ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធាន គ.ជ.ប អំពាវនាវឲ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឆ្នាំ២០១៧ចូលរួមបោះឆ្នោត អាណត្តិទី៦

261

ភ្នំពេញ៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ ទាំងអស់ត្រូវត្រៀមខ្លួន និងឯកសារពាក់ព័ន្ធ ដើម្បីចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

លោក ស៊ិក ប៊ុនហុក បានលើកឡើងថា ស្របពេលដែលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាន់តែខិតជិតមកដល់ស្នើឲ្យប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោត ត្រូវត្រួតពិនិត្យរាល់ឯកសារពាក់ព័ន្ធដែល គ.ជ.ប តម្រូវ ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះលោក ស៊ិ​ក ប៊ុនហុក បានអំពាវនាវថា
ករណីពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខូច ឬបាត់ ត្រូវទៅសុំឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) បម្រើឱ្យការបោះឆ្នោត ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ ឱ្យបានទាន់ពេលវេលា។ ចំពោះអ្នកដែលមិនទាន់មាន អ.ខ អាចយក ឯ.អ បម្រើឱ្យការចុះឈ្មោះបោះឆ្នោតទៅជួបគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ដោយផ្ទាល់ខ្លួន និងត្រូវស្នើសុំឱ្យ គឃ.សប បញ្ជាក់អំពីការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ការចេញឯកសារបញ្ជាក់អត្តសញ្ញាណនេះ ត្រូវបញ្ចប់នៅថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥៖៣០នាទីល្ងាច។ ប្រធាន គឃ.សប មេឃុំ-ចៅសង្កាត់ និងមេភូមិ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋមកធ្វើ ឯ.អ ឱ្យបានទាន់ពេលវេលា ដោយឥតគិតថ្លៃ៕

អត្ថបទដែលជាប់ទាក់ទង