ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណៈទឹកជន់លិចដាច់ផ្លូវ ទៅសង្កាត់ពន្សាំង មន្ត្រីសាលាខណ្ឌព្រែកព្នៅ និងសង្កាត់ បានសម្រេចដាក់លូរំដោះទឹកក្នុងភូមិចុងថ្នល់

62

ភ្នំពេញ៖ លោកសុខ សម្បត្តិ អភិបាលខណ្ឌ ព្រែកព្នៅ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីសាលាខណ្ឌ និងសង្កាត់ ចុះត្រួតពិនិត្យផ្លូវនិងការដាក់លូ រំដោះទឹក ដែលកំពុងជន់លិចចំណុចផ្លូវវៀងស្ពានដែលកំពុងសាងសង់ជាប់ព្រំប្រទល់និងខណ្ឌកំបូល ស្ថិតក្នុងភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងការចុះពិនិត្យនេះ លោកសុខ សម្បតិ បាននែនាំទៅដល់ចៅសង្កាត់ពន្សាំងត្រូវពិនិត្យនិងតាមដានទឹកនៅក្នុងភូមិសាស្ត្រ របស់ខ្លួនឲ្យបានជាប់ជាប្រចាំនៅតំបន់ណា ដែលជន់លិច ដោយសារពុំមានលូបង្ហូ ចំពោះមុខនេះត្រូវកាយប្រឡាយទៅកាន់ប្រឡាយមេដើម្បីរំដោះទឹកចេញពិសេសគឺផ្លូវដែលទទួលរងនូវការលិចទឹក បើរំដោះទឹកបានគឺត្រូវរំដោះទឹកចេញជាបន្ទាន់ព្រោះបើទុកទឹកឲ្យនៅលិចយូវានឹងអាចធ្វើឲ្យខូចផ្លូវថែមទៀតផង។
ជាងនេះទៅទៀតលោកក៍បាន នែនាំឲ្យក្រុមហ៊ុនដែលម៉ៅការធ្វើស្ពាននៅភូមិចុងថ្នាល់ ត្រូវដាក់លូមុខ១ម៉ែត្រឲ្យបាន២កង់ ហើយត្រូវកាយផ្លូវទឹកឲ្យបានហូខ្លាំង ដើម្បីកុំឲ្យស្ទះទឹកនៅខាងលើ ព្រោះថាទឹកភ្លៀងមិនទាន់បានបញ្ចប់នៅឡើយទេ ដូចនេះប្រជាពលរដ្ឋនៅតំបន់នេះ និងទទួលរងនូវការលិចលង់បើយើងមិនបានការពារទំនប់នេះឲ្យបានរឹងមាំទេនិងបង្ហូទឹកឲ្យបានលឿនទេនោះ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ និងក្រុមការងារក៍បានទៅពិនិត្យមើលស្រៈរណ្តៅតាកៅ ដែលដាក់លូមួយកង់ទឹកហូមិនទាន់ ហើយលោកបានហៅមេការស្រៈរណ្តៅនោះមកធ្វើការនែនាំឲ្យដាក់លូបន្ថែម១កង់ទៀត ដើម្បីបង្ហូទឹកឲ្យបានលឿនកុំឲ្យចាល់ទឹកនៅក្នុងភូមិខាងលើៗពិសេសគឺភូមិចុងថ្នល់តែម្តង។
លោកបញ្ជាក់ថា បើយើងមិនការពារដូចនេះទេការជន់លិចវានឹងធ្វើឲ្យខូចថ្នល់ផង និងខាតបង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើនថែមទៀតផងដែរ។ ព្រោះកន្លងមកពេលធ្លាក់ភ្លៀងម្តងៗ ទឹកដក់ពេញផ្លូវ លិចលង់លំនៅឋាន ដោយសារតែគ្មានប្រព័ន្ធលូគ្រប់គ្រាន់ ហើយធ្វើឲ្យប្រជាពលរដ្ឋពិបាកប្រកបអាជីវកម្មឆ្លងកាត់ និងធ្វើដំណើរចេញចូលលំនៅឋានផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង