ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​សន្តិសុខ លួច​រថយន្ដ​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក​BMW X5

66

​កំពង់ចាម ៖ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក​ឧត្ដមសេនីយ៍​ស្នងការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត រហូតដល់​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ដេញតាម ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ករណី​លួច​រថយន្ដ​មួយគ្រឿង​។ នៅវេលា​ម៉ោង​១១​និង​៥០​នាទី ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត កំពង់ចាម បានទទួល​ពាក្យបណ្ដឹង​ផ្ទា​ល់ពី​មាត់​ពី ឯកឧត្តម គង់ វុទ្ធី អគ្គ នាយករង នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ថា មាន​ករណី​ចោរកម្ម​លួច​រថយន្ដ​កូនប្រុស​របស់ ឯកឧត្តម ម៉ាក​BMW X5 ពាក់​ស្លាក​លេខ 2AQ-1944 និង​ឯកសារ​ពាក់ព័ន្ធ លួច​ចេញពី​ភ្នំពេញ​ឆ្ពោះ​ឆ្លងកាត់​មក​ខេត្តកំពង់ចាម ។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​បាន​ចាត់​បញ្ជា​ឲ្យ​កម្លាំង​អន្តរាគមន៍ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​នគរបាល​ចរាច​រណ៍​ផ្លូវគោក សហការ ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ចេញ​ប្រតិបត្តិ​ការពិនិត្យ និង​ឃាត់ លើ​អត្ដ​សញ្ញាណ​រថយន្ដ​ដែល​បាន​បាត់​នោះ ។​

 

​រហូតមកដល់ ម៉ោង​១២​និង​៣០​នាទី កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ ដែល​កំពុង ឈរជើង​នៅ​ចំណុច​គោលដៅ​ភូមិ​បាធាយ ស្រុក​បាធាយ ក៏​ប្រទះឃើញ​រថយន្ត​មាន​អត្ដ​សញ្ញាណ​ដូចខាងលើ ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន​មិនបាន​ឈប់​តាម​បញ្ជា​របស់​មន្ត្រី​ចរាចរណ៍ ហើយ​កម្លាំង​ជំនាញ​បាន​ដេញតាម រហូតមកដល់​ចំណុច​ភូមិ តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ត្រូវ បាន​កម្លាំង​ជំនាញ​ឃាត់​រថយន្ដ​បាន​០១​គ្រឿង (​រថយន្ត មាន​អត្តសញ្ញាណ​ខាងលើ​) និង​ជន​ស​ង្យ័​យ​០១​នាក់ ដែលមាន​ឈ្មោះ មេ​ត សុខ​ណាក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​សន្តិសុខ មាន​ទីលំនៅ​ភូមិ​កំពង់​គោ ឃុំ​កំពង់​គោ ស្រុក​ព្រៃ​ប្រសព្វ ខេត្តក្រចេះ ។​

 

​ដោយមាន​ឯកភាព​ពី​លោក សាន សុភៈ ព្រះរាជអាជ្ញារង សមត្ថកិច្ច​បាន នាំយក​ជនសង្ស័យ និង​រថយន្ដ​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ។ ដោយ​ក្នុងនោះ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ និង​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ក៏​បាននិងកំពុង​សាកសួរ និង​ពិនិត្យ​រក​សារធាតុ​ញៀន​ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង