ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ​២០២០ មាន​សហគ្រាស​ចំនួន ១ ៣៥៦ បាន​បិទ​លែង​ដំណើរការ និង​កម្មករនិយោជិត​បាត់បង់​ការងារ​ចំនួន ១០៨ ៨២៥​នាក់

52

 

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​ថ្លែងថា ឆ្នាំ​២០២០ មាន​សហគ្រាស​ចំនួន ១ ៣៥៦ បាន​បិទ​លែង​ដំណើរការ និង​កម្មករនិយោជិត​បាត់បង់​ការងារ​ចំនួន ១០៨ ៨២៥​នាក់ ដែល​ចំនួន​នេះ គឺ​ច្រើនជាង​ឆ្នាំ​២០១៩ ក្នុង​រយៈពេល​ដូចគ្នា ដែលមាន​សហគ្រាស ចំនួន ៩៦៩ និង​កម្មករនិយោជិត​បាត់បង់​ការងារ​ចំនួន ៨៥ ៨៨៩​នាក់ ដែល​ភាគច្រើន គឺជា​ប្រភេទ​រោងចក្រ​សហគ្រាស ក្រៅពី​វិស័យ​កាត់ដេរ​។​

​នា​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភ ឆ្នាំ​២០២០ នៅ​វិមាន​រដ្ឋសភា ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​គណប្រតិភូ ជួបប្រជុំ​ជាមួយ លោកជំទាវ ឡោក ខេង ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន​
​យុវនីតិសម្បទា ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី នៃ​រដ្ឋសភា (​គណៈកម្មការ​ទី​៨) និង​សមាជិក​គណៈកម្មការ ដើម្បី​ធ្វើ​របាយការណ៍​សង្ខេប​ទាក់ទង​នឹង​វឌ្ឍនភាព បញ្ហា​ប្រឈម​ក្នុងដំណាក់កាល​កូ​វីដ​-១៩ និង​ទិសដៅ​បន្ត​ឆ្នាំ​២០២១ ដោយបាន​ផ្តោតទៅលើ​លទ្ធផល​ដែល​ក្រសួង​ខិតខំ​សម្រេចបាន​សំដៅ​ធានា​ចូលរួម​ដោះស្រាយ​សម្រួល​ដល់​ការលំបាក​ទាំង​មា្ច​ស់រោង​ចក្រ សហគ្រាស គ្រឹះស្ថាន និង​បងប្អូន​កម្មករនិយោជិត និង​បងប្អូន​ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស​។

​ជា​លទ្ធផល​ក្រសួង​បាន​ខិតខំ​សម្រេចបាន​នូវ​លទ្ធផល​គួរ​ជាទី​មោ​ន​ទ​ន ដែល​ទទួលបាន​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ពី​គណៈកម្មការ​ទី​៨ នៃ​រដ្ឋសភា ដែល​ក្រសួង​បាន​ចូលរួម​ធានាបាន​នូវ​ការសម្រួល​ដល់​ដំណើរការ​អាជីវកម្ម ផលិតកម្ម ពាណិជ្ជកម្ម និង​វិនិយោគ និង​ធានាបាន​នូវ​ការងារ​ជូន​ដល់​កម្មករនិយោជិត ដោយបាន​កាត់បន្ថយ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​ក្នុង​អត្រា​ទាប​បំផុត ហើយ​អាច​រក្សាបាន​លំនឹង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​កម្មករនិយោជិត ដោយបាន​ខិតខំ​អនុវត្តបាន​ជោគជ័យ​នូវ​កញ្ចប់​វិធានការ​ទាំង ៧​ជុំ របស់​រាជរដ្ឋាភិបាល ជាពិសេស​ការជំរុញ​ក្នុងការ​អនុវត្ត​គោលនយោបាយ​ជាតិ​គាំពារ​សង្គម និង​វិធានការ​ជំនួយ​សង្គម​ដល់​កម្មករនិយោជិត ក្នុង​គោលបំណង (១) ជួយ​ទំនុកបម្រុង​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​កម្មករនិយោជិត​, (២) ជួយ​ទំនុកបម្រុង​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​, និង (៣) ជួយ​ទ្រទ្រង់ និង​ស្ដារ​អាជីវកម្ម និង​ធុរកិច្ច​ឱ្យ​ងើប​ឡើងវិញ​ដើម្បី​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​នៅក្នុង​បរិការណ៍​ក្រោយពី​វិបត្តិ ដោយ​ក្នុងនោះ​៖

– បាន​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ចំនួន ៤០​ដុល្លារ​អាម៉េរិក ក្នុង​១​ខែ ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ និង​
​វិស័យ​ទេសចរណ៍​ចំនួន ៣៤០ ០៣២​នាក់ ដែល​ស្មើនឹង​ថវិកា ៩៥​ប៊ី​លាន​រៀល (​ប្រមាណ​ជា ២៣​លាន​ដុល្លារ​អាម៉េរិក​) ក្នុងអំឡុង​ពេលដែល​រោងចក្រ សហគ្រាស​ផ្អាក​សកម្មភាព​អាជីវកម្ម និង​ព្យួរ​កិច្ចសន្យាការងារ​។​

– បានរៀបចំ​ការបណ្តុះបណ្តាល​ជំនាញ​ទន់ ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដល់​កម្មករនិយោជិត​សរុប​ចំនួន ៦៦ ៦០៧​នាក់ (​ស្រី ៥៣ ៦១០​នាក់​) មកពី​រោងចក្រ សហគ្រាស​ចំនួន ១០៧​។​

– បានផ្តល់​សេវា​ធានារ៉ាប់រង​របប​សន្តិ​សុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ (​គ្រោះថ្នាក់​ការងារ​) និង​ផ្នែក​ថែទាំ​
​សុខភាព ដល់​កម្មករនិយោជិត​ចំនួន​ប្រមាណ​ជា ៣៨​ម៉ឺន​នាក់ បើទោះបីជា​និយោជក​មិនបាន​បង់​ភាគទាន​ជូន ប​.​ស​.​ស​. ក្នុងអំឡុងពេល​ព្យួរ​អាជីវកម្ម ឬ​ផ្អាក​ដំណើរការ​អាជីវកម្ម​ក៏ដោយ​។​

– បាននិងកំពុង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ពិសេស​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​១ (C1) ដោយ​មិន​គិតថ្លៃ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ២០​ម៉ឺន​រៀល ក្នុង​១​ខែ សម្រាប់​រយៈពេល ៤​ខែ ដល់​កម្មករនិយោជិត​ដែល​បាត់បង់​ការងារ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៦ ៥០០​នាក់ លើ​មុខជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​សំខាន់ៗ ដែល​ទីផ្សារការងារ​កំពុងមាន​តម្រូវការ​ខ្ពស់ ពេលបច្ចុប្បន្ន និង​ទៅ​អនាគត សម្រាប់​កម្មករនិយោជិត​ដែល​ត្រូវបាន​ព្យួរការងារ និង​បាត់បង់​ការងារ​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

– ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​ជា ២,៧​លាន​នាក់ នៃ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន ៦៧៤ ១៤៦​គ្រួសារ បានទទួល​ប្រាក់ឧបត្ថម្ភ​របស់​រាជ​រដ្ឋាភិបាល ដែល​ចំណាយ​ថវិកា​សរុប​ចំនួន​ប្រមាណ​ជា ១៣៥,៥​លាន​ដុល្លារ​អាម៉េរិក​។​
បើតាម​ការវាយតម្លៃ ផលប៉ះពាល់​លើ​វិស័យ​ការងារ​នៃ​កម្មករនិយោជិត​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ គឺ​ស្ថិតនៅក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់គ្រង​បាន និង​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​លំបាក​បំផុត​រួចមកហើយ​។ ជាក់ស្តែង ការព្យួរ​កិច្ចសន្យាការងារ​របស់​រោងចក្រ សហគ្រាស នៃ​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​បាន​ថយ​ពី​ចំណុចកំពូល​នៅក្នុង​ខែមិថុនា ឆ្នាំ​២០២០ ដែល​នៅពេលនោះ​មាន​រោងចក្រ សហគ្រាស​រហូតដល់​ទៅ​ចំនួន ៤៣៣ ស្មើនឹង​កម្មករនិយោជិត​ចំនួន ១៥៣ ៣៣៦​នាក់ បាន​កំពុង​ព្យួរ​កិច្ចសន្យាការងារ គិត​មកដល់​បំណាច់​ខែធ្នូ ឆ្នាំ​២០២០​នេះ មាន​រោងចក្រ សហគ្រាស​ត្រឹម​ចំនួន ១៥០ ដែល​ស្មើនឹង​កម្មករនិយោជិត​ចំនួន ២៣ ៦៨២​នាក់ ប៉ុណ្ណោះ កំពុង​ព្យួរ​កិច្ចសន្យាការងារ​។​

​ទន្ទឹមនឹងនេះ ឆ្នាំ​២០២០ មាន​សហគ្រាស​ចំនួន ១ ៣៥៦ បាន​បិទ​លែង​ដំណើរការ និង​កម្មករនិយោជិត​បាត់បង់​ការងារ​ចំនួន ១០៨ ៨២៥​នាក់ ដែល​ចំនួន​នេះ គឺ​ច្រើនជាង​ឆ្នាំ​២០១៩ ក្នុង​រយៈពេល​ដូចគ្នា ដែលមាន​សហគ្រាស ចំនួន ៩៦៩ និង​កម្មករនិយោជិត​បាត់បង់​ការងារ​ចំនួន ៨៥ ៨៨៩​នាក់ ដែល​ភាគច្រើន គឺជា​ប្រភេទ​រោងចក្រ​សហគ្រាស ក្រៅពី​វិស័យ​កាត់ដេរ​។ ក្នុង​រយៈពេល​ដូចគ្នានេះ រោងចក្រ សហគ្រាស​ចំនួន ១ ១០៣ បាន​បើក​ថ្មី និង​បាន​បង្កើត​ការងារ​បន្ថែមចំនួន ៦១ ២៥៧​នាក់ ផងដែរ​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏បាន​ខិតខំ​ផ្តល់ព័ត៌មាន​ទីផ្សារការងា​រ​ដល់​អ្នកស្វែងរក​ការងារ​ប្រមាណ​ជាង ២,៣​លាន​នាក់ តាមរយៈ​វេទិកា​ការងារ សេវា​ទូរ​សព្ទ គេហទំព័រ​ការងារ បណ្តាញ​ទំនាក់ទំនង​សង្គម និង​មជ្ឈមណ្ឌល​ការងារ​៕

អត្ថបទដែលជាប់ទាក់ទង