អនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ព្រមទាំងការហាត់ប្រាណ និងលេងកីឡា
ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្ដីជូនដំណឹង ស្ដីពី ការ អនុញ្ញាតឱ្យដំណើរការគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ព្រមទាំងការហាត់ប្រាណ និងលេង កីឡានៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ។
ក្រោយពីព្រឹត្តិការណ៍ ០៣ វិច្ឆិកា ត្រូវបិទបញ្ចប់ ក្រសួងអប់រំ យុវជន និងកីឡាសម្រេចអនុញ្ញាតឱ្យ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ក្រសួងនៅរក្សាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០។ ចំពោះគ្រឹះស្ថានសិក្សាឯកជន សំដៅលើគ្រឹះស្ថានសិក្សាឯកជន ដែលទទួលបានការអនុញ្ញាត ឱ្យ ដំណើរការឡើងវិញក្នុងដំណាក់កាលទី១ និងទី២ ។ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ត្រូវ បន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់ គ្រឹះស្ថានសិក្សា ។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឱ្យមានការហាត់ប្រាណ លេងកីឡា និង ការចេញចូលបរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយបន្តអនុវត្តនូវ វិធានសុវត្ថិភាពសុខភាព និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងខេត្ត កណ្តាល គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាគ្រប់កម្រិត បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល កីឡាករ និងសាធារណជន ជ្រាប និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕