ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផលិតផល Firmax3 Cream ជាគ្រឿងសំអាង មិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺនោះទេ , សូមបញ្ឈប់ការប្រើប្រាស់ជាបន្ទា​ន់ វាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព

430

ភ្នំពេញ៖ ផលិតផល Firmax3 Cream បានផ្សព្វផ្សាយអួតអាងថា អាចព្យាបាលជំងឺសន្លាក់ដៃជើង ជំងឺបេះដូង ខ្លាញ់រុំសសៃឈាម ជំងឺទឹកនោមផ្អែម ទឹកនោម​ប្រៃ ជំងឺក្រពះ ពោះវៀន ជំងឺឬសដូងបាត ជំងឺស្រ្ដីគ្រប់ប្រភេទ ជំងឺលើសឈាម ព្រមទាំងជំងឺជាច្រើនមុខទៀត។ ក្រសួងសុខាភិបាល បញ្ជាក់ថា ផលិតផល Firmax3 Cream ជាគ្រឿងសម្អាង គ្មានគុណភាពបង្ការ ឬអាចព្យាបាលជំងឺដូចការផ្សព្វផ្សាយបំផ្លើសខាងលើនេះទេ ។ ក្រសួងសុខាភិបាល បានអំពាវនាវដល់​ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់គ្រឿងសម្អាងឈ្មោះ Firmax3 Cream បញ្ឈប់ការប្រើប្រាស់ជាបន្ទា​ន់ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព និងមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។

ការអំពាវនាវរបស់ក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា លើបណ្ដាញសង្គម​ហ្វេសប៊ុក មានអ្នកចែកចាយផលិតផលនេះ បានផ្សព្វផ្សាយអួតអាង ភូតកុហក បោកប្រាស់ បំផ្លើស​ហួសពីការពិតនូវផលិតផលប្រភេទនេះ។ ពួកគេបានអួតអាងថា ផលិតផលនេះអាចព្យាបាលជំងឺសន្លាក់ដៃជើង ជំងឺបេះដូង ខ្លាញ់រុំសសៃឈាម ជំងឺទឹកនោមផ្អែម ទឹកនោម​ប្រៃ ជំងឺក្រពះ ពោះវៀន ជំងឺឬសដូងបាត ជំងឺស្រ្ដីគ្រប់ប្រភេទ ជំងឺលើសឈាម ព្រមទាំងជំងឺជាច្រើនមុខទៀត។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ផលិតផល Firmax3 Cream គ្រាន់តែជាគ្រឿងសំអាង ដូចនេះគ្មានគុណភាព ក្នុងការបង្ការ ឬព្យាបាលជំងឺណាមួយដូចការផ្សព្វផ្សាយនោះឡើយ។

តាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ដែរថា គ្រឿងសំអាង Firmax3 Cream ដែលកំពុងផ្សព្វផ្សាយនេះ ជាផលិតផលក្នុង
ប្រទេសម៉ាឡេស៊ី និងនាំចូលដោយក្រុមហ៊ុន RF3 WORD CAMBODIA ប៉ុន្ដែក្រុមហ៊ុនបានបញ្ជាក់ថា គណនីដែល​ផ្សព្វផ្សាយបំផ្លើសឲ្យហួសពីការពិតនេះ មិនមែនជាគណនីហ្វេសប៊ុករបស់ក្រុមហ៊ុននោះឡើយ។

ក្រសួងសុខាភិបាល បានអំពាវនាវដល់ម្ចាស់គណនីហ្វេសប៊ុក ដែលផ្សព្វផ្សាយបំផ្លើសខុសពីការពិតទាំងអស់ ត្រូវបញ្ឈប់ការផ្សព្វផ្សាយផលិតផលនេះ តាមបណ្ដាញសង្គមជាបន្ទាន់ បើមិនដូច្នេះទេក្រសួង នឹងចាប់វិធានការតឹងរឹងទៅតាមផ្លូវច្បាប់​ចំពោះម្ចាស់គណនីទាំងអស់៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង