ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ កុមារកំព្រា និង​កុមា​រគ​ថ្លង់ នៅ​ខេត្តសៀមរាប​

56

 

​សៀមរាប ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី ១៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​វិទ្យាស្ថាន​អប់រំ​ពិសេស ខេត្តសៀមរាប សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ជួប​សំណេះសំណាល និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​លោកគ្រូ អ្នកគ្រូ និង​ប្អូនៗ​កំព្រា និង​កុមា​រគ​ថ្លង់​ចំនួន ២៦៥​នាក់ មកពី​មជ្ឈមណ្ឌល​កុមារកំព្រា​ខេត្តសៀមរាប និង វិទ្យាស្ថាន​អប់រំ​ពិសេស ខេត្តសៀមរាប​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​ប្អូនៗ​កុមារ​គ​ថ្លង់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​បាន​សួរសុខទុក្ខ​អំពី​ស្ថានភាព​រស់នៅ និង​ការរៀនសូត្រ​របស់​ប្អូនៗ ដែល​រស់នៅក្នុង​មជ្ឈមណ្ឌល​កុមារកំព្រា​ខេត្តសៀមរាប និង​ប្អូនៗ​រស់នៅ​វិទ្យាស្ថាន​អប់រំ​ពិសេស ខេត្តសៀមរាប​។ សម្ដេច​ប្រធាន ក៏បាន​ក្រើន​រំ​ឮ​ក​ដល់​ប្អូនៗ​ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ ត្រងត្រាប់​ស្ដាប់​ដំបូន្មាន​របស់លោក​គ្រូ អ្នកគ្រូ ដើម្បី​ជា​សិស្ស​ល្អ កូន​ល្អ​។ នាឱកាស​នេះដែរ សម្ដេច​ប្រធាន សូមឱ្យ​លោកគ្រូ អ្នកគ្រូ និង​ប្អូនៗ​ទាំងអស់​ត្រូវ​អនុវត្ដ​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​របស់​ក្រួ​សួង​សុខាភិបាល​ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ព្រោះថា​ជំងឺ​នេះ​ឆ្លង​មិន​រើសមុខ​ទេ មិន​ថា កុមារកំព្រា កុមារ​គ​ថ្លង់ ឬ​អ្នកណា​ឡើយ ហេតុនេះហើយ យើង​ត្រូវ​រួមគ្នា​ប្រយុទ្ធប្រឆាំង កុំឱ្យ​វា​ឆ្លង​ចូលដល់​សហគមន៍​ឱ្យសោះ​។​

​អំណោយ​មនុស្សធម៌​ដែល​បានផ្ដល់​ជូន​មាន​៖
១. សម្រាប់​វិទ្យាស្ថាន​អប់រំ​ពិសេស ខេត្តសៀមរាប​៖ អង្ករ​២​តោន មី​៤​កេស​ធំ ត្រីខ​១០​កេស​តូច ទឹកក្រូច​២០​កេស ទឹកបរិសុទ្ធ​២០​យួរ ផ្លែ​ទំពាំងបាយជូ​១២​កេស ផ្លែ​សារី​៥​កេស ផ្លែ​ប៉ោម​២​កេស ផ្លែ​ខ្វិច​៧​កេស ផ្លែក្រូច​លឿង​២​កេស ផ្លែ​ស្រកានាគ​២​កេស ផ្លែ​មៀន​១​កញ្ច្រែង នំ​អេស​ប៊ី​៩៥​កញ្ចប់ នំ​ដាយ​នូ​ស័​រ​១៨០​កញ្ចប់ នំ​ធុង​៨​ធុង ស្ករ​គ្រាប់​១៥​កញ្ចប់​ធំ​។​
២. សម្រាប់​មជ្ឈមណ្ឌល​កុមា​រ​កំព្រា ខេត្តសៀមរាប​៖ អង្ករ​១​តោន មី​២​កេស​ធំ ត្រីខ​៥​កេស​តូច ទឹកក្រូច​១០​កេស ទឹកបរិសុទ្ធ​១០​យួរ ផ្លែ​ទំពាំងបាយជូ​៦​កេស ផ្លែ​សារី​២​កេស ផ្លែ​ប៉ោម​១​កេស ផ្លែក្រូច​ខ្វិច​៤​កេស ផ្លែក្រូច​លឿង​២​កេស ផ្លែ​មៀន​១​កញ្ច្រែង នំ​អេស​ប៊ី​៩៥​កញ្ចប់ នំ​ដាយ​នូ​ស័​រ​១៨០​កញ្ចប់ នំ​ធុង​៧​ធុង ស្ករ​គ្រាប់​១៥​កញ្ចប់​ធំ​។​
៣. លោកគ្រូ អ្នកគ្រូ ចំនួន​៤៥​នាក់ ម្នាក់ៗ​ទទួលបាន​៖ ក្រណាត់ស​១​ដុំ និង​វ​ថិ​កា ១​សែន​២​ម៉ឺន​រៀល​។​
៤. កុមារកំព្រា និង​កុមា​រគ​ថ្លង់ ចំនួន ២២០​នាក់ ម្នាក់​ទទួលបាន​៖ ក្រណាត់ស​ដុំ និង​ថវិកា​៣​ម៉ឺន​រៀល​។
​នាឱកាស​នេះដែរ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥​ពាន់​ដុល្លារ​អាមេរិក​ដើម្បី​រៀបចំ​ម្ហូបអាហារ​សម្រាប់​ប្អូនៗ​កុមារ​បាន​ញ៉ាំ​ជួបជុំគ្នា​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង