ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ ការទប់ស្កាត់ការ បំពងសម្លេងរំខាននានា ជាបញ្ហាដែលបានលើក ឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានី

110

ភ្នំពេញ៖ ការរក្សាអោយបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនិងការទប់ស្កាត់ ការបំពងសម្លេងរំខាននានានៅតាមទីសាធារណៈត្រូវបានលើកឡើងក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០១២នេះ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដោយមានការចូលរួមពីលោកស ថេតស្នងការនគរបាលរាជធានីភ្នំពេញ លោករ័ត្ន ស្រ៊ាងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងមានការចូលរួមពីអភិបាលខណ្ឌទាំង១៤និងមន្ទីរចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។

លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជាបញ្ហាមួយដែលអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង ១៤និងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទត្រូវតែយកចិត្តទុកដាក់ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗ ទទួលបាននូវការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។
លោកឃួង ស្រេង បានជម្រុញអោយអាជ្ញាធរខណ្ឌ
ទាំង១៤បន្តការចុះតាមបុរីនានានៅក្នុងរាជធានីភ្នំពេញដោយចងក្រងជាកម្លាំង ហើយបើមានបញ្ហាដែលដោះស្រាយបានគឺត្រូវដោះស្រាយភ្លាមជូនប្រជាពលរដ្ឋ ហើយបើបញ្ហាដែលមិនអាចដោះស្រាយបានត្រូវរាយការណ៍ជូនមកថ្នាក់រាជធានីភ្នំពេញ ដើម្បីអោយថ្នាក់រាជធានីបន្តដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបន្តទៀត។
ពាក់ព័ន្ធនឹងម៉ូតូធំៗដែលបានបង្ក សំឡេងរំខាន ក៏ដូចជាម៉ូតូដែលកែច្នៃស៊ីម៉ាំង រំខានដល់ប្រជាពលរដ្ឋលោកឃួង ស្រេងក៏បានលើកឡើងផងដែរ ដោយលោកបញ្ជាក់ថា ការទប់ស្កាត់ម៉ូតូបំពងសម្លេងរំខាន
នេះអាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនឃាត់ម៉ូតូបានចំនួន៦០គ្រឿងហើយក្នុងចំនួននេះលោកអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យមន្ទីរពាក់ព័ន្ធពិសេសគឺមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងមន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវចុះផ្ទាល់ទៅដល់ទីតាំងដែលបានឃាត់ទុកនៅរសៀលថ្ងៃនេះ ដើម្បីធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនិងការប៉ះពាល់ទៅលើបរិស្ថានមុននឹងប្រគល់ឲ្យម្ចាស់ម៉ូតូវិញ ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបញ្ជាក់ថា ម៉ូតូដែលមានសំឡេងបំពងខុសលក្ខណៈបច្ចេកទេស
គឺនៅរក្សាទុកដដែល ដោយរង់ចាំការណែនាំពីក្រសួងមហាផ្ទៃ។
លោកក៏បាន បញ្ជាក់ផងដែរថា កម្លាំងមានសមត្ថកិច្ចរបស់រាជធានីមិនបានចាប់ម៉ូតូធំៗនេះពីក្នុងផ្ទះប្រជាពលរដ្ឋដូចការលើកឡើងរបស់ជនអគតិមួយចំនួនណានោះទេ។
ក្រៅពីបញ្ហាទាំងប៉ុន្មានខាងលើនេះ លោកឃួង ស្រេងក៏បានធ្វើការណែនាំអោយអភិបាលខណ្ឌទាំង១៤មានវិធានការឲ្យបានម៉ឺងម៉ាត់និងតឹងរឹងបំផុតចំពោះសំណង់ដែលបាននិងកំពុងសាងសង់នៅក្នុងរាជធានីភ្នំពេញដោយធ្វើយ៉ាងណាកុំឲ្យមានហានិភ័យ ដូចជា ការធ្លាក់វត្ថុរឹងពីលើអគារខ្ពស់ៗ បង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទៀត។
ស្នងការនគរបាលរាជធានីភ្នំពេញ លោកស ថេត
បានបញ្ជាក់ផងដែរថា នៅក្នុងរាជធានីភ្នំពេញមាន សន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងក៏នៅតែមានបញ្ហាប្រឈមមួយចំនួនផងដែរ ដែលយើងត្រូវតែបន្តយកចិត្តទុកដាក់ នោះគឺបញ្ហាគ្រឿងញៀន ដែលមក
ដល់ពេលនេះបទល្មើសគ្រឿងញៀន ការសេពគ្រឿងញៀននៅតែបន្តកើតមាន ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាដើម្បីទប់ស្កាត់ ។
លោកបញ្ជាក់ផងដែរថា រាល់បទល្មើសដែលបានកើតឡើងភាគច្រើន ជនបង្កបទល្មើសភាគច្រើនជាអ្នកដែលមានសារធាតុញៀន។ បូរីមួយចំនួននៅតែកើតមាននូវបទល្មើសលួចនិងគាស់ផ្ទះ ដែលយើងជាកងកម្លាំងមានសមត្ថកិច្ចត្រូវបន្តការយកចិត្តទុកដាក់ចំពោះបទល្មើសទាំងនេះ។ក្រៅពីនេះក្នុងរយៈពេលមួយខែពីរខែនេះ បទល្មើសដែលផ្ដើមពីក្រុមក្មេងទំនើង ក៏បានកម្រើកឡើងវិញផងដែរដោយក្រុមនេះ បានប្រមូលផ្ដុំគ្នាជាក្រុម មានដាវ ស្នាប់ដៃ បង្កភាពអនាធិបតេយ្យវាយតប់គ្នា។ ករណីនេះយើងក៏បានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងនាមជាកងកម្លាំងត្រូវតែខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ឲ្យបាន រក្សាភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៕

 

អត្ថបទដែលជាប់ទាក់ទង