ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្រាតម្លៃសេវាប្រមូលសំរាម ក្នុងអំឡុងពេលអន្តរកាលនេះ និងអនុញ្ញាតឱ្យបុរេទូទាត់ត្រឹមរយៈពេល០៦ខែ ចាប់ពីខែមករាដល់ខែមិថុនា

47

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រើប្រាស់អត្រាតម្លៃសេវាប្រមូលសំរាម និង សំណល់រឹង នៅរាជធានីភ្នំពេញដែលកំពុងអនុវត្ត ក្នុងអំឡុងពេលអន្តរកាល សម្រាប់ឆ្នាំ២០២១នេះ និងអនុញ្ញាតឱ្យបុរេទូទាត់ (បង់ប្រាក់ទុកជាមុន Pre-payment) ត្រឹមរយៈពេល ០៦ ខែ ដោយចាប់ពីខែមករា ឆ្នាំ២០២១ រហូតដល់ខែមិថុនា ឆ្នាំ២០២១។

  នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពីការអនុវត្តអត្រាថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញសម្រាប់ដំណាក់កាលអន្តរកាល និងយន្តការបុរេទូទាត់ សម្រាប់ឆ្នាំ២០២១ ដែលសារព័ត៌មានយើងទទួលបាន នាព្រឹកថ្ងៃទី១៩កុម្ភៈនេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា យោងលិខិតលេខ ៤៩៥ សហវ ចុះថ្ងៃទី២៧ ខែមករាឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ទាំងអស់ ជ្រាបថា សម្រាប់ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បន្តប្រើប្រាស់អត្រាតម្លៃសេវាប្រមូលសំរាម និង សំណល់រឹង នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ក្នុងអំឡុងពេលអន្តរកាលនេះ និងអនុញ្ញាតឱ្យបុរេទូទាត់ (បង់ប្រាក់ទុកជាមុន Pre-payment) ត្រឹមរយៈពេល ០៦ ខែ ចាប់ពីខែមករាឆ្នាំ២០២១ រហូតដល់ខែមិថុនា ឆ្នាំ២០២១។

   ចំពោះនីតិវិធីនៃការបង់សេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សូមប្រើប្រាស់លេខសំគាល់ អតិថិជនID (មានក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ហារទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ., វឌ្ឍនៈ, ប្រៃសណីយ៍កម្ពុជា ., ABA, WING, AMK, FTB, WB Finance, Prince Bank, CHIP MONG, ស្ថាបនា ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀតដូចជា EMONEY, TrueMONEY, លីហួរវេរលុយ និងPIPay សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកសាលារាជធានីភ្នំពេញ ឬតាមទំព័រហ្វេសប៊ុកផ្លូវការ រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ឬតាមលេខទូរស័ព្ទ ០៨៧ ២៥៨៨៣៥។

  ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជន ទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាជ្រាប និងអនុវត្តតាមសេចក្តីជូនដំណឹងនេះ៕

 

អត្ថបទដែលជាប់ទាក់ទង