ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សា​រាជធានី​ថា​៖​ មួយឆ្នាំ​២០២០​នេះ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​និង​គ្រប់គ្រង​រដ្ឋបាល​ទូទៅ​បាន​យ៉ាង​ល្អប្រសើរ​

89

 

​ភ្នំពេញ​៖​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​អះអាងថា​៖​ពេញ​មួយឆ្នាំ​២០២០​កន្លងទៅនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​រក្សា​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់ ការគ្រប់គ្រង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ជាមួយនឹង​ការគ្រប់គ្រង​រដ្ឋបាល​ទូទៅ​បាន​យ៉ាង​ល្អប្រសើរ រហូត​ទទួលបាន​នូវ​ការគាំទ្រ​និង​ការជឿទុកចិត្ត​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​យ៉ាង​ពេញទំហឹង​។​

នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០២១​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោកប៉ា សុជាតិ​វង្ស​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។​
ក្នុងនោះ​លោកប៉ា សុជាតិ​វង្ស បាន​មានប្រសាសន៍​លើកឡើងថា​៖ បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​និង​ការគ្រប់គ្រង​រដ្ឋបាល​ទូទៅ ឃើញថា​ក្នុង​មួយឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​រក្សាបាន​យ៉ាង​ល្អប្រសើរ ។​ប៉ុន្តែ​ក៏​នៅមាន​ចំណុច​ខ្វះខាត​សេសសល់​មួយចំនួន ដែល​អាជ្ញាធរ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែមទៀត​ដែរ​។​
លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បានស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ខិតខំ​ប្រមូលផ្ដុំ​កម្លាំង​ដើម្បី​អនុវត្ត​ធ្វើយ៉ាងណា​ឱ្យ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​និង​ត្រៀម​បង្ហាញ​ពី​សមិទ្ធផល​នានា​ជាមួយនឹង​ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​ទាំងនេះ បង្ហាញ​ឲ្យ​សាធារណៈជន​បានឃើញ ដើម្បី​យើង​ត្រៀម​ទទួលយក​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​នៅ​ឆ្នាំ​២០២២​ខាងមុខនេះ ។ លោក​ក៏បាន​ស្នើសុំ​ឲ្យ​ពង្រឹង​តួនាទី​គ្រប់​ថ្នាក់ ទាំង​ថ្នាក់​ខណ្ឌ និង​សង្កាត់​ពី​របៀបរបប​ធ្វើការ​ងារ​ឲ្យ​កាន់តែ​ល្អប្រសើរ កាន់តែ​ទំនើប​ធានាបាន​ស្ថេរភាព​១០០​ភាគរយ​។​
ជាមួយគ្នា​នោះដែរ​ក្រុមប្រឹក្សា​រាជធានី​បាន​សម្តែង ការកោតសរសើរ​ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់​ដល់​ការខិតខំ​ពង្រឹង ការបង្ក្រាប​បទល្មើស គ្រឿងញៀន និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​ការដោះស្រាយ​បញ្ចប់ទំនាស់ និង​ពាក្យបណ្តឹង ក្នុង​ឆ្នាំ ២០២០​កន្លងមកនេះ ដែល​ថ្នាក់​ខណ្ឌ​បាន​ដោះស្រាយ​បញ្ចប់​ចំនួន ១៨៨​ករណី និង​ថ្នាក់​សង្កាត់ ដោះ ស្រាយ​បញ្ចប់​បាន ២,៤៨​ករណី​។​
​ចំណែក​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ខិតខំ​សិក្សា​ស្រាវជ្រាវ​រកឃើញ​សំណង់ ចាស់ៗ​នៅ តាម​វត្ត​ចំនួន​៦៩ លើ ៨៩​វត្ត ក្នុង​ខណ្ឌ​ទាំង​១៤ ព្រមទាំង​រកឃើញ​វត្ថុ​បុរាណ​ដែល​មាននៅ តាម​វត្ត​ទាំង​៣៦ លើ ១១០​វត្ត និង​ទួល​បុរាណ​ចំនួន ២​ទៀត (​ទួល​សំរោង និង​ទួល​ចាស់​)​។ កោតសរសើរ ចំពោះ​សកម្មភាព​ការ​បំបែក​សហកម្មសិទ្ធិ​តាម​បុរី​មួយចំនួន​។​
​ក្នុង​កិច្ចប្រជុំ​នោះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖​ចំពោះ​រាល់​សំណើរ​និង​សំណូមពរ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​សុំឱ្យ​រដ្ឋបាល​រាជធានី​ពង្រឹង​តួនាទី​គ្រប់​ថ្នាក់​ទាំង​ថ្នាក់​ខណ្ឌ និង​សង្កាត់​ពី​របៀបរបប​ធ្វើការ​ងារ​ឲ្យ​កាន់តែ​ល្អប្រសើរ​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ខិតខំ​ធ្វើ​កិច្ចការ​នេះ​ឱ្យ​ប្រសើរឡើង​ថែមទៀត​ក្នុង​ឆ្នាំ​២០២១​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង