ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកភូមិទួលរកា១ នឹងលែងមានទឹកលិចផ្លូវ លិចផ្ទះទៀតហើយ

95

 

ភ្នំពេញ ៖ នៅក្នុងពិធីបើកការដ្ឋានគម្រោងដាក់លូ ២ខ្សែ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាល ខណ្ឌមានជ័យ បានថ្លែងនៅចំពោះប្រជាពលរដ្ឋថា ចាប់ពីថ្ងៃតទៅ ទឹកលិចផ្លូវ លិចផ្ទះ លែងមានទៀតហើយ ដោយសារប្រព័ន្ធលូរំដោះទឹក២ខ្សែ បាននិងកំពុងតែស្ថាបនានៅតាមផ្លូវលេខ៩ ក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ដែលតែងតែលិចផ្លូវ លិចផ្ទះ រៀងរាល់ឆ្នាំ ដោយទឹកភ្លៀង ព្រោះថា ពីមុនប្រព័ន្ធលូតូច និងគ្មានបណ្តាញលូហូចេញ ។

លោកអភិបាលខណ្ឌ បញ្ជាក់ថា ដោយមើលឃើញផលវិបាកនេះ ដើម្បីរំដោះទឹកនៅតំបន់នេះ ទើបអភិបាលរាជធានី ទម្លាក់ថវិកាដល់រដ្ឋបាលខណ្ឌមានជ័យ អោយដាក់គ្រឿងចក្រចុះស្ថាបនាប្រព័ន្ឋលូមេភ្លាមៗ ដើម្បីរំដោះទឹកជូនដល់ប្រជាពលរដ្ឋ តាមផ្លូវលេខ៩ ភូមិទួលរកានេះ ។

លោក ឡាយ ជ ប្រធានការិយាល័យជំនាញ បានបញ្ជាក់ថា ប្រព័ន្ធលូ ២ខ្សែ ប្រវែងជាង៤៦៦ម៉ែត្រ ទំហំមុខកាត់ ៦តឹក ដែលនឹងត្រូវស្ថាបនានាពេលនេះ ដោយតភ្ជាប់ពីផ្លូវលេខ៩ ចាក់ចូលប្រព័ន្ឋលូមេ របស់សាលាសង្កាត់ ហើយភ្ជាប់តទៅប្រព័ន្ឋលូមរបស់បុរីប៉េងហួត ចាក់ចូលប្រឡាយអភិវឌ្ឍបឹងទំពុន ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌផ្តាំផ្ញើដល់ចៅសង្កាត់ និងក្រុមហ៊ុនថា មុនពេលចាប់ផ្តើមអនុវត្តគម្រោង អស់លោកត្រូវជូនដំណឹង និងសូមការអធ្យាស្រ័យពីប្រជាពលរដ្ឋដែលនៅតាមបណ្តោយទីតាំងស្ថាបនាការដាក់ប្រព័ន្ធលូ ជួសជុលលូ ជួសជុលផ្លូវ និងស្ថាបនាផ្លូវ មិនត្រូវធ្វើអ្វីអោយប៉ះពាល់ដល់ប្រជាពលរដ្ឋជាដាច់ខាត បើប៉ះពាល់នៅកន្លែងណាត្រូវចុះទៅសំពះសុំការយោគយល់ពីប្រជាពលរដ្ឋ ។

លោកអភិបាលខណ្ឌ បានថ្លែងទៀតថាសូមបងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តោយទីតាំងកំពុងស្ថាបនាត្រូវចូលរួមពិនិត្យមើលទាំងអស់គ្នា ជាមួយមន្ត្រីជំនាញដើម្បីតាមដាននូវរាល់សកម្មភាពរបស់ក្រុមហ៊ុនដែលទទួលបានសិទ្ធក្នុងការស្ថាបនាប្រព័ន្ធលូ និងផ្លូវ ព្រោះសមិទ្ធិផលទាំងអស់ នេះគឺជារបស់យើងទាំងអស់គ្នា ជារបស់រួម ទុកសម្រាប់ប្រើប្រាស់រយៈពេលយូរអង្វែង ។

ក្នុងពេលចុះពិនិត្យការដាក់ប្រព័ន្ឋលូនេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានដោះស្រាយនូវមន្ទិលសង្ស័យជូនអ្នកភូមិថា មិនមានការយកលុយកាក់ពីប្រជាពលរដ្ឋ ដូចពួកធ្លាប់បានព្រួយបារម្ភនោះទេ ខណៈប្រជាពលរដ្ឋតភ្ជាប់ប្រព័ន្ឋចេញពីផ្ទះរបស់ពួកគាត់រៀងៗខ្លួន ។ លោកបញ្ជាក់ថា លើកលែងតែប្រជាពលរដ្ឋពឹងអោយក្រុមអ្នកម៉ៅការជួយធ្វើ ឬទិញសម្ភារៈធ្វើអោយនោះ គឺប្រជាពលរដ្ឋត្រូវចេញថវិកាថ្លៃពលកម្ម ឬថ្លៃលូនោះ តាមការចរចាគ្នា ។

ជាមួយគ្នានេះដែរ ខណៈឃើញអាជ្ញាធរដាក់គ្រឿងចក្រ ចុះស្ថាបនាប្រព័ន្ឋលូនេះ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវលេខ៩ បាននាំគ្នាចេញមកសាទរ ដោយម្នាក់ៗសម្តែងក្តីត្រេកអរលាយឡំជាមួយសម្លេងថា ផ្ទះយើងចាប់ពីពេលនេះតទៅ លែងលិចទឹកភ្លៀងទៀតហើយ ។ ហើយបានថ្លែងអំណរគុណដល់រដ្ឋបាលខណ្ឌ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ដល់ពួកគាត់ ។

លោកអភិបាលខណ្ឌ ណែនាំអោយចៅសង្កាត់ សហការជាមួយអង្គភាពពាក់ព័ន្ឋ ដូចជាអង្គភាពរដ្ឋាករទឹក អង្គភាពអគ្គិសនី និងមន្ត្រីពាក់ព័ន្ឋផ្សេងទៀត ដើម្បីរួមគ្នាធ្វើយ៉ាងណាអោយដំណើរការដ្ឋានស្ថាបនាប្រព័ន្ឋលូនេះ បានដំណើរការដោយរលូន និងបានស្ថាបនារួចរាល់ តាមការគ្រោងទុក ដើម្បីអោយប្រជាពលរដ្ឋបាមប្រើប្រាស់ នារដូវវស្សាខាងមុខនេះ ។

អត្ថបទដែលជាប់ទាក់ទង