ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

JICA ផ្តល់​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ចំនួន​១៦​គ្រឿង ដល់​កម្ពុជា​

53

​ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា (JICA) បានផ្តល់​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ចំនួន​១៦​គ្រឿង ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ JICA នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ ។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​នា​ថ្ងៃទី ០៨ និង ១៦ ខែកុម្ភៈ ឆ្នាំ​២០២១ ទីភ្នាក់ងារ JICA បានប្រគល់​ជូន​ឧបករណ៍​សម្រាប់​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ ១៩​ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ (IPC) ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន​លើ​ការបង្កើន​សមត្ថភាព​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩»​។​

​បើតាម JICA, ឧបករណ៍​ទាំងនោះ​រួមមាន QIAamp® Viral RNA Minikit ចំនួន ២៥០​តេស្ត ស្មើនឹង ៨​គ្រឿង (​សរុប ១៦០០​តេស្ត​) និង SuperScript® III Platinum® One-Step Quantitative RT PCR system ចំនួន ៥០០​តេស្ត​ស្មើនឹង ៨​គ្រឿង (​សរុប ៤០០០​តេស្ត​)​។​

JICA មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ចូលរួម​គាំទ្រ​ដល់ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​បាន​ខិតខំ​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ នៅ​ប្រទេស​កម្ពុជា​។​

«​នេះ​គឺជា​ការចូលរួមចំណែក​ជា​លើក​ទី​២ របស់ JICA ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ ដែល​លើក​ទី​១ នៃ​ការ​ប្រគល់ជូន SuperScript® III Platinum® One-Step Quantitative RT PCR system ចំនួន ៥០០​តេស្ត ស្មើនឹង ១​គ្រឿង​បានធ្វើ​ឡើង​នា​ខែកក្កដា ឆ្នាំ ២០២០»​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​។​

​សូមជម្រាបថា JICA បាន​ផ្តោត​សំខាន់​លើ​ការលើកកម្ពស់​ការឆ្លើយ​តប​ទៅនឹង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​កម្រិត​មូលដ្ឋាន​ជាមួយ​កម្មវិធី​ពង្រឹង​ការយល់ដឹង​ក្នុង​សហគមន៍​។ ឧទាហរណ៍​គម្រោង​លើកកម្ពស់​ការការពារ​ពី​មេរោគ​កូ​វីដ​១៩ តាមរយៈ​ការផ្សព្វផ្សាយ​តាម​សហគមន៍ ដោយ​ផ្តល់​ការបណ្តុះបណ្តាល ស្តីពី​ការពង្រឹង​ការការពារ​ពី​មេរោគ​កូ​វីដ​១៩ ដល់​ប្រជាជន​ងាយ​រងគ្រោះ កម្មករ​រោងចក្រ​កាត់ដេរ និង​វាយ​ន​ភណ្ឌ​ជាច្រើន​នៅក្នុង​ក្រុង​បាវិត និង​ខេត្តស្វាយរៀង​។​

JICA ប្តេជ្ញា​ក្នុង​ការធ្វើការងារ​បន្ថែ​ម​ទៀត​ជាមួយ​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង