា រ៉ា​ឌី ភេទ ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​លេខ ៨C ផ្លូវលំ ភូមិ​គោ​ឃ្លាង សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ , មុខរបរ​: វិស្វករ​សំណង់ ( អ្នកគ្រប់គ្រង ) ។​
២- ឈ្មោះ អ៊ុង សាវឿន ភេទ ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ , មុខរបរ​: មេការ ( អ្នកគ្រប់គ្រង ) ។​

​ចំណែក​ជនរងគ្រោះ​មាន ឈិ​ត សុភាព ភេទ​ប្រុស អាយុ​៦១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​២៣F ផ្លូវជាតិ​លេខ​២ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​: អនុប្រធាន​ភូមិ​ទួល​រកា​១​។​

​វត្ថុតាង​ចាប់យក ដែក​ទីប​ជ្រុង​ចំនួន ១​ដើម ប្រវែង ២,៨០​ម៉ែត្រ , ម៉ូតូ ០១​គ្រឿង​ម៉ាក អ៊ែរ​ប្លែក ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ពាក់​ស្លាក់​លេខ 1 AP -3136 ( របស់​ជនរងគ្រោះ ) , មួកសុវត្ថិភាព​ចំនួន ០១ ( របស់​ជនរងគ្រោះ ) , ពូក ពណ៌​ទឹកក្រូច ចំនួន​០១ ( របស់​ជនរងគ្រោះ​) ។​

​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ម៉ាក អ៊ែរ​ប្លេ​ក ពណ៍​ខ្មៅ ខ្មៅ​លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1 AP -3136 ដឹក​ពូក​ចេញ ម្ដុំ​ចំការ​ដូង គោលបំណង​យកទៅ​ឲ្យ​គេ នៅ​ម្ដុំ​អង់​តែ​ន​ទួលគោក ពេល​ជនរងគ្រោះ ជិះ​ម៉ូតូ​មកដល់ កន្លែងកើតហេតុ​ខាងលើ ក៏​ស្រាប់​តែមាន​ខ្យល់​បក់​ខ្លាំង ក៏មាន​ធ្លាក់​ដែក​ទីប​ជ្រុង​ចំនួន ០១ ដើម ប្រវែង ២,៨០​ម៉ែត្រ ធ្លាក់​ពីលើ ជាន់​ទី​១៩ អាគារ​ខុន​ដូរ​យីហោ ៩៩៩ ដែល​កំពុង​សាងសង់​មាន​កំពស់ ២២ ជាន់ ធ្លាក់​ត្រូវចំ​ក្បាល​ជនរងគ្រោះ ដែលមាន​សុវត្ថិភាព កំពុង​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​ជនរងគ្រោះ បែក​មួកសុវត្ថិភាព និង​ក្បាល​ហូរឈាម​ផ្នែក​ខាងស្ដាំ ភ្លាមនោះ​ជនរងគ្រោះ​ត្រូវបាន​យកទៅ សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត បង្ក​ការភ្ញាក់ផ្អើល ខណ​:​នោះ​សមត្ថកិច្ច​ល្បាត​ទៅដល់ បាន​ឃាត់​ជនសង្ស័យ ដែលជា​អ្នកគ្រប់គ្រង ការដ្ឋាន​សំណង់​ខាងលើ ដើម្បី​ធ្វើការ​សាកសួរ នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ទំនប់ទឹក​តែម្ដង ។​

​បច្ចុប្បន្ន ជនសង្ស័យ រួម​និង​វត្ថុតាង ត្រូវបាន​ឃាត់​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​ធ្វើការ​សាកសួរ​បន្ដ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​សូមបញ្ជាក់ថា ភ្លាមៗ​បន្ទាប់ពី​មាន​ករណីនេះ​កើតឡើង គេ​សង្កេតឃើញ​មាន​វត្តមាន​របស់លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ ចុះ​ពិនិត្យ​ជាក់ស្តែង ។ ជា​លទ្ធផល​ទីតាំង​សំណង់​ខុន​ដូ​៩៩៩ នេះ គឺ គ្មាន​លិខិតអនុញ្ញាត​សាងសង់​នោះទេ ជា​របស់​ឈ្មោះ ទាវ ធីតា ហើយ​ការធ្លាក់​ដែក​ត្រូវចំ​អ្នកដំណើរ​នេះ គឺ គ្មាន​កម្មករ គ្មាន​ជាង​នៅ​ធ្វើការ​នោះទេ ។​

​ដូច្នេះហើយ លោក មាន ចាន់​យ៉ា​ដា បានសម្រេច​ធ្វើការ​បិទ​ការដ្ឋាន​សំណង់​នេះ ទាំងស្រុង និង ហាម​ដាច់ខាត​មិន​ឲ្យ​មាន​កម្មករ​ស្នាក់​នៅក្នុង​ការដ្ឋាន នោះទេ រង់ចាំ​មាន​លិខិតអនុញ្ញាត​ទើប​អាច​បន្ត​សាងសង់​បាន ៕​

អត្ថបទដែលជាប់ទាក់ទង