ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាជាតិអេកូទេសចរណ៍ រៀបចំទស្សនកិច្ចនៅ តាមសហគមន៍ល្បីៗនៅខេត្តសៀមរាប

93

សៀមរាប៖ នៅក្នុងវេទិកាជាតិអេកូទេសចរណ៍ លើកទី២ ឆ្នាំ២០២១ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ.) ថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ បានដឹកនាំសិក្ខាកាមដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ ប្រជាសហគមន៍ និងដៃគូអភិវឌ្ឍន៍ សរុបជិត ៣០០ នាក់ ទៅទស្សនកិច្ចនៅតាមសហគមន៍ល្បីៗចំនួន ៦ នៅខេត្តសៀមរាប រួមមាន៖

* សហគមន៍បាគងភូមិខ្ញុំ ស្ថិតក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង។
* សហគមន៍ទេសចរណ៍ធម្មជាតិព្រៃធំ អន្លង់ធំ (ភ្នំគូលែន) ស្ថិតក្នុងភូមិគូលែន ឃុំខ្នងភ្នំ ស្រុកស្វាយលើ។
* សហគមន៍វប្បធម៌ធម្មជាតិទឹកជប់ខ្នារពោធិ៍ ស្ថិតក្នុងភូមិជប់ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម។
* សហគមន៍បឹងឈូកបន្ទាយស្រី ស្ថិតក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី។
* សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតក្នុងភូមិគោកក្ដុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។
* សហគមន៍ភូមិដ្ឋានធម្មជាតិរុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

ទស្សនកិច្ចសិក្សានាពេលនេះ រៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីអ្វីដែលបានពិភាក្សាគ្នានៅក្នុងវេទិកានិងការទទួលបាននូវបទពិសោធន៍ជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងសហគមន៍ ក៏ដូចជាបញ្ហាប្រឈមនានាដែលកើតមាននៅក្នុងសហគមន៍នីមួយៗ។ ម្យ៉ាងទៀតសិក្ខាកាមបានស្វែងយល់បន្ថែមទៀតពីការគ្រប់គ្រងរបស់សហគមន៍ទាំងអស់នោះ ដែលមានលក្ខណៈពិសេស និងសក្ដានុពលធម្មជាតិខុសគ្នាផងដែរ។

សូមជម្រាបថា វេទិកាជាតិអេកូទេសចរណ៍លើកទី២ ត្រូវបានបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ ក.គ.អ.អ. ក្នុងនាមតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានកអញ្ជើញចូលរួមពីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ ប្រជាសហគមន៍ និងដៃគូអភិវឌ្ឍន៍ សរុបជិត ៣០០ នាក់៕

អត្ថបទដែលជាប់ទាក់ទង