ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ម៉ែន សំអន​៖ អំពាវនាវ​ពលរដ្ឋ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការឆ្លង​ជំងឺផ្តាសាយបក្សី ក្នុងអំឡុង​ពិធី​សែនដូនតា និង​ពិធី​ផ្សេងៗ​

69

 

​ស្វាយរៀង ៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​គណៈ​ប្រចាំការ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្ដាល ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​មូលដ្ឋាន​ខេត្តស្វាយរៀង បាន​ថ្លែង​អំពាវនាវ​ដល់​សមាជិក សមាជិកា​របស់​គណបក្ស ត្រូវ​ណែនាំ​ប្រជាពលរដ្ឋ ឲ្យ​មាន​ប្រុងប្រយ័ត្ន​ខ្ពស់ និង​អនុវត្ត​ឲ្យ​បាន តាម​ការណែនាំ​របស់​ក្រសួង​សុខា​ភិ បាល ចុះ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ ស្តីពី​ការការពារ​ការឆ្លង​ជំងឺផ្តាសាយបក្សី ក្នុងអំឡុង​ពិធី​សែនដូនតា​និង​ពិធី​ផ្សេងៗ នាពេល​ខាងមុខនេះ​។ ការ​ថ្លែង​បែបនេះ​នៅ​គ្រា​ដែល​លោកស្រី ម៉ែន សំអន អញ្ជើញ​ជា​អធិបតី ក្នុងឱកាស​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​គណបក្ស ចុះជួយ​ខេត្តស្វាយរៀង​ប្រចាំ ឆ្នាំ​២០២០ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២១ នា​ព្រឹក​ថ្ងៃទី​៣០ មករា ឆ្នាំ​២០២១​។​

លោកស្រី​បាន​ពាំនាំ​នូវ​ការ​ផ្តាំ​សួរ​សុខ​ទុក​ពី​សំណាក់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ដល់​អង្គពិធី​ទាំង មូល​នូវ​ក្តី​នឹករលឹក និង​បាន​គិតគូរ​អំពី​សុខ​ទុក​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង នៅ​ទូទាំងប្រទេស​។​

លោកស្រី​ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​រឹតបន្តឹង​វិធានការ​ដើម្បី​ប្រយុទ្ធ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ និង​បន្ត​រស់នៅ និង​ធ្វើការ​តាម គន្លង​ថ្មី​ក្រោម​ទស្សនទាន​ថ្មី និង​សូម​បន្ត​៖ ទី​១៖ ពង្រឹង​ធ្លុង​សាមគ្គី ឯកភាព​ជាតិ ការពារ​ដាច់ខាត ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បន្ត​ជំរុញ​ចលនា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ដើម្បី​ធានា​សុខុមាលភាព ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​។ ទី​២៖ ពង្រឹង​លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និង​នីតិរដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន បង្ក​បរិយាកាស​ល្អប្រសើរ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ២០២៣​។ ទី​៣៖ ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​ឲ្យ​កាន់តែ​រឹងមាំ និង​រាំង​ស្កាត់​សកម្មភាព​ទុច្ចរិត​ទាំងឡាយ​ដែល​បង្កដោយ​ពួក​ប្រឆាំង ជ្រុលនិយម មាន​គោលបំណង​ញុះញង់ បំផុសបំផុល បង្ក​អស្ថិរភាព ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ការបោះ ឆ្នោត​លើ​មូលដ្ឋាន​អនុវត្ត​ច្បាប់​ម៉ឹងម៉ាត់​។ បន្ត​ជំរុញ​ការផ្សព្វផ្សាយ និង​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ សុវត្ថិភាព ។​ទី​៤៖ បង្កើន​ការ​ទ្រទ្រង់ និង​ជំរុញ​ការ​អភិ​វ​ឌ្ឃ​វិស័យ​សុខាភិបាល អប់រំ វប្បធម៌ សង្គមកិច្ច ការងារ និង​វិស័យ​ផ្សេងៗ​ទៀត​តាម​គន្លង​ប្រក្រតី​កម្ម​ថ្មី​។​ទី​៥៖ ជំរុញ​ការអនុវត្ត​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ សង្គម​ប្រកបដោយ​និរន្តរភាព​និង​ប្រសិទ្ធភាព​៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង