ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ថ្ងៃនេះ​ទិវា​សហគម​ន៏​អភិរក្ស​សត្វព្រៃ ពិសេស​សត្វ ពង្រូល ពិភពលោក

39

 

​ភ្នំពេញ​៖ ថ្ងៃនេះ​ទិវា​សហគម​ន៏​អភិរក្ស​សត្វព្រៃ ពិសេស​សត្វ ពង្រូល ពិភពលោក យោងតាម​ការសិក្សា​ស្រាវជ្រាវ និង​តាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បានឱ្យដឹងថា សត្វ​ពង្រូល​ជា​ប្រភេទ​ថនិកសត្វ ដែល​ត្រូវបាន​ជួញដូរ​ច្រើនជាង​បំផុត​លើ​ពិភពលោក ជាពិសេស​គឺ​ការជួញដូរ​ពាណិជ្ជកម្ម​អន្តរជាតិ ដោយ​ខុសច្បាប់ ដើម្បី​យកទៅ​ធ្វើជា​ឱសថ​បូរាណ ថ្នាំ​ប៉ូវ​សុខភាព ក៏ដូចជា​ថ្នាំ​ព្យាបាល​ជំងឺ​ផ្សេងៗ​។​
សត្វ​ពង្រូល​ជា​ប្រភេទ​សត្វ​ដែល​ស្លូត និង​អៀន​ច្រើន ហើយ​ពុំមាន​បង្ក​ហានិភ័យ​ណាមួយ​ដល់​មនុស្ស​នោះទេ បើទោះបីជា​វា​កំពុង​ត្រូវបាន​រំខាន​ក៏ដោយ​។ ពង្រូល​មាន​ត្រចៀក​តូច ហើយ​ស្បែ​កមាន​ស្រកា​ក្រាស់ ស្ទើរ​ពេញ​ដងខ្លួន ហើយ​ជាស​ត្វ​មិន​រហ័ស រ​ហួន​នោះទេ ហើយ​នៅពេល​ជួប​ការគំរាមកំហែង ពង្រូល​តែងតែ​រមូល​ខ្លួន​លាក់​មុខ និង​យក​កន្ទុយ​រុំ​ដង ខ្លួន​ដើម្បី​ការពារ​ខ្លួន​។ ពង្រូល ស៊ី​សត្វល្អិត​ជា​ចំណី ដូចជា​ស្រមោច អង្ក្រង និង​កណ្ដៀរ​ជាដើម តាមរយៈ​អណ្តាត​ដែលមាន​ប្រវែង​ប្រមាណ​២៥​សង់ទីម៉ែត្រ របស់​វា​។ ជាទូទៅ​ពង្រូល​អាចបង្កើត​កូន​បាន​ម្ដង​១ ទៅ ២​ក្បាល ក្នុង​រយៈពេល​ពពោះ​ប្រមាណ​៥​ខែ ខណៈ​អាយុ​ពេញវ័យ​អាច​បន្ត​ពូជ​បាន គឺ​ក្នុងអំឡុងពេល​អាយុ​២​ឆ្នាំ ហើយ​ជាទូទៅ​ពង្រូល​អាច​រស់នៅ​បានរ​ហូត​ដល់​អាយុ​២០​ឆ្នាំ​។​
ដោយឡែក​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​របស់​សត្វ ពង្រូល​នៅ​កម្ពុជា​វិញ លោក Olly Griffin ដែលជា​ទីប្រឹក្សាបច្ចេកទេស នៃ​អង្គការ WCS នៅ​កម្ពុជា បាន​គូសបញ្ជាក់ថា​៖ ប្រទេស​កម្ពុជា គឺជា​ជម្រក​រស់ នៅ​របស់​សត្វ​ពង្រូល​មួយ​ប្រភេទ​មាន​ឈ្មោះថា Sunda Pangolin ឬ Malayan or Javan pangolin ដែលមាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Manis javanica​។ ក្នុងនោះ​ពង្រូល​នៅ​ប្រទេស​កម្ពុជា កំពុង​រង​ហានិភ័យ​នៃ​ការជួញដូរ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​អន្តរជាតិ​ផងដែរ ដោយមាន​ឈ្មួញ​លួច​ប្រមូល​ទិញ និង​នាំចេញ​ទៅកាន់​ប្រទេស​ចិន និង​វៀតណាម ដែល​កត្តា​នេះហើយ​ធ្វើឱ្យ​ចំនួន​របស់​សត្វ​ពង្រូល​កំពុង​បន្ត​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​គួរឱ្យ​ព្រួយបារម្ភ ។​
តាមច្បាប់​ស្តីពី​ព្រៃឈើ របស់​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​ទី​៤៩ បាន​ចែងថា ការគំរាមកំហែង បរបាញ់ ដាក់​អន្ទាក់ ដាក់​ថ្នាំ​បំពុល ទិញ​លក់​ឬ​ជួញដូរ ចិញ្ចឹម ដឹកជញ្ជូន​។ នៃ​សត្វ​ពង្រូល នឹង​ប្រឈម​ផ្លូវច្បាប់ ហើយ​អាច​ជាប់ទោស​រហូតដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ប្រមាណ​១០​លាន​រៀល​។ ប៉ុន្តែ​បើទោះបីជា​មានច្បាប់​ការពារ មាន​ក្រសួង​ស្ថាប័ន និង​អង្គការ​ជា​ដៃគូ​ជាច្រើន​ចូលរួម​ការងារ​អភិរក្ស​សត្វ​ពង្រូល​នេះ​ក៏ ដោយ ប៉ុន្តែ​ពង្រូល បាននិងកំពុង​រង​ការគំរាមកំហែង​យ៉ាងខ្លាំង ដោយ​ការ​ប្រមាញ់ ដើម្បី​យកទៅ​ធ្វើជា​ឱសថ​បូរាណ ឱសថ​ប៉ូវ​សុខភាព និង​អាច​ព្យាបាល​ជំងឺ​ជាដើម ដោយមាន​អ្នក​លួច​ប្រមាញ់ និង​មាន​ឈ្មួញ​លួច​ប្រមូល​ទិញ​ដោយ​លួចលាក់ រួច​នាំ​ចេញទៅ​ក្រៅប្រទេស​។​
លោក Olly Griffin បានបញ្ជាក់​បន្ថែមថា ៖ ការជួញដូរ​សត្វ​ពង្រូល គឺ​ដូចគ្នា​នឹង​ការជួញដូរ​សត្វ​ខ្លាដំបង​ផងដែរ គឺ​តាមរយៈ​ការ​លាយ​ឈាម​សត្វ​ទាំងពីរ​នេះ ចូលគ្នា​ជាមួយ​ស្រា​(​ពេលខ្លះ​អាចមាន​រហូតដល់​ដាក់ សាកសព​សត្វ​ទាំងមូល​នៅក្នុង​ធុង​ស្រា​ក៏មាន​) ដើម្បី​ផលិត​ជា​ស្រា​ឱសថ​បូរាណ ឬក៏​ស្រា​ប៉ូវ​សុខភាព ហើយ​ដែល​ពុំមាន​លក្ខណៈ​វេជ្ជសាស្ត្រ​ណាមួយ​សោះ ប៉ុន្តែ​បែរជា​អ្នកប្រើប្រាស់ ជឿ​ទៅលើ​រឿង​ដែល​មិនគួរ​ឱ្យ​ជឿ​នេះ​ទៅវិញ ហើយ​ហ៊ាន​រហូតដល់​ទិញ​ក្នុងតម្លៃ​ដ៏​ខ្ពស់​ក៏មាន ។
ក្នុងន័យ​ស្រដៀង​គ្នា​នេះដែរ ពាក់ព័ន្ធ​នឹង​លក្ខណៈ​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ ឯកឧត្តម​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ឈាម ឬ​ស្រកា ឬក៏​ផ្នែក​ណាមួយ​នៃ​សត្វ​ពង្រូល ក៏ដូចជា​សត្វព្រៃ​ដទៃទៀត គឺ​ពុំមាន​លក្ខណៈ​វេជ្ជសាស្ត្រ ឬ​វិទ្យាសាស្ត្រ​ណាមួយ​អះអាង​នោះទេ​ថា អាច​ផ្សំ ឬ​លាយ​ជាមួយ​អ្វីមួយ ដើម្បី​ចេញ​ជា​ថ្នាំ​ព្យាបាល ថ្នាំ​បង្កើន​សុខភាព ឬ​ជំនួយ​សុខភាព​នោះទេ ប៉ុន្តែ​វា​អាចជា​ប្រភព​ចម្លងជំងឺ​ពីស​ត្វ​នោះមក​មនុស្ស​ទៅវិញ​ទេ​។
លោក លី សូ​វ៉ាន់ បាន​សង្កត់ធ្ងន់ថា​៖​នោះ​គឺជា​ការជឿ​តៗ​គ្នា ដែល​គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ទាល់តែសោះ ។​
យោងតាម​ការផ្សាយ​នៅក្នុង​គេហទំព័រ របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ (WWF) បាន​ប៉ាន់​ស្មានថា មាន​សត្វ​ពង្រូល​ប្រមាណ ១​លាន​ក្បាល ត្រូវបានធ្វើ​ការជួញដូ​រ អំឡុងពេល​១០​ឆ្នាំ ចុងក្រោយ​នេះ ខណៈ​សត្វ​ពង្រូល​ប្រមាណ ១៩៥ ០០០​ក្បាល ត្រូវបាន​ជួញដូរ នៅក្នុង​ឆ្នាំ​២០១៩ សម្រាប់តែ​ស្រកា​មួយ​មុខ​។ ដោយឡែក​នៅ​កម្ពុជា​វិញ ចាប់ តាំងពី​ឆ្នាំ​២០០១ រហូតដល់​ឆ្នាំ​២០០៨ អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា សហការ​ជាមួយ​អង្គការ​ដៃគូ បាន​ចាប់​រឹបអូស​សត្វ​ពង្រូល​បាន​ចំនួន ៥៥៨​ក្បាល ពី​ពួក​អ្នកប្រមាញ់ និង​ឈ្មួញកណ្តាល ដែល​កត្តា​នេះ​គ្រាន់តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់ នៃ​សត្វ​ពង្រូល​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ដោយ​មើលឃើញ​ពី​ការគំរាមកំហែង​នេះ ទើប​អង្គការ WCS ដោយមាន​ការគាំទ្រ​ពី​ក្រសួងបរិស្ថាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​ការពារ និង​អភិរក្ស ប្រភេទ​ថនិកសត្វ​នេះ នៅតាម​តំបន់ការពារធម្មជាតិ​ធំៗ រួមទាំង​តំបន់​ដែល​ត្រូវបាន​គេ​រកឃើញ​ពង្រូល​រស់នៅ​ផងដែរ​។ អង្គការ​WCS ក៏បាន និង​កំពុងធ្វើការ​ជាមួយនឹង​សហគមន៍​មូលដ្ឋាន ដើម្បី​ជំរុញ​ជីវភាព រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​ការគាំទ្រ ដើម្បី​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ ការអប់រំ​ផ្សព្វផ្សាយ​អំពី​ការងារ​អភិរក្ស ការជ្រើសរើស​មុខរប​រ​ផ្សេងៗ​ក្រៅពី​បរបាញ់​សត្វ ដែលជា​ផែនការ​រយៈពេល​វែង​ក្នុងការ​ចូលរួម កាត់បន្ថយ​សម្ពាធ​ក្នុងការ​សម្លាប់​សត្វព្រៃ​នៅ​កម្ពុជា​ដោយ​ខុសច្បាប់​។​
​សត្វ​ពង្រូល​ត្រូវបាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ (IUCN: International Union for Conserva tion of Nature) ជា​ប្រភេទ​សត្វ​កំពុង​រង​ការគំរាមកំហែង​យ៉ាងខ្លាំងបំផុត (Critically endangered) ឈានទៅរក​ការ​ផុត​ពូជ នៅលើ​ពិភពលោក​៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង