ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ណែនាំអោយប្រធានផ្សារទួលទំពូងនិងអភិបាលខណ្ឌចំការមនរៀបចំ សណ្តាប់ធ្នាប់ទាំងក្នុងនិងក្រៅផ្សារអោយកាន់តែប្រសើរឡើង

74


 

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេងបានធ្វើការណែនាំអោយប្រធានផ្សារទួលទំពូងនិងអភិបាលខណ្ឌចំការមន ធ្វើការរៀបចំ សណ្តាប់ធ្នាប់ ទាំងក្នុងនិងក្រៅផ្សារទួលទំពូងអោយបានកាន់តែប្រសើរឡើងថែមទៀត ខណៈដែលផ្សារមួយនេះឃើញថា មានសណ្តាប់ធ្នាប់ប្រសើរឡើងមួយកំរិតហើយនោះ។
    ការណែនាំបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ សីហា ២០១៨ ពោលគឺខណៈដែលលោកដឹកនាំមន្ត្រីក្រោមឱវាទនិងអភិបាលខណ្ឌចំការមនចុះ សួរសុខទុកអាជីវករនិងពិនិត្យមើលសណ្តាប់ធ្នាប់និងរបៀបនៅក្នុងផ្សារខាងលើនេះ អោយកាន់តែល្អប្រសើឡើង។
  ក្នុងឱកាសនៃការចុះមើលស្ថានភាពជាក់ស្តែងនៅក្នុងនិងក្រៅផ្សារ លោក ឃួង ស្រេងបានបញ្ជាអោយលោកចំរើន សុខលីម ប្រធានផ្សារទួលទំពូងត្រូវរៀបចំសណ្តាប់ធ្នាប់ខាងក្នុងផ្សារអោយបានល្អ ពោលគឺត្រូវបើកផ្លូវអោយបានធំទូលាយ។
   ដោយឡែកនៅខាងក្រៅបរិវេនផ្សារវិញលោក ឃួង ស្រេងក៏បានជម្រុញអោយលោកព្រំ សំខាន់អភិបាលខណ្ឌចំការមនរៀបចំសណ្តាប់ធ្នាប់នៅតាមមុខផ្ទះជុំវិញផ្សារ ពិសេសគឺការជម្រុញអោយកាត់ទំលាក់ខ្សែភ្លើង ខ្សែកាប្លដែលមានភាពរញ៉េរញ៉ៃ នៅតាមបង្គោលភ្លើងចេញ ដើម្បីអោយនៅបរិវេនជុំវិញផ្សារមានសោភណ្ឌភាពនិងសណ្តាប់ធ្នាប់កាន់តែប្រសើរ។
  លោកចំរើន សុខលីម បានអោយដឹងផងដែរថា ផ្សារទួលទំពូងមានតូបលក់ដូរចំនួន១៣៧៤តូប ហើយតូបលក់ដូរភាគច្រើន គឺលក់វត្ថុអនុស្សាវរីយដែលមានរចនាបទខ្មែរបុរាណ លក់គ្រឿងបន្លាស់ម៉ូតូ រួមនិងតូបលក់ខោអាវមួយចំនួនផងដែរ។ ចំពោះបញ្ហាសណ្តាប់ធ្នាប់បរបៀបរៀបរយនៅក្នុងនិងក្រៅផ្សារ គណៈកម្មការផ្សារបានរៀបចំបានល្អមួយកំរិតហើយ ក្នុងនោះ ក្នុងមួយសប្តាហ៍យើងក៏បានបាញ់ទឹកលាងផ្សារចំនួន២ដងជាប្រចាំផងដែរ៕
អត្ថបទដែលជាប់ទាក់ទង