ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខេត្តកណ្តាល ដាក់ពង្រាយ​កងកម្លាំង​ប្រដាប់អាវុធ​នៅ​តំបន់​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ព្រំដែន កម្ពុជា​-​វៀតណាម ធ្វើការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ឆ្លងដែន ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

42

 

​កណ្តាល ៖ ក្រោយពី​ទទួលបាន​បទបញ្ជា​រប​ស់ស​ម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួចមក ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ធ្វើការ​បែងចែក​ដាក់ពង្រាយ​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ឲ្យ​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​ធ្វើការ​យាមល្បាត​ទប់ស្កាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងដែន​ទៅមក រវាង​កម្ពុជា​-​វៀតណាម ។​

​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​តំបន់​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ព្រំដែន កម្ពុជា​-​វៀតណាម ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ដាក់​វិធានការ​បង្ការ ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩ ពី​ប្រទេសជិតខាង ដែលមាន​ខ្សែបន្ទាត់​ព្រំដែន​ជាប់​នឹង​ខេត្តកណ្តាល ពិសេស​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន​-​វៀតណាម នាពេល​ខាងមុខនេះ​។​
​ក្នុងនោះដែរ សមាសភាព​ចូលរួម មាន​កងកម្លាំងប្រដាប់អាវុធ​ទាំងបី និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​។​

​ក្នុងករណី​ប្រជាពលរដ្ឋ​ណា​ម្នាក់ មានការ​ចាំបាច់​ត្រូវតែ​ឆ្លងដែន​នោះ អាជ្ញាធរ​តម្រូវ​ឲ្យ​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។ ដោយឡែក​ការដោះដូរ​ទំនិញ នៅតែ​បន្ត​ជាធម្មតា តែ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ។​

​ខេត្តកណ្តាល​មាន​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​ប្រវែង​២៩.៥​គីឡូម៉ែត្រ ក្នុងនោះ​មាន​២​ស្រុក គឺ​ស្រុក​កោះធំ និង​ស្រុក​លើកដែក ត្រូវបាន ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បែងចែក​កងកម្លាំង​ទាំងបី​ប្រភេទ មាន​កម្លាំង​នគរបាល ,​កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំងយោធា ជាង​៥០០​នាក់​ដាក់ពង្រាយ ដើម្បី ធ្វើការ​យាមល្បាត​ទប់ស្កាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ភាគី​កម្ពុជា និង​ភាគី​វៀតណាម​ធ្វើដំណើរ​ឆ្លងដែន​ទៅវិញទៅមក ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ។ ដោយឡែក ការដោះដូរ​ទំនិញ​រវាង​កម្ពុជា​-​វៀតណាម នៅតែ​បន្ត​ជាធម្មតា តែ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ៕


អត្ថបទដែលជាប់ទាក់ទង