ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ប្រជុំប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិ៣ ឃុំអូរត្រេះ

110

ព្រះសីហនុ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអង្គារ ៧រោច  ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២១  បានបើកកិច្ចប្រជុំប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិ៣  ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ក្រោមអធិបតីភាព លោក លៀម សូដា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ  លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ និងមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ កងកំលាំងប្រដាប់អាវុធ អាជ្ញាធរ និងប្រជាពលរដ្ឋច្រើនផងដែរ ។
    លោក លៀម សូដា អភិបាលរងខេត្ត មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាអនុវត្ថទៅតាមនីតិវិធី និងបច្ចេកទេសវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ហើយនឹងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី ។ នេះជាប្រការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងទំនាស់ ដីធ្លីនៅក្នុងសង្គមជាតិយើង ។
    លោកបានបន្តទៀតថា ដើម្បីសម្រេចបានដល់ការចេញវិញ្ញាបនប័ត្រសំគាល់អចលវត្ថុ (ប័ណ្ណកម្មសិទ្ធិ) នីមួយៗ គឺមានការងារច្រើនណាស់ ដែលទាមទារនូវការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាម្ចាស់ដី ឫអ្នកកាន់កាប់ដីទាំអអស់រួមទាំងមន្ទីរ និងស្ថាប័ន្ធ ហើយពិសេសគឺអាជ្ញាធរមូលដ្ឋានត្រូវមានកិច្ចសហការល្អជាមួយមន្ត្រីជំនាញដោយជួយធ្វើការបញ្ជាក់ឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី អត្តសញ្ញាណក្បាលដី និងជួយធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដែលជាម្ចាស់ ឫអ្នកកាន់កាប់ដី មកចូលរួមក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួន ឲ្យបានគ្រប់គ្នាក្នុងកំឡុងពេលបិទផ្សាយនេះ ដើម្បីធានានូវភាពសុក្រឹតត្រឹមត្រូវក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់ ។
    លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានលើកឡើងថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនេះ គឺធ្វើឡើងដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនទៅឲ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី ឫអ្នកកាន់កាប់ដីទាំងអស់ ដើម្បីយកទៅប្រើប្រាស់ដូចជា ទៅដាក់បញ្ជាំដាក់ធានាគា និងដាក់ហ៊ីប៉ូតែក ដើម្បីខ្ចីប្រាក់មកប្រកបមុខរបរផ្សេងៗ  ក្នុងការលើកស្ទួយជីវិភាពរស់នៅប្រចាំថ្ងៃក្នុងគ្រួសារ ឫជាឯកសារសំអាងនៅពេលមានជំលោះដីធ្លីកើតមានឡើង ។
   លោកប្រធាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវជាម្ចាស់ដី ឫអ្នកកាន់កាប់ដី សូមអញ្ជើញចូលរួម ព្រមទាំងរួមសហការគ្នាក្នុងដំណើរការបិទផ្សាយទិន្នន័យឲ្យទទួលបានជោគជ័យល្អ ៕

អត្ថបទដែលជាប់ទាក់ទង