ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េ នឹងក្លាយទៅជាគន្លឹះដ៏សំខាន់ ក្នុងកិច្ចការផ្លាស់ប្តូរវប្បធម៌

65

ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធកម្មវិធី ប្រកួតថ្លែងសុន្ទរកថាភាសាកូរ៉េ ជាលក្ខណៈអន្តរជាតិលើកទី២៣ ឆ្នាំ២០១៨ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨ នៅក្នុងសាលពហុបំណង(Multi-Purpose Hall) នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកស្រី ក្វន សូហ្យន លេខាទី២ នៃស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ១៩៩៦ ក្នុងគោលបំណងដើម្បីជួយជម្រុញឲ្យជនជាតិកូរ៉េខាងជើង និងខាងត្បូងសរុប៧០លាននាក់ និងប្រជាជនកូរ៉េដែលកំពុងរស់នៅបរទេសសរុបប្រមាណជា៧,៥លាននាក់ អាចប្រើប្រាស់អក្សរ និងនិយាយភាសាកូរ៉េឲ្យបានត្រឹមត្រូវច្បាស់លាស់ល្អ ដើម្បីត្រៀមខ្លួនសម្រាប់ការរួបរួមគ្នាដោយសន្តិភាពរបស់ឧបទ្វីបកូរ៉េ ព្រមទាំងដើម្បីធ្វើការផ្សព្វផ្សាយនូវវប្បធម៌ប្រទេសកូរ៉េ និងភាពអស្ចារ្យនៃអក្សរកូរ៉េ។

កម្មវិធីក្នុងឆ្នាំនេះត្រូវបានប្រារព្ធឡើងក្រោមកិច្ចសហការរួមគ្នារវាង ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, Korea Speech·Eloquence Association និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ព្រមទាំងទទួលការឧបត្ថម្ភគាំទ្រអំពីក្រសួងទេសចរណ៍-វប្បធម៌ និងកីឡា, ក្រសួងអប់រំ, ក្រសួងការបរទេស និងក្រសួងបង្រួបបង្រួមជាតិកូរ៉េ(Ministry of Unification)។

នាដើមឆមាសទី១ ក្នុងឆ្នាំនេះ ស្ថានទូតកូរ៉េ បានប្រារព្ធកម្មវិធីប្រកួតសម្រាប់ជ្រើសរើសបេក្ខជន-បេក្ខនារីឆ្នើម តំណាងប្រចាំតំបន់-ប្រទេសផ្សេងៗ ហើយក្នុងកម្មវិធីក្នុងថ្ងៃនេះ មានការចូលរួមពីបេក្ខជន-បេក្ខនារីសរុបចំនួន៦៧នាក់ ដែលក្នុងចំណោមនោះមានបេក្ខជន-បេក្ខនារី ជាជនជាតិបរទេសចំនួន៣០រូប មកពី ប្រទេសវៀតណាម ម៉ាឡេស៊ី ម៉ុងហ៊្គោលី សិង្ហបុរី ជប៉ុន កម្ពុជា ចិន អូស្រ្តាលី ហុងកុង ឥណ្ឌា ថៃ ហ្វីលីពីន ឡាវ កៀហ៊្សីស៊ីស្ថាន និងឥណ្ឌូណេស៊ី ជាដើម រួមទាំងបេក្ខជន-បេក្ខនារីជនជាតិកូរ៉េ ដែលកំពុងរស់នៅបរទេសចំនួន១២រូប និងបេក្ខជន-បេក្ខនារីជនជាតិកូរ៉េចំនួន២៥រូប តំណាងឲ្យខេត្តក្រុងនានាក្នុងប្រទេសកូរ៉េ។

បេក្ខជន-បេក្ខនារីដែលចូលរួមប្រកួតក្នុងកម្មវិធីនេះ ធ្វើការថ្លែងសុន្ទរកថា ស្តីអំពីបំណងប្រាថ្នា ដើម្បីឲ្យមានការរួបរួមគ្នា នៅឧបទ្វីបកូរ៉េ និងការប្រើប្រាស់ភាសាកូរ៉េ ក្នុងការធ្វើការប្រាស្រ័យទាក់ទង នៅក្នុងសកលលោក ហើយបេក្ខជន-បេក្ខនារី ដែលទទួលបានពិន្ទុខ្ពស់ជាងគេ នឹងទទួលបានពានរង្វាន់ ប្រធានាធិបតី សាធារណរដ្ឋកូរ៉េ និងរង្វាន់បន្ថែមទៀត ប្រមាណជា ២លានវ៉ុន។

លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា អូ ណាក់យ៉ុង (Oh Nak-young) បានមានប្រសាសន៍ថា ឆ្នាំនេះគឺជាខួបទី២១ នៃការបង្កើតឡើងវិញ នូវទំនាក់ទំនងការទូត រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ ប្រទេសយើងទាំងពីរ បានពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យដូចជា នយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ជាដើម ហើយទៅថ្ងៃអនាគត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងកាន់តែជិតស្និទ្ធបន្ថែមទៀត ក្រោមមូលដ្ឋានគ្រឹះ នៃកិច្ចខិតខំប្រឹងប្រែងជម្រុញ គោលនយោបាយទិសដៅតំបន់ខាងត្បូងថ្មី។

លោកបានថ្លែងថា ការជួបគ្នារវាងប្រជាជន និងប្រជាជន គឺជាចំណុចសំខាន់នៃការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ គិតជាមធ្យមប្រចាំឆ្នាំ មានភ្ញៀវទេសចរណ៍កូរ៉េ និងកម្ពុជាបានធ្វើដំណើរកម្សាន្តឆ្លងទៅប្រទេសកម្ពុជា និងកូរ៉េក្នុងមួយឆ្នាំប្រមាណជា៥០ម៉ឺននាក់ ហើយប្រជាជនកម្ពុជាក៏បាន នឹងកំពុងតែផ្តល់ចំណាប់អារម្មណ៍ស្តីអំពីវប្បធម៌ និងភាសាកូរ៉េកាន់តែខ្លាំងឡើងជាលំដាប់។ នៅក្នុងប្រទេសកម្ពុជា មានសកលវិទ្យាល័យចំនួន៥ ដោយរួមទាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ បានបើកដេប៉ាតឺម៉ង់ភាសាកូរ៉េ ហើយជារៀងរាល់ឆ្នាំមានប្រជាជនកម្ពុជាប្រមាណជា ៥ម៉ឺននាក់បានចូលរួមប្រលងធ្វើតេស្តសមត្ថភាពភាសាកូរ៉េTOPIK ដែលនេះបង្ហាញឲ្យឃើញថាប្រជាជនកម្ពុជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងស្តីអំពីភាសាកូរ៉េ។

មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ចំណាប់អារម្មណ៍ចំពោះការពង្រីកវប្បធម៌និងភាសាកូរ៉េ គឺជារលកយ៉ាងទូលំទូលាយពាសពេញលើសកលលោក។ ប្រសិនបើយុវជនទូទាំងពិភពលោក និងយុវជនកូរ៉េកាន់តែយោគយល់គ្នាទៅវិញទៅមក តាមរយៈភាសានោះ ខ្ញុំជឿជាក់ថា វានឹងជួយឲ្យប្រទេសនានាលើសកលលោក កាន់តែមានភាពជិតស្និទ្ធរវាងគ្នានឹងគ្នា ហើយវាក៏នឹងចូលរួមចំណែកក្នុងការពង្រីកសន្តិភាពពិភពលោកផងដែរ។

លោកបានបញ្ជាក់ថា “ខ្ញុំសង្ឃឹមថា កម្មវិធីដែលត្រូវបានប្រារព្ធឡើង នៅក្នុងប្រទេសកម្ពុជានាថ្ងៃនេះ នឹងជួយធ្វើការផ្សព្វផ្សាយភាសាកូរ៉េ ឲ្យបានកាន់តែទូលំទូលាយទៅទូទាំងសកលលោក ព្រមទាំងក្លាយទៅជាជំនួយ ក្នុងការអភិវឌ្ឍវប្បធម៌ផងដែរ ហើយសង្ឃឹមថាកម្មវិធីនេះ នឹងក្លាយទៅជាគន្លឹះដ៏សំខាន់ ក្នុងកិច្ចការផ្លាស់ប្តូរវប្បធម៌ រវាងសាធារណរដ្ឋកូរ៉េ ជាមួយនឹងប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានា ផ្សេងទៀតនៅក្នុងសកលលោក”។

លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ថា ដេប៉ាតេម៉ង់ភាសាកូរ៉េ និងការសិក្សាអំពីកូរ៉េ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាផ្នែកមួយក្នុងចំណោម ផ្នែកដេលមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់។ លោកបានថ្លែងថា “ខ្ញុំមានជំនឿយ៉ាងមុតមាំថាពួកគេទាំងអស់គ្នា ពិតជាមានចំណេះដឹងជ្រៅជ្រះច្បាល់លាស់ ពីភាសាកូរ៉េហួសពីការប៉ាន់ស្មានរបស់យើង ហើយកត្តានេះនឹងនាំឲ្យយើងទាំងអស់គ្នា ពិបាកធ្វើការសម្រេចចិត្តថាបេក្ខជនណា ជាអ្នកល្អជាងគេ”។

អត្ថបទដែលជាប់ទាក់ទង