ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ក្រសួង​អប់រំ ចេញ​សេចក្តីណែនាំ ពី​វិធានការ​សម្រាប់​មន្ត្រី​អប់រំ បម្រើ​ការងារ​នៅតាម​អង្គភាព​ថ្នាក់ជាតិ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩

38

 

​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីណែនាំ ស្តីពី​វិធានការ​សម្រាប់​មន្ត្រី​អប់រំ បម្រើ​ការងារ​នៅតាម​អង្គភាព​ថ្នាក់ជាតិ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។​

​ការដាក់ចេញ​នូវ​សេចក្តីណែនាំ ស្តីពី​វិធានការ​សម្រាប់​មន្ត្រី​អប់រំ បម្រើ​ការងារ​នៅតាម​អង្គភាព​ថ្នាក់ជាតិ​នេះ ធ្វើឡើង​ក្រោយ​មានការ​ផ្ទុះឡើង នូវ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​។​

​យោងតាម​សេចក្តីណែនាំ ក្រសួង​អប់រំ យុវជន និង​កីឡា ពី​វិធានការ​សម្រាប់​មន្ត្រី​អប់រំ​បម្រើការ​នៅតាម​អង្គភាព​ថ្នាក់ជាតិ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្រសួង​អប់រំ​យុវជន និង​កីឡា​សូម​ណែនាំ​ដល់​មន្ត្រី​អប់រំ​បម្រើការ​នៅតាម​អង្គភាព​ថ្នាក់ជាតិ​ទាំងអស់​ដូចខាងក្រោម ៖
​បន្ត​រឹតបន្តឹង​ការប្រុងប្រយ័ត្ន និង​ពង្រឹង​ការអនុវត្ត​វិធានការ -៣​ការពារ និង​៣​កុំ​” ឱ្យបាន​ម៉ឺងម៉ាត់​។​

​ផ្អាក​រាល់​សកម្មភាព​ជួបជុំ និង​សកម្មភាព​កីឡា​ដែលមាន​អ្នកចូលរួម​លើសពី ២០ នាក់ ឬ ត្រូវ​រៀបចំ​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ដូចជា ZOOM, Microsoft team, Skype.​។​

​អនុញ្ញាតឱ្យ​មន្ត្រី​អប់រំ​ធ្វើការ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន តាម​ប្រព័ន្ធ​អន​ឡាញ និង​ផ្អាក​ការត្រួតពិនិត្យ​វត្តមាន គ្រប់​អង្គភាព​ត្រូវ​រៀបចំ​វេន​ការងារ ដើម្បី​ធានា​កិច្ចការ​នៅ​ការិយាល័យ​នីមួយៗ​មានដំណើរ​ការ​ជា​ប្រក្រតី និង​មិន​រាំងស្ទះ​ដល់​ការងារ​របស់​ស្ថាប័ន​។​

​បន្ត​ដាក់​ឆ្លង​ឯកសារ និង​បែងចែក​ឯកសារ តាម​ប្រព័ន្ធ​ឌីជីថល ដូចជា Telegran, Whatsapp​។
​អង្គភាព​ថ្នាក់ជាតិ​ទាំងអស់ ត្រូវ​តាមដាន​និង​រាយការណ៍​ជាប្រចាំ​អំពី ស្ថានភាព​សុខភាព​របស់​មន្ត្រី​។​

​មន្ត្រី​អប់រំ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស​ការពារ ឱ្យបាន​ជាប់លាប់​គ្រប់ពេល​ចេញចូល និង​ពេល​បំពេញការងារ ត្រូវ​រក្សា​អនាម័យ ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​ទឹក​អាល់កុល​ជាប្រចាំ​។​

​គ្រប់​ច្រកចេញចូល ត្រូវ​កំណត់ឱ្យ​មានការ​វាស់​ក​ម្ដៅ និង​ពាក់​ម៉ាស​ជាប្រចាំ ក្នុងករណី​មិន​អនុវត្តតាម មិនត្រូវ អនុញ្ញាតឱ្យ​ចូលក្នុង​បរិវេណ ជាដាច់ខាត​។​

​ករណី​មានការ​សង្ស័យ ឫស​ភាពមិនប្រក្រតី ដែលជា​រោគសញ្ញា​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​រាយការណ៍ ឬ ទូរ​សព្ទ​ទៅ លេខ ១១៥ ជាបន្ទាន់​។​

​ទទួលបាន​សេចក្តីណែនាំ​នេះ អង្គភាព​ថ្នាក់ជាតិ​ទាំងអស់​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន ទូលំទូលាយ និង​ចូលរួម​សហការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង