ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃគ្រោងនឹង យកសង្កាត់ចំនួន១០នៅក្នុងរាជធានីភ្នំពេញ ដើម្បីផ្ដល់លើសេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋសាកល្បង

79

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានសម្រេចរួចហើយ ថា នឹងបង្កើតច្រកចេញ ចូលតែមួយ ក្នុងការផ្ដល់នូវសេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋចំនួន១០សង្កាត់នៅរាជធានីភ្នំពេញ ហើយបើការងារនេះទទួលបានជោគជ័យនិងមានការគាំទ្រពីប្រជាពលរដ្ឋ ក្រសួង មហាផ្ទៃនិងពង្រីកសេវាកម្មនេះឱ្យបានទូទាំងរាជធានីនិងទូទាំងប្រទេសតែម្ដង។
នេះបើតាមការបញ្ជាក់របស់ លោកនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំស្ដីពីការរៀបចំអនុវត្តន៍យន្តការច្រកចេញ-ចូលតែមួយ ចំពោះការផ្ដល់សេវាផ្នែកអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ០៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ។
លោកនាយឧត្តមសេនីយ៍ កង សុខន បានមានប្រសាសន៍បញ្ជាក់ថា គោលបំណងដែលរៀបចំឲ្យមានកិច្ចប្រជុំនេះឡើង គឺដើម្បីពង្រីកយន្តការច្រកចេញ ចូលតែមួយនៅថ្នាក់មូលដ្ឋានលើសេវាកម្មផ្ដល់អត្តសញ្ញាណកម្មចំនួន១០សង្កាត់ នៅក្នុងរាជធានីភ្នំពេញ ហើយក្នុង១០សង្កាត់នោះ យើងគ្រោង
ជ្រើសរើសយកសង្កាត់ចំនួន៥ ដែលមានប្រជាពលរដ្ឋ រស់នៅច្រើន និង៥សង្កាត់ទៀតជាសង្កាត់ ដែលមានមន្ត្រីរាជការរស់នៅច្រើន ។ ចំពោះសេវាដែលយើងត្រូវផ្ដល់ជូនប្រជាពលរដ្ឋនោះ មានចំនួន ៥សេវា ក្នុងនោះរួមមាន សេវាកម្មចុះបញ្ជីចម្លងសំបុត្រអត្រានុកូលដ្ឋាន សេវានៃការផ្ដល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើអត្តសញ្ញាណប័ណ្ណនិងសេវាផ្តល់លិខិតបញ្ជាក់លំនៅដ្ឋានបណ្ដោះអាសន្នជាដើម។
លោកក៏បានបញ្ជាក់ផងដែរថា មុននៃការអនុវត្តនូវគម្រោងនេះ ក្រសួងមហាផ្ទៃ បានធ្វើកិច្ចការនេះរួចហើយ នៅសង្កាត់ចំនួន១០នៅក្នុងខេត្តកែបនិងខេត្តកំពត ហើយនៅពេលនេះយើងបានសម្រេច
បន្តពង្រីកនូវយន្តការនេះនៅរាជធានីភ្នំពេញបន្តទៀតគឺគោលបំណង ចង់បង្ខិតសេវានេះឲ្យកាន់តែកៀកកិត
ជាមួយនឹងប្រជាពលរដ្ឋ ។
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា
ជាគោលការណ៍ កិច្ចការអត្តសញ្ញាណកម្មត្រូវបានបញ្ចូលជាការងារសំខាន់ ។ប៉ុន្តែការងារទាំងនេះនៅមិនទាន់បានដាក់បញ្ចូលទៅក្នុងសេវាកម្មដែលត្រូវបានបម្រើជូនប្រជាពលរដ្ឋតាមរយៈច្រកចេញចូលតែមួយថ្នាក់រាជធានីឬការិយាល័យច្រកចេញចូលតែមួយថ្នាក់ខណ្ឌនិងយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលសង្កាត់ក្នុងរាជធានីភ្នំពេញនៅឡើយទេ។ ដូច្នេះតាមរយៈកិច្ចប្រជុំនេះ ប្រសិនបើកិច្ចការអត្តសញ្ញាណកម្មត្រូវបានថ្នាក់ជាតិបង្ខិតសេវាឱ្យនៅកៀកជិតប្រជាពលរដ្ឋស្ថិតក្រោមសមត្ថកិច្ចរបស់សង្កាត់ក្នុងរាជធានី លោកយល់ថា វាជាចំណុចវិជ្ជមានស្របតាមគោលនយោបាយ កែទម្រង់រដ្ឋបាលសាធារណៈនិងកែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការ ព្រោះថា ច្រកចេញចូលតែមួយគឺជាការប្រមូលផ្ដុំសេវានៅនឹងកន្លែងតែមួយនឹងត្រូវផ្ដល់ជូនប្រកបដោយប្រសិទ្ធភាពតម្លាភាពឆាប់រហ័សនិងបង់ថ្លៃសេវាទៅតាមការកំណត់ដោយក្រសួងស្ថាប័នថ្នាក់ជាតិ៕

 

អត្ថបទដែលជាប់ទាក់ទង