ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បន្តចុះផ្សព្វផ្សាយអប់រំពលរដ្ឋ ក្នុងកិច្ចការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩

57

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បន្តយកចិត្តទុក ដាក់ចុះអប់រំផ្សព្វផ្សាយពីយន្តការនៃការការពារនិងទប់ស្កាត់ជំងឺកូវីដ១៩ នៅតាមមូលដ្ឋានរបស់ខ្លួន ដល់បងប្អូនប្រជាពលរដ្ឋ អោយបន្តអនុវត្តវិធានតាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីការពារកុំឲ្យមានការចម្លងចូលទៅក្នុងសហគមន៍ជាថ្មីម្តងទៀត។

   ការជំរុញបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ថេត ស្នងការនគរបាលរាជធានី លោករ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី និងអភិបាលខណ្ឌទាំង១៤។

   លោកឃួង ស្រេង បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមួយចំនួន ហាក់មានការធ្វេសប្រហែស មិនយកចិត្តទុកដាក់លើកិច្ចការការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ នោះទេដូចជា តាមរយៈការមិនពាក់ម៉ាស មានការជួបប្រាស្រ័យទាក់ទងគ្នា ដោយមិនបានគិតអំពីគម្លាតសង្គម រួមទាំងការមិនសូវឃើញអនុវត្តនូវវិធានការនានា របស់ក្រសួងសុខាភិបាលផងដែរ។ ដូច្នេះទេ អភិបាលខណ្ឌទាំង១៤ ត្រូវពង្រឹងរឿងនេះឡើងវិញពិសេសនៅតាមភោជនីយដ្ឋាននានានៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវអោយអ្នករត់តុពាក់ម៉ាស់គ្រប់ពេល និងលាងដៃជាមួយអាកុលនិងជេលជាប្រចាំ។

  លោកឃួង ស្រេង បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញទាំងអស់មិនត្រូវធ្វេសប្រហែស ចំពោះការការពារជំងឺកូវីដ១៩នោះឡើយ ព្រោះថា ប្រទេសជិតខាងរបស់កម្ពុជា រួមមាន ប្រទេសវៀតណាម បានផ្ទុះឡើងនូវរលកទី៤ ដែលធ្វើឲ្យចំនួនអ្នកឆ្លងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកឯប្រទេសថៃ នឹងបណ្ដាលប្រទេសជាច្រើនទៀតនៅប៉ែកអឺរ៉ុបក៏កំពុងតែមានការចម្លងឡើងវិញ ដោយសារការបំឡែងខ្លួនរបស់ជំងឺកូវីដ១៩នេះ ធ្វើឲ្យប្រទេសទាំងនោះ មានការរឹតត្បិតយ៉ាងតឹងរឹងចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស ហើយធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ប្រជាពលរដ្ឋក៏ដូចជាសេដ្ឋកិច្ចប្រទេសយ៉ាងធ្ងន់ធ្ងរថែមទៀត។

  គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៣ខែ កុម្ភះ ឆ្នាំ ២០២១នេះ មិនមានអ្នកឆ្លងថ្មីទេ ប៉ុន្តែមានអ្នកជាសះស្បើយចំនួន៣នាក់ បើគិតរហូតមកដល់ត្រឹមថ្ងៃនេះ មានអ្នកវិជ្ជមានជំងឺ covid-19 សរុបចំនួន៤៦៦នាក់ ប្រុស៣០៤ នាក់និងស្រី១៦២នាក់ចំណែកឯអ្នកជាសះស្បើយវិញមានចំនួន៤៤៧នាក់ ក្នុងនោះស្រីមាន១៥០ នាក់និងប្រុស២៩៧នាក់ ហើយ បច្ចុប្បន្នមានអ្នកវិជ្ជមានកូវីដ១៩ កំពុងសម្រាកព្យាបាលចំនួន១៩នាក់ ក្នុងនោះស្រី១២នាក់ប្រុស៧នាក់៕

 

អត្ថបទដែលជាប់ទាក់ទង