ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងអប់រំបានកំណត់សម័យប្រឡង៖ ១១ មករា ២០២១ ជាកាលបរិច្ឆេទប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ BacII

78

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្ដីជូនដំណឹង ស្ដីពីការកំណត់សម័យប្រឡង និងដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ តាមគ្រឹះស្ថានមធ្យមសិក្សា ដោយសម្រចកំណត់ សម័យប្រឡង៖ ១១ មករា ២០២១ ជាកាលបរិច្ឆេទការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩ -២០២០ នៅតាមគ្រឹះស្ថានមធ្យមសិក្សា (ទុតិយភូមិ) តាមលំនាំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។ គ្រឹះស្ថានមធ្យមសិក្សានីមួយៗត្រូវសហការជាមួយអាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ និងប្រើប្រាស់បុគ្គលិកអប់រំនៅក្នុងគ្រឹះស្ថានមធ្យមសិក្សារបស់ខ្លួន ធ្វើជាគណៈកម្មការ មេប្រយោគប្រឡង នៅគ្រប់ដំណាក់កាល ។

ក្រសួងសម្រេចកំណត់ សម័យប្រឡង ៖ ១១ មករា ២០២១ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០។ ក្រសួងនឹងចេញសេចក្តីណែនាំលម្អិតស្តីពី ការរៀបចំ និង ការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមដំណាក់កាលសំណេរដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ពិន្ទុ និងដំណាក់កាលប្រកាសលទ្ធផល ក្នុងពេលឆាប់ៗនេះ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រង គ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្សគ្រប់រូប ជ្រាបជាព័ត៌មាន និង ត្រៀមលក្ខណៈ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

អត្ថបទដែលជាប់ទាក់ទង