ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆាបឆេះសន្ធោសន្ធៅនៅកំពង់ផែក្រុងបេរូតនៃប្រទេសលីបង់, ជាងមួយខែបន្ទាប់ពីមានហេតុការណ៍ផ្ទុះដ៏កក្រើក

69

មូលហេតុនៅពីក្រោយអគ្គីភ័យ ដែលបានបង្កភាពភ្ញាក់ផ្អើលជាថ្មីម្តងទៀតនេះនៅទីក្រុងបេរូត មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។ ប៉ុន្តែបើតាមប្រភពពីយោធាលីបង់ ដែលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បានឲ្យដឹងថា អគ្គីភ័យនេះបានចាប់ផ្តើមឆាបឆេះចេញពីឃ្លាំងស្តុកទំនិញមួយកន្លែង ដែលប្រេងនិងសំបកកង់រថយន្ត ត្រូវបានគេរក្សាទុកនៅក្នុងផ្សារមិនគិតពន្ធ របស់កំពង់ផែក្រុងបេរូត។ យ៉ាងណាមិញ ហាក់ពុំមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់ នៅក្នុងគ្រោះអគ្គីភ័យនេះឡើយ។

រូបភាពវីដេអូ ដែលបានថតនៅកន្លែងកើតហេតុ បានបង្ហាញពីឃ្លាំងផ្ទុកមួយ កំពុងហ៊ុមព័ទ្ធជុំជិតដោយអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ខណៈផ្សែងខ្មៅខ្មួលខ្មាញ់ហុយឡើងពេញពាសផ្ទៃមេឃ។ អ្នករស់នៅទីក្រុងបេរូតជាច្រើននាក់ បានចែករំលែករូបភាពនិងឃ្លីបវីដេអូអំពីហេតុការណ៍នេះ នៅលើបញ្តាញសង្គម ដោយបានសម្តែងពីការខកចិត្តជាខ្លាំង ចំពោះការដែលគ្រោះមហន្តរាយមួយរំលងផុតទៅមិនទាន់បានប៉ុន្មានផង គ្រោះមហន្តរាយមួយទៀតស្រដៀងគ្នានេះ ស្រាប់តែបានកើតឡើង។

គួរជម្រាបថា ប្រទេសលីបង់ដែលកំពុងជួបវិបត្តិនយោបាយ និងសេដ្ឋកិច្ចស្រាប់ទៅហើយនោះ បានជួបប្រទះករណីផ្ទុះដ៏កក្រើក នៅឯកំពង់ផែក្រុងបេរូត កាលពីថ្ងៃទី០៤ ខែសីហាកន្លងទៅ។ ក្នុងហេតុការណ៍នោះ មានមនុស្សយ៉ាងតិច ២០០នាក់បានស្លាប់ និងជាង ៦,០០០នាក់រងរបួស ខណៈមនុស្សដល់ទៅជាង ៣០០,០០០នាក់បាត់បង់ផ្ទះសម្បែង៕

អត្ថបទដែលជាប់ទាក់ទង