ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នេរអង្គោលជាគោលដៅទេសចរណ៍ប្រកប ដោយសោភ័ណភាពដែលយើងមិនអាចមើលរំលង

414

កែប ៖ ឆ្នេរអង្កោល ដែលមានទីតាំងស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បច្ចុប្បន្នបាននិងកំពុងក្លាយជាគោលដៅ ទេសចរណ៍មួយដ៏ មានសោភ័ណភាព និងការទាក់ទាញដែលក្រុមអ្នកទេសចរណ៍ មិនអាចមើលរំលងបានឡើយ។
ជាទូទៅបើទោះជាឆ្នេរអង្កោលនៅឆ្ងាយបន្តិច ពីរមណីយដ្ឋានឆ្នេរកែបក្តី ប៉ុន្តែក្រុមអ្នកទេសចរណ៍តែងតែ ចាត់ទុកតំបន់នេះជាឆ្នេរលម្ហែ មួយប្រកបដោយ សោភ័ណភាពស្រស់ត្រកាល និងមានខ្យល់អាកាសយ៉ាងបរិសុទ្ធគួរជាទីមនោរម្យ។បើយើងធ្វើដំណើរពីរមណីយដ្ឋានឆ្នេរកែប ទៅកាន់ឆ្នេរអង្កោល ដែលចម្ងាយ ផ្លូវប្រមាណជាង១០គីឡូម៉ែត្រនោះ ពិតណាស់យើងនឹងបានគយគន់ មើលទេសភាពដ៏ស្រស់​ត្រកាល នៅតាមដងផ្លូវ ដូចជាព្រៃកោងកាង និងព្រៃលិចទឹកដែលជា ជម្រកមច្ឆជាតិដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក ពិសេសបានគយគន់ទេសភាព យ៉ាងស្រស់បំព្រងនៅតាមជើងភ្នំអង្កោលផងដែរ។
យ៉ាងណាមិញឆ្នេរអង្កោលថ្វីត្បិតជាឆ្នេរមួយនៅឆ្ងាយ ពីទីប្រជុំជនឆ្នេរកែប ក៏ពិតមែន តែគេបានកត់សម្គាល់ឃើញ ភ្ញៀវទេសចរជាតិ-អន្តរជាតិ តែងតែសម្រុកទៅលម្ហែកម្សាន្តមិនចេះដាច់ មិនថាថ្ងៃបុណ្យឬ ថ្ងៃធម្មតានោះឡើយ ព្រោះតំបន់ឆ្នេរអង្កោលឥឡូវនេះ មានម្ហូបអាហារគ្រឿងសមុទ្រប្រកបរសជាតិ មិនចាញ់រមណីយដ្ឋាន ឆ្នេរកែបនោះទេ ហើយតំបន់ទេសចរណ៍នេះ ក៏មានសង់ខ្ចូសយ៉ាងច្រើន សម្រាប់ផ្តល់ សេវាជូនភ្ញៀវក្នុងតម្លៃសមរម្យទៀតផង។ដោយសារតែអ្វីៗ នៅតំបន់ឆ្នេរអង្កោល រួមនឹងទេសភាពយ៉ាងល្អឯកនេះហើយ ទើបធ្វើឲ្យភ្ញៀវមកសម្រាក លម្ហែ កម្សាន្តនៅទីនេះកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយនេះ ប្រជាពលរដ្ឋបាននាំគ្នាបង្កើនមុខរបរ និងបង្កើតអាជីវកម្មផ្សេងៗ យ៉ាងផុលផុសនិងនាំគ្នាសហការជួយធ្វើអនាម័យ សម្អាតបរិស្ថាន យ៉ាងសស្រាក់សស្រាំផងដែរ។
ដោយផ្តើមពីកត្តាសំខាន់ៗខាងលើ លោកប៉ុក ទាង អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានប្រាប់អ្នកយកព័ត៌មាន នៅរសៀលថ្ងៃទី១០ខែសីហា ឆ្នាំ២០១៨នេះថា បច្ចុប្បន្នឆ្នេរអង្កោលត្រូវបាន ក្រុមអ្នកទេសចរណ៍កំពុង មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីក្រុមការងារបាន បំផុសដល់ប្រជាពលរដ្ឋនៅតំបន់នោះ ឲ្យយកចិត្តទុកដាក់ លើផ្នែកបរិស្ថាន ពិសេសការធ្វើអនាម័យជាប្រចាំ ដោយពួកគាត់ មានការយល់ដឹងលើកត្តា អនាម័យជាចម្បង ទើបសំរាម និងកាកសំណល់ផ្សេងៗ ត្រូវបានប្រមូលទុកដាក់យ៉ាងត្រឹមត្រូវ។លោកអនុប្រធានបានបញ្ជាក់ផងដែរថា ឆ្នេរអង្កោលពិត ជាគោលដៅ ទេសចរណ៍មួយ ប្រកបដោយទេសភាព ទាក់ទាញបំផុតដែល យើងមិនអាចមើលរំលង ហើយក៏សង្ឃឹមថា បើផ្លូវប្របមាត់សមុទ្រឆ្ពោះ ទៅកាន់ឆ្នេរអង្កោលស្ថាបនា បានរួចរាល់ភ្ញៀវច្បាស់ជាសម្រុក ទៅលម្ហែកម្សាន្តនៅទីនោះ ភ្លូកទឹកភ្លូកដីមិនខាន។
សូមបញ្ជាក់ថា ផ្លូវទៅកាន់ឆ្នេរអង្កោលប្រប តាមឆ្នេរសមុទ្រដែល មានប្រវែង ប្រមាណជិត១០គីឡូម៉ែត្រ ពេលនេះត្រូវបាន ជំនាញស្ថាបនាជិតរួចរាល់ហើយ ដោយនៅសល់ប្រមាណ មួយគីឡូម៉ែត្រទៀតប៉ុណ្ណោះ នឹងតភ្ជាប់ទៅដល់ ឆ្នេរអង្កោលហើយ។ដូច្នេះយើងសង្ឃឹមថា ដរាបណាដងផ្លូវប្របតាម មាត់សមុទ្រស្ថាបនា បានរួចរាល់កាលណា ឆ្នេរអង្កោលនឹងក្លាយ ជាមុខព្រួញទេសចរណ៍មួយ យ៉ាងពិតប្រាកដ ដែលធ្វើឲ្យភ្ញៀវមក ទស្សនាមិនចេះជិនណាយ៕

អត្ថបទដែលជាប់ទាក់ទង