ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ីហ្គេមឆ្នាំ២០២១ជាឆ្នាំអាក្រក់ ឬ យ៉ាងណា ?

78

ភ្នំពេញ៖ប្រទេសដែលនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២១នោះ បានបត្រៀមខ្លួនរួចជាស្រេច ហើយដើម្បីរងចាំពេលវេលាឈាន មកដល់ទោះបីជាពិភពលោកកំពុងតែរងការរាតត្បាតនៃកូវីដ១៩ក៏ដោយ ។

ទោះជាយ៉ាងណាក៏ស៊ីហ្គេមឆ្នាំ២០២១នេះ គឺជាស៊ីហ្គេមមួយដែលសមត្ថភាពកីឡាករ កីឡាការិនីមានការស្រុត ចុះជាទូទៅដោយសារ តែការរំខាននៃមេរោគកូវីដ ១៩ ។

វៀតណាមត្រៀមដាក់កីឡាចំនួន ប្រមាណជា៤០ប្រភេទ ដែលមានចំនួនប្រមាណ៥០០វិញ្ញាសា សម្រាប់ឆ្នាំ២០២១ខាងមុខនេះ ។ចំពោះកម្ពុជាវិញក៏ត្រៀមកីឡា ប្រមាណជាង៣០ប្រភេទសម្រាប់ចូលរួមុំក្នុងព្រឹត្តិការណ៍នេះ ។

លោកវ៉ាត់ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា នៅក្នុងការដាក់ប្រភេទកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមនេះ គឺមានប្រភេទកីឡាសក្តានុពលរបស់កម្ពុជា ភាគច្រើនដែរដូចជាប្រភេទកីឡាប៉េតង់, វ៉ូវីណាម, តេក្វាន់ដូ WT(World Taekwondo), ជឺជីតស៊ូ ជាដើម ប៉ុន្តែនៅក្នុងប្រភេទកីឡាសក្តានុពលទាំងនោះដូចជាប៉េតង់និងវ៉ូវីណាម គឺម្ចាស់ផ្ទះបានត្រៀម ដាក់វិញ្ញាសាបានតិច ដោយមិនគ្រប់ចំនួន នៃវិញ្ញាសាទាំងអស់ដែលគេដាក់ឲ្យប្រកួតនៅលើពិភពលោកនោះទេ។ដូច្នេះការដាក់វិញ្ញាសា មិនគ្រប់នឹងធ្វើឲ្យបាត់បង់ការប្រកួតប្រជែងមេដាយមិនបានច្រើនទៅតាមនោះ។

ទោះជាយ៉ាងនេះក្តីក៏លោកអគ្គលេខាធិការ រំពឹងថាការដណ្តើមមេដាយមាស នៅក្នុងស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម នឹងកើនឡើងច្រើន ជាងកាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩នៅប្រទេសហ្វីលីពីនដោយប្រភេទកីឡាសក្តានុពលរបស់កម្ពុជាមានភាគច្រើនដែ។

នៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ ការជំរុញការហ្វឹកហាត់បច្ចេកទេស របស់ក្រុមជម្រើសជាតិកំពុង ជួបបញ្ហាច្រើនដែរដោយសារ តែការហ្វឹកហាត់ប្រមូលផ្តុំត្រូវ បានរំសាយជាបណ្តោះអាសន្ន ហើយបន្តការហ្វឹកហាត់នៅ តាមផ្ទះរៀងៗខ្លួនដោយខ្លួនឯង ដែលធ្វើឲ្យសិទ្ធផលក៏ធ្លាក់ចុះ ទៅតាមនោះដែរ។ការអភិវឌ្ឍបច្ចេកទេសជួប ការលំបាកច្រើនដែល បច្ចុប្បន្នយើងសង្កេតឃើញថា មានតែប្រភេទកីឡាមួយ ចំនួនរបស់កម្ពុជា នៅក្រៅប្រទេសទេដែល អាចរក្សាសិទ្ធផលបាន ដូចជាកីឡាការិនីជឺជីតស៊ូខាន់ជេសា, ខេស៊ីនៅសហរដ្ឋអាមេរិកជាដើម។ចំណែកឯការហ្វឹកហាត់នៅក្នុងស្រុក ត្រូវរង់ចាំពេលវេលាស្ងប់ស្ងាត់នៃជំងឺកូវីដ-១៩ ដែលអាចនៅក្នុងរយៈពេល២-៣ខែទៅមុខ ឬនៅដើមឆ្នាំ២០២១យើងនឹងជំរុញការហ្វឹកហាត់ពិសេសសម្រាប់ក្រុមជម្រើសជាតិ បើមិនដូច្នេះទេយើង នឹងជួបឧបសគ្គច្រើន ក្នុងការអភិវឌ្ឍបច្ចេកទេសហើយ។

សម្រាប់ការហ្វឹកហាត់ត្រៀមស៊ីហ្គេម២០២១ នៅវៀតណាមនេះ គឺក្រុមជម្រើសជាតិ នៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍តែងតែហ្វឹកហាត់ជាប់លាប់ជាប្រចាំ ដែលធ្វើឲ្យកម្រិតនៃការហ្វឹកហាត់ របស់គេមានការរីកចម្រើន ល្អហើយបើប្រៀបធៀប នឹងក្រុមជម្រើសជាតិកម្ពុជា ដែលមិនហ្វឹកហាត់ប្រមូលផ្តុំនេះ គឺមានគម្លាតឆ្ងាយពីគ្នា ដោយហេតុថា នៅស្រុកគេមានការត្រួតពិនិត្យ ការគ្រប់គ្រងកីឡាករកីឡាការិនី ជម្រើសជាតិគេនៅ ក្នុងកន្លែងហ្វឹកហាត់លក្ខណៈប្រមូលផ្តុំលើការថែទាំគ្រប់គ្រងការពារជំងឺកូវីដ១៩បានល្អ១០០%។នេះគឺជាបញ្ហាធំដែល យើងខ្វល់ខ្វាយមែនទែន ដែលកម្រិតនៃក្រុមជម្រើសជាតិ គេរុលទៅមុខ រីឯក្រុមជម្រើសជាតិកម្ពុជា ថយមកក្រោយ ដោយនេះជាកង្វល់ដ៏ធំនៅ ក្នុងកម្រិតជំនាញបច្ចេកទេសរបស់យើង។

សម្រាប់ការត្រៀមខ្លួនលើប្រភេទកីឡាគុនខ្មែរ ដែលនៅក្នុងស៊ីហ្គេមគេឲ្យឈ្មោះ«មួយ» (Muay) ដែលកម្ពុជាជាប្រធានសហព័ន្ធ «មួយ» អាស៊ី ត្រូវបានម្ចាស់ផ្ទះវៀតណាម ប្រកាសទទួលស្គាល់និងផ្តល់សិទ្ធិឲ្យកម្ពុជា ទទួលរៀបចំដឹកនាំគ្រប់គ្រង ការប្រកួតលើប្រភេទកីឡាប្រដាល់មួយនេះ នៅក្នុងស៊ីហ្គេម ឆ្នាំ២០២១ ដែលឯកឧត្តម វ៉ាត់ ចំរើន ក្នុងឋានៈជាប្រធានសហព័ន្ធកីឡាមួយអាស៊ីចាត់ទុកថាជាសញ្ញាណដ៏ល្អមួយសម្រាប់ការ ប្រកួតប្រជែងមេដាយដោយមានប្រៀប។ ចំ ពោះការដឹកនាំគ្រប់គ្រង ការប្រកួតរបស់កម្ពុជាលើ ប្រភេទកីឡាគុន មួយ នេះ គឺមិនឲ្យមានភាពអយុត្តិធម៌ ឬលម្អៀងនោះឡើយ ហើយបើកាលណា យើងរៀបចំឲ្យការប្រកួតប្រកប ដោយភាពយុត្តិធម៌គឺ កម្ពុជាយើងមានប្រៀបលើផ្នែកបច្ចេកទេសស្រាប់ដែលនេះគឺជាសញ្ញាណថ្មីមួយ ក្នុងការស្វែងរកមេដាយ កាន់តែច្រើនជាងស៊ីហ្គេម លើកមុនៗ ក៏ដូចជាការខិតខំធ្វើការរៀបចំ ដោយភាពហ្មត់ចត់ត្រឹមត្រូវច្បាស់លាស់ ដើម្បីស្វែងរកនូវឧត្តមភាព លើប្រភេទកីឡាគុនខ្មែរនេះ នៅស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ ក៏ដូចជាដំណើរឆ្ពោះទៅ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ផងដែរ។

សូមរំឭកថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលប្រារព្ធធ្វើឡើងរៀងរាល់ ពីរឆ្នាំម្តងនេះ កាលពីឆ្នាំ២០១៩ស៊ីហ្គេម លើកទី៣០ប្រទេសហ្វីលីពីន គឺកម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំង១១ ដោយដណ្តើមបានមេដាយមាស៤ ប្រាក់៦ និងសំរឹទ្ធ៣៦ សរុប៤៦ លើ៣ប្រទេសគឺប្រ៊ុយណេ ឡាវ និងទីម័រខាងកើត ខណៈម្ចាស់ផ្ទះហ្វីលីពីន ឈរនៅលេខ១ មេដាយសរុប៣៨៧, វៀតណាម លេខ២ មេដាយសរុប២៨៨ និងថៃឈរនៅលេខ៣ បានឈ្នះមេដាយសរុបចំនួន៣១៨៕

 

 

អត្ថបទដែលជាប់ទាក់ទង