ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរា ស្រូតរុះរាន់ដំណើរការជួសជុល ប្រាសាទបាយ័ន បានមុនបើកឲ្យភ្ញៀវចូលទស្សនា នៅពេលខាងមុខ

86

សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នJASAប្រទេសជប៉ុន
(JAPAN- APSARA team for Safeguarding Ang kor) និងអង្គការយូណេស្កូ បើកការដ្ឋានជួសជុលប្រាសាទ បាយ័ននៅជាន់ទី៣ ឱ្យផុតពីបញ្ហាប្រឈម មុននឹងបើកដំណើរការឱ្យភ្ញៀវចូលទស្សនាសាជាថ្មី។

លោក គឹម សុធិន អគ្គនាយករងអា ជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រួតទី៣ប្រាសាទបាយ័ន បានទ្រុឌទ្រោមដោយសាររចនាសម្ព័ន្ធថ្មប្រាសាទក្រៀក ចេញពីគ្នាព្រោះតែបញ្ហាអាកាសធាតុ អាយុកាលសំណង់ ការចុះខ្សោយគុណភាពនៃរចនា សម្ព័ន្ធសំណង់ ដែលអាចនាំឱ្យមានគ្រោះ ថ្នាក់ដល់សំណង់ប្រាសាទទាំងមូល រួមទាំងភ្ញៀវទេសចរផង បើជួសជុលមិនទាន់ពេលវេលា។
លោកបន្តថា ដំណើរការជួសជុលមានដូចជា ការរើថ្មចេញ ហើយរុញចូលវិញនៅជ្រុងទី៣ទិសខាងត្បូង ការទល់ទ្រកន្លែងដែលមានហានិភ័យរកកលនឹងរលំដួលចំនួន៥៦ចំណុចផ្សេងៗគ្នា។ ក្នុងនោះក៏នឹងមានការរៀបចំបិទភ្ជិតលើថ្នេរថ្ម ដែលវាប្រេះកុំឱ្យវាជ្រាបទឹកចូល និងសម្រួលថ្មរដិបរដុបមិនរាបស្មើ ដើម្បីកុំឱ្យបង្កគ្រោះថ្នាក់ដល់ភ្ញៀវពេលដើរទស្សនាប្រាសាទ។

លោកបន្តថា រួតទី៣ប្រាសាទបាយ័ននេះ នឹងចំណាយពេលមួយឆ្នាំ ដើម្បីជួស ជុលឱ្យរួចរាល់ជាស្ថាពរ បើពុំមានបញ្ហារាំង ស្ទះអ្វីកើតឡើង រួមទាំងការរៀបចំគូសប្លង់ សិក្សាស្រាវជ្រាវ ចងក្រងឯកសារ និងឆ្លងយោបល់ពីអ្នកជំនាញការអាដហុកជាដើម ។

សូមជម្រាបផងដែរថា ប្រាសាទបាយ័ន មានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីអង្គរ ធំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយព្រះ បាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល៤៩ និងកំពូលក្លោងទ្វារចូល៥ ទៀត សរុបទាំង អស់ ៥៤ កំពូល ដែលតំណាងឱ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង