ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តប៉ៃលិន បញ្ជាក់ថា ខេត្តប៉ៃលិន មិនមានការឆ្លងនៅក្នុងសហគមន៍នោះទេ គឺរកឃើញវិជ្ជមានមេរោគ កូវីដ-១៩ លើពលករ ១០នាក់ មកពីថៃ

77

 

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន សូមជំរាបជូនពុកម៉ែបងប្អូនទាំងអស់ ឲ្យបានជ្រាបថា ករណីបានរកឃើញ វិជ្ជមានមេរោគ កូវីដ-១៩ លើពលករ ១០នាក់ស្ថិតនៅក្នុងខេត្តប៉ៃលិននោះ គឺជាករណីនាំចូលពីប្រទេសជិតខាង ដោយមានការចូលរួមសហការគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ។

លោកជំទាវ បានបញ្ជាក់ថា “យើងគ្របគ្រងអ្នកចំណាកស្រុក ដែលវិលចូលប្រទេសវិញ បានយ៉ាងល្អ ដោយត្រូវឆ្លងកាត់ការពិនិត្យសំណាក និងធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ដូច្នេះករណី វិជ្ជមាន ១០នាក់ខាងលើ ជាករណីនាំចូល និងស្ថិតក្រោមការឃុំខ្លួនដាច់ដោយឡែក របស់មន្ទីរសុខាភិបាលខេត្ត បានយ៉ាងម៉ត់ចត់បំផុត មិនមែនជាករណីឆ្លងរាលដាល នៅក្នុងសហគមន៍ ខេត្តប៉ៃលិនយើងទេ ចំពោះបងប្អូនមានករណី វិជ្ជមានក៏យើងបានត្រៀមលក្ខណៈរួចជាស្រេច សម្រាប់ជាទីកន្លែងព្យាបាលផងដែរ”។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា ដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់កុំមានការភ័យខ្លាច និងជឿតាមព័ត៌មានមិនពិតជាការញុះញង់ របស់ជនអគតិមួយចំនួនតូច ដែលមានបំណង ឲ្យមានភាពចលាចលនៅក្នុងខេត្តយើង ។ សូមបងប្អូនទាំងអស់រួមដៃគ្នា ទប់ស្កាត់មេរោគ
នេះឲ្យបានជាដាច់ខាត គឺ : ១- បើមានបងប្អូនកូនចៅ ឬ អ្នកជិតខាងយើង លបលួចចូលមកដោយមិនបានឆ្លងកាត់ ការពិនិត្យសុខភាព សូមផ្តល់ព័ត៌មានដល់ក្រុមការងារ
យើងនៅនិងមូលដ្ឋានជាបន្ទាន់ ដើម្បីយកគាត់មកពិនិត្យសុខភាព ដើម្បីសុខភាពគ្រួសារយើង និង សហគមន៍យើង ។ ២- សូមបងប្អូនទាំងអស់ បន្តយកចិត្តទុកដាក់ពី អនាម័យ លាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាស់ជាប់ជាប្រចាំ រក្សាគម្លាតពីគ្នា (ជៀសវាងការជួបជុំគ្នាច្រើន ) ។

អភិបាលខេត្តប៉ៃលិន សូមជម្រាបសរុបថា ខេត្តប៉ៃលិនមិនមានការឆ្លងនៅក្នុងសហគមន៍នោះទេ ។ សូមគោរពជូនពរពុកម៉ែបងប្អូនទាំងអស់ក្នុងឱកាស ឆ្នាំថ្មី ២០២១នេះ ទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ។ យើងរួមគ្នាយើងឈ្នះ ។

សូមបញ្ជាក់ថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ១២នាក់ និងមានករណីជាសះស្បេីយចំនួន ០១នាក់ ។ រហូតដល់ម៉ោង ០៩និង៣០ ព្រឹក ថ្ងៃទី ១ មករា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ នាំចូលថ្មី ១២នាក់ (ពលករខ្មែរមកពីប្រទេសថៃ និងកំពុងដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ៃលិន ១០នាក់ និងបាត់ដំបង ២នាក់) និង មានជាសះស្បេីយ ១នាក់ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣៧៨នាក់ ចំនួនសម្រាកពេទ្យ កេីន ១៦នាក់ និងចំនួនជាសះស្បេីយសរុបចំនួន ៣៦២នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររង់ចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។

សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 334044 ស្មេីនឹង19883 ក្នុង១លាននាក់៕

អត្ថបទដែលជាប់ទាក់ទង