ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួង ស្រេង ជំរុញឲ្យ ខណ្ឌទាំង១៤ ប៉ូលិសនិងកងរាជអាវុធហត្ថ ពង្រឹង ការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពអោយកាន់តែល្អប្រសើរ

88

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានជំរុញឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធ ទាំងប៉ូលិសនិងកងរាជអាវុធហត្ថ ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវពង្រឹងការងារអោយកាន់តែល្អប្រសើរ ជុំវិញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាល បានដាក់ចេញ ដើម្បីរក្សាអោយបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

   ការជម្រុញបែបនេះរបស់ លោកឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមាន លោក ថេត ស្នងការនគរបាលរាជធានី លោករ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានី និងអភិបាលខណ្ឌទាំង១៤។

   លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះកន្លងមកឃើញថា យើងអនុវត្តបានល្អប្រសើរ បើទោះបីជាមានភាពចន្លោះប្រហោងបន្តិចបន្តួច ក្តី

  លោកបន្តទៀតថា សម្រាប់គោលនយោបាយថ្មី ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពនេះ គឺបានពាក់ព័ន្ធទៅដល់មន្ទីរមួយចំនួនក្រោមឱវាទរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសលើការផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានលឿនរហ័សនិងមានតម្លាភាព។ លោកបន្តទៀតថា មន្ទីរដែលមានតួនាទីនៃការផ្ដល់ច្បាប់អនុញ្ញាត លើលិខិតបទដ្ឋាននានា ដល់បងប្អូនប្រជាពលរដ្ឋដែលបើកអាជីវកម្មនានា ដូចជាការអនុញ្ញាតឲ្យមានការបូមខ្សាច់ ការអនុញ្ញាតឲ្យបើកនៅភោជនីយដ្ឋាន កុងស៊ីបញ្ចាំ កុងស៊ីកាប់ជ្រូក កាប់គោជាដើម មន្ទីរជំនាញត្រូវតែចុះសិក្សាឲ្យបានច្បាស់លាស់មុននឹងអនុញ្ញាតឱ្យគេបើកអាជីវកម្ម។ ថាតើអាជីវកម្មទាំងនោះសមស្របនឹងការអនុញ្ញាតរបស់យើងដែរឬទេ។

  លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាពនេះ ទាំងអ្នកមាន អ្នកក្រ ប្រទេសណាក៏ដោយ គេចង់បានគ្រប់គ្នា។ ដូច្នេះទេ ក្នុងនាមអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធត្រូវបានយកចិត្តទុកដាក់អនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពនេះអោយបានល្អ ដើម្បីទទួលបាននូវការជឿទុកចិត្តនឹងទទួលបាននូវភាពកក់កពីបងប្អូនប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងទំនាស់នានានៅក្នុងមូលដ្ឋានអាជ្ញាធរ មូលដ្ឋានត្រូវប្រឹងប្រែងដោះបញ្ចប់ កុំអី បញ្ជូនមកឲ្យរដ្ឋបាលរាជធានីភ្នំពេញដោះ ជាងនេះទៅទៀត ជុំវិញប្រតិបត្តិការ និងហេតុការណ៍ដែលបានកើតឡើងនៅក្នុងមូលដ្ឋាន ត្រូវហ៊ំ ព័ទ្ធ កន្លែងកើតហេតុនិងព្រឹត្តិការណ៍ទាំងនោះឲ្យបានឲ្យបានម៉ឺងម៉ាត់ចៀសវាងនូវបញ្ហាផ្សេងៗដែលកើតមានឡើង ដោយសារតែការគ្រប់គ្រងរបស់យើងមិនបានល្អ៕

 

អត្ថបទដែលជាប់ទាក់ទង