ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត បទបញ្ជាផ្ទៃក្នុង ផែនការសកម្មភាព និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់

86

ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប» បានរៀបចំកិច្ចប្រជុំលើកទី២ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ជ.ក.ប ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត បទបញ្ជាផ្ទៃក្នុង ផែនការសកម្មភាពរបស់ គ.ជ.ក.ប. និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់មួយចំនួន ដោយមានចូលរួមពី ឯកឧត្តមអនុប្រធានអចិន្រ្តៃយ៍ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក ព្រមទាំងឯកឧត្តម លោកជំទាវ លោកលោកស្រី ក្រុមលេខាធិការ និងជំនួយការ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ជ.ក.ប. បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការដ្ឋាននៃ គ.ជ.ក.ប. ដែលតែងតែយកចិត្តទុកដាក់បំពេញការងារតាមតួនាទីនិងភារកិច្ចរបស់ខ្លួន និងបានសម្របសម្រួលកិច្ចការរដ្ឋបាលយ៉ាងរលូនសម្រាប់ដំណើរការនៃគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ ក្នុងកាលៈទេសៈដ៏លំបាកនៃការឆ្លងរាលដាលជំងឺកូវីដ១៩។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើ ឯកឧត្តមអនុប្រធានអចិន្រ្តៃយ៍ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ គ.ជ.ក.ប ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើឯកសារគតិយុត្តមួយចំនួន ហើយជាលទ្ធផល កិច្ចប្រជុំសម្រេចកែសម្រួល និងអនុម័តសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងស្តីពីរបៀបរបបការងាររបស់ គ.ជ.ក.ប. និងបានណែនាំឱ្យអង្គប្រជុំពិនិត្យ ពិភាក្សានិងផ្តល់យោបល់បន្តលើសេចក្តីព្រាងដូចខាងក្រោម៖
• សេចក្តីព្រាងផែនការសកម្មភាពសម្រាប់អនុវត្តឆ្នាំ២០២១ របស់ គ.ជ.ក.ប.
• សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យនិងស៊ើបអង្កេតក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
• សេចក្តីព្រាងប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយតាមរយៈការចរចាចំពោះបទល្មើសក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
• សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម លើផលិតផលទំនិញ និងសេវា
• សេចក្តីព្រាងទម្រង់សេចក្តីសម្រេចរបស់អគ្គនាយក
• សេចក្តីព្រាងទម្រង់សេចក្តីសម្រេចរបស់ គ.ជ.ក.ប.
• សេចក្តីព្រាងទម្រង់សេចក្តីសម្រេចលើពាក្យបណ្តឹងតវ៉ា
• សេចក្តីព្រាងពាក្យស្នើសុំដោះស្រាយតាមការចចារ។

ក្នុងឱកាសនោះ ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ជាសមាជិក និងជាលេខាធិការនៃ គ.ជ.ក.ប បានរាយការណ៍ជូនអង្គប្រជុំ អំពីសកម្មភាពការងារសំខាន់ៗដែលអគ្គនាយកដ្ឋាន ក.ប.ប. សម្រេចបានកន្លងមកមានដូចជា ការចុះឃ្លាំពិនិត្យតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ ម៉ាស់ អាល់កុល និងជែលលាងសម្អាតដៃ ការចុះស្រាវជ្រាវបាតុភាពករណីសង្ស័យពុលស្រានៅខេត្តកំពង់ឆ្នាំង ការចុះបង្ក្រាបទីតាំងស្តុកទុកនិងចែកចាយអាល់កុលក្លែងក្លាយ ការអញ្ជើញក្រុមហ៊ុនមួយចំនួនឱ្យមកបំភ្លឺលើករណីផ្សាយពាណិជ្ជកម្មផលិតផល ក៏ដូចជាការអញ្ជើញក្រុមហ៊ុនផ្សព្វផ្សាយលក់ផលិតផលអាហារបំប៉នតាមអនទ្បាញដើម្បីចូលរួមផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់៕

អត្ថបទដែលជាប់ទាក់ទង