ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ​២០២០ អាស៊ាន​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ ២៦ លាន​នាក់ ធ្លាក់ចុះ ៨០.៥% ដោយសារ​វិបត្តិ​កូ​វីដ​១៩

56

 

​ភ្នំពេញ ៖ ដោយសារ​រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ធ្វើឱ្យ​តំបន់​អាស៊ាន​ទាំងមូល​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​តែ ២៦ លាន​នាក់​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០២០ កន្លងទៅ ពោលគឺ​មានការ​ធ្លាក់ចុះ​ក្នុង​អត្រា ៨០.៥ ភាគរយ​។
​ស្ថិតិ​នេះ​ត្រូវបាន​បង្ហាញឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២៤ នា​ព្រឹក​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១​។​
​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​លើក​ទី​២៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយចំនួន​នាឱកាស​នេះ ត្រូវបាន​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បានបង្ហាញ​នូវ​កង្វល់​អំពី​ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ លើ​វិស័យ​ទេសចរណ៍ វិស័យ​ការងារ ពិសេស​គឺ​វិស័យសេដ្ឋកិច្ច​។ បន្ថែម​ពីនេះ​ទៀត រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ក៏បាន​បង្ហាញ​ពី​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មកកាន់​តំបន់​អាស៊ាន ដោយ​នៅក្នុង​ឆ្នាំ​២០២០ ចំនួន​ទេសចរ​អន្តរជាតិ​ធ្វើដំណើរ​មកកាន់​អាស៊ាន​មាន​ត្រឹម​ប្រមាណ ២៦ លាន​នាក់​ប៉ុណ្ណោះ ធា្ល​ក់​ចុះ ៨០.៥%​។​

​ជាការ​ឆ្លើយតប នា​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ទាំងអស់​បាន​ឯកភាពគ្នា​អនុម័ត លើ​សកម្មភាព​ការងារ​រ​ស្តារ​វិស័យ​ទេសចរណ៍​អាស៊ាន​ឡើងវិញ ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ២០១៦-២០២៥ (ATSP 2016-2025) ដំណាក់កាល​ទី​២​។​

​គួរ​បញ្ជាក់ថា កាលពី​ឆ្នាំ​២០១៩ តំបន់​អាស៊ាន​ទាំងមូល​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ១៣៣ លាន​នាក់ កើនឡើង ៧ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨៕

អត្ថបទដែលជាប់ទាក់ទង