ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនពិតជាដើរតួនាទីសំខាន់ ជាកម្លាំងចលករ ជំរុញឱ្យមានការប្រែក្លាយ ពីចំណេះដឹងអំពីបរិស្ថាន

56

ភ្នំពេញ៖
«យុវជនពិតជាដើរតួនាទីសំខាន់ជាកម្លាំងចលករជំរុញឱ្យមានការប្រែក្លាយពីចំណេះដឹងអំពីបរិស្ថានដែលប្រជាពលរដ្ឋ មានទៅជាប្រតិបត្តិមេត្រីភាពបរិស្ថានដើម្បីធ្វើឱ្យកម្ពុជាបៃតង មានបរិស្ថានស្អាតមានផាសុកភាព និងសោភ័ណភាពសម្រាប់ការរស់នៅរបស់ពលរដ្ឋខ្មែរ និងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងបន្ថែមទៀត»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះក្នុងឱកាសឯកឧត្តមចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាបញ្រ្ជាបលិខិតបទដ្ឋានគតិយុត្តមេត្រីភាពបរិស្ថាន​ និងកម្មវិធីផ្តល់បណ្ណសរសេីរមេត្រីភាពបរិស្ថាន​ ជូនដល់ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុុជារាជធានីភ្នំពេញ​ និងមន្ទីរពាក់ព័ន្ធ​ ដែលមានចូលរួមអប់រំ​ ផ្សព្វផ្សាយអនាម័យបរិស្ថាន​ និងការគ្រប់គ្រងសំរាមនៅឱកាសបុណ្យអ៊ុំទូក​ បណ្តែតប្រទីប​ អកអំបុក​ និងសំពះព្រះខែឆ្នាំកន្លងទៅ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថាការផ្តល់បណ្ណសរសើរមេត្រីបរិស្ថាននេះ គឺជាការថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តទាំងឡាយ ដែលតែងតែបានចូលរួមសកម្មភាពសម្អាតអនាម័យ បរិស្ថាននៅរាជធានីភ្នំពេញ ក្នុងពិធីបុណ្យជាតិធំៗដូចជាពិធីបុណ្យអ៊ុំទូកជាដើម និងក៏ជាការទទួលស្គាល់ចំពោះស្មារតីនៃការទទួលខុសត្រូវ ក្នុងនាមជាប្រជាពលរដ្ឋដែលបានលះបង់ពេលវេលា កម្លាំង
កាយកម្លាំងចិត្តចូលរួមសម្អាតអនាម័យបរិស្ថាន និងចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អប្រសើរ។ ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា សកម្មភាពដែលក្រុមយុវជន ស្ថាប័ននិងអង្គភាពផ្សេងៗបានរួមគ្នា សម្អាតអនាម័យបរិស្ថាន នៅក្នុងពិធីបុណ្យជាតិធំៗគឺជាការចូលរួមអប់រំនិងផ្សព្វផ្សាយ បណ្តុះស្មារតី ប្រជាពលរដ្ឋឱ្យកាន់តែស្រឡាញ់បរិស្ថាន និងចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា។

«ក្រសួងបរិស្ថានតែងតែលើកទឹកចិត្តនិងផ្តល់នូវសេចក្តីគោរពសរសើរចំពោះរូបវន្តបុគ្គលនិងនីតិបុគ្គលទាំងឡាយដែលបានប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អប្រសើរ និងសូមលើកទឹកចិត្តដល់ប្រជា ពលរដ្ឋដទៃទៀត សូមចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានពោលគឺចូលរួមសម្អាតអនាម័យបរិស្ថាន ទុក ដាក់វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ»។ ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់យ៉ាងដូច្នេះ មុននឹងបន្ថែមថាពល រដ្ឋគ្រប់រូបមានភារកិច្ចចូលរួមសម្អាតបរិស្ថានជុំវិញខ្លួន និងចូលរួមថែរក្សាធនធានធម្មជាតិដែលមាន ហើយការលើកទឹកចិត្តចំពោះអ្នកដែលបានប្រតិបត្តិមេត្រីភាពបរិស្ថានល្អគឺជាភាពចាំបាច់ដើម្បីជំរុញ បំផុសស្មារតីស្រឡាញ់បរិស្ថានឱ្យកាន់តែច្រើនទៀតនៅក្នុងចំណោមប្រជាពលរដ្ឋ។

បើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងរយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ ប្រជាពលរដ្ឋមានការយល់ដឹងច្រើនលើបញ្ហាបរិស្ថាន ប៉ុន្តែការចូលរួមនៅមានកម្រិតនៅឡើយ ហើយមានភាពចាំបាច់ណាស់ក្នុងការជំរុញការប្រែក្លាយពីការយល់ដឹងទៅជាប្រតិបត្តិមេត្រីភាពបរិស្ថានឱ្យកាន់តែច្រើនឡើង។ ឯកឧត្តមបានមានប្រសាសន៍ថា កម្ពុជាសម្បូណ៌ដោយបេតិកភណ្ឌវប្បធម៌ ធម្មជាតិ មានរមណីយដ្ឋានទេសចរណ៍ជាច្រើនដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរ ជាតិឱ្យមកទស្សនាហើយបរិស្ថានស្ថាន ទេសភាពល្អស្អាតមិនបំពុលដោយសំណល់សំរាម សំណល់ ប្លាស្ទិក និងបរិស្ថានកខ្វក់ នឹងកាន់តែទាក់ទាញភ្ញៀវទេសចរថែមទៀត។ ដូច្នេះចាំបាច់ដែលយើងទាំងអស់គ្នាត្រូវចូលរួមសម្អាតអនាម័យបរិស្ថានប្រចាំ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យកសាងកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសដែលមានចំណូខ្ពស់នៅឆ្នាំ ២០៥០ ក្នុងចក្ចុវិស័យបរិស្ថាន គឺកម្ពុជា ឆ្នាំ២០៥០ គុណភាពបរិស្ថាន និងនិរនត្តរភាពបរិស្ថានត្រូវបានធានា ហើយប្រជាពលរដ្ឋនឹងមាន ចំណេះដឹងខ្ពស់និងចូលរួមកាន់តែសកម្មក្នុងបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិស្របទៅតាមការ វិវឌ្ឍរបស់ប្រទេសនិងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង