ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមមានការប្រុងប្រយ័ត្ន! កុំឱ្យលេខសម្ងាត់ OTP ទៅអ្នកណាម្នាក់តាមរយៈសារ ឬទូរសព្ទឱ្យសោះ

75

ភ្នំពេញ៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសង្កេតឃើញថា មានគណនីទំនាក់ទំនង បណ្ដាញសង្គមដូចជា WhatsApp និង Telegram របស់អ្នកប្រើប្រាស់មួយចំនួន ត្រូវបានលួចចូលប្រើប្រាស់ នៅពេលដែលម្ចាស់គណនី បានផ្ដល់ឱ្យជនអនាមិកនូវលេខសម្ងាត់ OTP ដែលពួកគេទទួលបានពីក្រុមហ៊ុន។

ដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែយល់ដឹងទាក់ទង នឹងការវាយប្រហារនេះ លោកអ្នកត្រូវស្វែងយល់ថា តើអ្វីទៅដែលជាលេខសម្ងាត់ OTP នោះ។ លេខសម្ងាត់ OTP ឬ One Time Pin គឺជាលេខសម្ងាត់ដែលក្រុមហ៊ុន បានផ្ញើឱ្យតាមរយៈសារ នៅពេលដែលមានការ ស្នើសុំពីអ្នកប្រើប្រាស់ ដើម្បីបង្កើតគណនីថ្មី ឬដើម្បីចូលប្រើប្រាស់ (Login) គណនីជាមួយនឹងឧបករណ៍ថ្មី។ ដូច្នេះដើម្បីអាចចូលទៅក្នុងគណនី របស់លោកអ្នកបាននោះ ជនអនាមិកគ្រាន់តែដឹង នូវលេខទូរសព្ទរបស់លោកអ្នក ហើយពួកគេក៏ធ្វើការ ស្នើសុំលេខសម្ងាត់ OTP ថ្មី។

ជាចុងក្រោយ ដើម្បីអាចចូលទៅក្នុងគណនី របស់លោកអ្នកបាន ពួកគេគ្រាន់តែផ្ញើសារ ឬទូរសព្ទទៅលោកអ្នកដើម្បីលួងលោម ឱ្យផ្ដល់នូវលេខសម្ងាត់នោះ ដោយប្រើប្រាស់រូបភាព ផ្សេងៗដូចជា ពួកគេពួកគេជាបុគ្គលិករបស់ក្រុមហ៊ុន មិត្តភ័ក្តិ ឬលោកអ្នកបានឈ្នះរង្វាន់ ហើយពួកគេត្រូវការលេខសម្ងាត់នោះ ដើម្បីបញ្ជាក់អត្តសញ្ញាណជាដើម។

ដើម្បីការពារកុំឱ្យមានការលួចចូល ប្រើប្រាស់គណនីទំនាក់ទំនង បណ្ដាញសង្គមរបស់លោកអ្នក ជាពិសេសគណនីធនាគារនោះ សូមលោកអ្នកកុំផ្ដល់លេខសម្ងាត់នេះ ទៅឱ្យជនទីបីនៅពេល ដែលមានការស្នើសុំណាមួយឡើយ។ សូមបញ្ជាក់ផងដែរថា នាយកដ្ឋានក៏ធ្លាប់បានធ្វើការណែនាំ បញ្ហាស្រដៀងគ្នានេះរួចមកហើយ ទាក់ទងនឹងការលួច ចូលប្រើប្រាស់គណនីធនាគារ ដែលជនអនាមិក បានទូរសព្ទទៅអ្នកប្រើប្រាស់ ហើយបន្លំធ្វើជាបុគ្គលិក របស់ធនាគារដើម្បីទាមទារឱ្យផ្ដល់លេខសម្ងាត់នេះ៕

អត្ថបទដែលជាប់ទាក់ទង