ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ក់ សំអុល៖ ហាប់គីដូនឹងមិនមានវត្តមាន នៅស៊ីហ្គេមឆ្នាំ២០២៣ឡើយ

111

ភ្នំពេញ៖ហាប់គីដូជាប្រភេទកីឡាប្រយុទ្ធមួយបែប ដែលមានប្រភពមកពីប្រទេស
កូរេខាងត្បូង ។
ប្រភេទបានចូលមកកម្ពុជា តាំងពីអំឡុងឆ្នាំ ១៩៦៩ ហើយបច្ចុប្បន្នមានយុវជន យុវនារី និងអង្គភាពកងកម្លាំងសមត្ថកិច្ចបាន ហ្វឹកហាត់ជាច្រើន ដែលធ្វើឱ្យកីឡានេះ មានសកម្មភាព
ផុលផុសខ្លាំង ប៉ុន្តែថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហាប់គីដូ មិនមានជំនឿចិត្តថា នឹងមានវត្តមាន នៅស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជានោះទេ។
លោក គង់ ចាន់ធីណា ជាអគ្គលេខាធិការសហព័ន្ធ និងជាអ្នករ៉ាប់រងកីឡានេះ ឱ្យដំ
ណើរការបានល្អ និងមានសកម្មភាពលេចធ្លោ ក្នុងចំណោមយុវជន និងកងកម្លាំងសមត្ថកិច្ចនោះ បានប្រាប់ថាអត្តពលិក មកហាត់ភាគច្រើនជាយុវជន ដោយហាត់ដើម្បីសុខភាព និងការពារខ្លួន ។

ការប្រកួតជើងឯកជាតិមិនទាន់មាននៅឡើយ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា មិនទាន់ទទួលស្គាល់ជាផ្លូវការ ជាសហព័ន្ធកីឡាជាតិ ក្នុងបញ្ជី ដែលទទួលបានប្រាក់ផ្គត់ផ្គង់ សម្រាប់រដ្ឋបាល វគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងការប្រកួតជើងឯកជាតិប្រចាំឆ្នាំ នៅឡើយទេ ។កន្លងមក ប្រាក់ចំណូលទ្រទ្រង់សហព័ន្ធកីឡានេះ បានពីការចូលរួមដោយស្ម័គ្រចិត្តពីសិស្ស គ្រូបង្វឹក និងសប្បុរសជន។

លោក គង់ ចាន់ធីណា បានលម្អិតពីមូលហេតុ ដែលហាប់គីដូ មិនទាន់អាចមានវត្តមាន នៅស៊ីហ្គេមបាន ដោយនិយាយថា៖ «យើងខ្វះធនធានជាគ្រូបង្វឹក សម្រាប់ចេញទៅបង្ហាត់តាមសាលា ឬក្លិបមួយចំនួន ដែលគេត្រូវការ ព្រោះយើងគ្មានតម្លៃពលកម្ម ឬប្រាក់ឧបត្ថម្ភជូនគ្រូទាំងនោះទេ ។អ្វីៗគឺសហព័ន្ធរំពឹងទៅលើឆន្ទៈ ឬការស្ម័គ្រចិត្តរបស់គ្រូ ហើយស្ថានភាពបែបនេះមិនទៀងទាត់ទេ ដោយសារពួកគាត់រវល់ការងារផ្ទាល់ខ្លួនដែរ។ ប្រសិនមានថវិកាសម្រាប់ផ្គត់ផ្គង់ដល់គ្រូ ឬអ្នកមានខ្សែក្រវាត់ខ្មៅខ្ពស់ៗនោះ ហាប់គីដូ នឹងមានសកម្មភាពលឿនទៅមុខ ហើយក្រសួងនឹងអាចមើលឃើញមិនខាន។
លោកឧត្តមសេនីយ៍ឯក ម៉ក់ សំអុល ជាប្រធានសហព័ន្ធបានថ្លែងថា តាមច្បាប់របស់កីឡា ដើម្បីចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេមបាន ត្រូវមានសកម្មភាពថ្នាក់ជាតិផុលផុស មានអត្ត
ពលិកជម្រើសជាតិគ្រប់គ្រាន់ និងទទួលស្គាល់ដោយស្ថាប័នកីឡាជាតិ ដើម្បីមានការប្រមូលផ្តុំហ្វឹកហាត់ ដោយថវិកាជាតិ ឬវិស័យឯកជន។ សហព័ន្ធក៏ ត្រូវមានដៃគូក្រៅប្រទេស គឺសហព័ន្ធអន្តរជាតិជួយគាំទ្រ ហើយត្រូវមានប្រទេសយ៉ាងតិចចំនួន ៤ សុំចូលប្រកួត ទើបកីឡាស៊ីហ្គេម យើងដាក់បញ្ជូលប្រកួតបាន»។
លោកបានបន្តថាសម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ ហាប់គីដូ មិនសង្ឃឹមថា មានវត្តមាននោះឡើយ ព្រោះនៅក្នុងបញ្ជីត្រៀមប្រភេទកីឡាសម្រាប់ដាក់ឱ្យប្រកួត គឺគ្មានហាប់គីដូនៅឡើយ។ តែតាមរយៈការខិតខំប្រឹងប្រែង លោកសង្ឃឹមជឿជាក់ថា ហាប់គីដូនឹងបានទទួលការ ជួយជ្រោមជ្រែង ពីសហព័ន្ធហាប់គីដូអន្តរជាតិ និងត្រូវការក្រសួងអប់រំ យុវជន និងកីឡា ជួយគាំទ្រជាថវិកា ដូចសហព័ន្ធដទៃ ទើបមានវត្តមានប្រកួត នៅពេលក្រោយបាន ៕

អត្ថបទដែលជាប់ទាក់ទង