ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខសហព័ន្ធជាតិ ចាប់ផ្ដើមបង្ហាញពីការឆន្ទៈ ដណ្ដើមមេដាយស៊ីហ្គេមឆ្នាំ២០២៣

96

 

ភ្នំពេញ៖ក្នុងខណៈដែលកីឡាចំនួន៨ប្រភេទ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិក ចាត់ទុកថាជាប្រភេទកីឡាសង្ឃឹមថា ប្រជែងបានមេដាយច្រើននៅស៊ីហ្គេមឆ្នាំ២០២៣ ដែល
កម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ពេលនេះសហព័ន្ធជាតិនានា ចាប់ផ្ដើមបង្ហាញពីឆន្ទៈក្នុងការប្រជែង យកមេដាយដែរហើយ ។

ប្រមុខសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ មៀច សុផាន់ណា បានប្រកាសថា លោកនឹងលាលែងពីតួនាទីជាប្រធានសហព័ន្ធ បើសិនជាប្រភេទវិញ្ញាសាបាញ់កាំភ្លើងកម្ពុជា មិនអាចដណ្តើមបានមេដាយអ្វីសោះ ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនោះ ។

ជយោ ! នេះជាការប្ដេជ្ញាចិត្តមួយ ដោយការទទួលខុសត្រូវ ។ កាលពីមហាសន្និបាត នាពេលថ្មីៗនេះ ប្រមុខសហព័ន្ធកីឡាបាញ់កាំភ្លើងរូបនេះ បាននិយាយត្រង់ៗទៅកាន់សមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន និងភាគីពាក់ព័ន្ធថា លោកនឹងលាលែងពីតំណែងជាប្រធាន បើសិនវិញ្ញាសាបាញ់កាំភ្លើង មិនដណ្តើមបានមេដាយពីការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣។

លោក ព្រមានថាឥឡូវ យើងប្រឹងប្រែងទាំងអស់គ្នាសិន ហើយខ្ញុំជឿថា យើងនឹងធ្វើបាន ប៉ុន្តែបើយើងមិនខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពទេនោះ សូមកុំសង្ឃឹមឲ្យសោះ។ ទោះបី មិនមានមហិច្ឆតារ ក្នុងការប្រជែងយកមេដាយមាស ក៏ដោយតែលោកប្ដេជ្ញាថាយ៉ាងហោចក៏ត្រូវ រកបានមេដាយសំរិទ្ធដែរ ។

គេមិនទាន់ប្រាកដថា ប្រភេទកីឡាបាញ់កាំភ្លើង អាចមានវត្តមាននៅក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ឬក៏យ៉ាងណានោះទេ ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នប្រភេទកីឡាបាញ់កាំភ្លើង ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ ដាក់ចូលទៅក្នុងកម្មវិធីប្រកួត ជាផ្លូវការតែស្ថិតក្នុង ប្រភេទកីឡាត្រៀមបម្រុង គឺមានន័យថា សហព័ន្ធនេះត្រូវធ្វើការយល់ដឹង លើការត្រៀមលក្ខណៈចូលរួមស៊ីហ្គេម ឆ្នាំ ២០២៣ បន្ថែមទៀត។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក មៀច សុផាន់ណា បានទទួលស្គាល់ថាសហព័ន្ធបានបង្កើតឡើងបានជិត ១ អាណត្តិហើយ ហើយនិយាយឱ្យត្រង់ទៅ សហព័ន្ធនៅមិនទាន់ បានបង្ហាញស្នាដៃ ជាដុំកំភួនអីដែរ តែសហព័ន្ធកំពុងប្រឹងប្រែង ថាធ្វើម៉េចឱ្យសម្រេចបានជោគជ័យ និងស្នាដៃជាដុំកំភួន ដើម្បីបង្ហាញទៅដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ក្រសួងអប់រំ យុវជន និងកីឡា និងបង្ហាញទៅដល់រាជរដ្ឋាភិបាល ដែលជាអាណាព្យាបាលថា យើងអាចធ្វើការងារនេះបាន។

ពេលនេះ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានសម្រេចបង្កើតក្រុមការងារចំនួន ៣ រួមមានក្រុមការងារជំរុញ និងដឹកនាំការប្រកួតកីឡាបាញ់កាំភ្លើងកម្ពុជាថ្នាក់ជាតិ, ក្រុមការងារជំរុញ និងដឹកនាំការប្រកួតកីឡាបាញ់កាំភ្លើងអន្តរជាតិ ព្រមទាំងក្រុមគ្រូបង្វឹក ដែលមានលោក Thomas Bovet និងលោក Sylvain Vogel។

ក្រុមការងារទាំង ៣ នេះ មានតួនាទីរៀបចំវគ្គបណ្តុះបណ្តាលកម្មវិធីហ្វឹកហាត់សម្រាប់អត្តពលិកការជ្រើសរើស និងអភិវឌ្ឍក្រុម ដែលមានស្នាដៃខ្ពស់ សម្រាប់វិញ្ញាសាបាញ់កាំភ្លើងសម្របសម្រួល និងរៀបចំបញ្ជូនកីឡាករ ទៅចូលរួមការប្រកួតនៅក្រៅប្រទេស និងក្នុងស្រុក។ លើសពីនេះ ក្រុមការងារនេះត្រូវសិក្សា និងរៀបចំឯកសារ ពីផែនការយុទ្ធសាស្ត្រ ក្នុងការត្រៀមខ្លួន សម្រាប់ស៊ីហ្គេម គ្រប់គ្រងធនធានសម្រាប់បណ្តុះបណ្តាល និងការអភិវឌ្ឍក្រុមជម្រើសជាតិ ព្រមទាំងទទួលភារកិច្ចដែលប្រធានសហព័ន្ធផ្តល់ឱ្យ៕

អត្ថបទដែលជាប់ទាក់ទង