ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក ជ្រុល​ទៅបុក​រថយន្ត​ពីក្រោយ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​

31

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់​បង់ជីវិត​ភ្លាមៗ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​លឿន​ពេក មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ក្នុង​ថ្លុកឈាម​។ ចំណែកឯ​រថយន្ត​បន្ត​បើក​ទៅមុខ​រត់គេច​បាត់ស្រមោល​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ៤​និង ៣០ នាទី​ទៀបភ្លឺ​ថ្ងៃ​ព្រហស្បតិ៍​ទី ៤ ខែមីនា ឆ្នាំ ២០២១ ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ ឈ្មោះ ហៀក​រី​ពី​គីន ភេទ​ប្រុស​អាយុ​២០ ឆ្នាំ​ជាង មាន​ស្រុ​កំណើត​នៅ​ភូមិ​ដូន​ប៉ែន ឃុំ​បឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

​ប្រភពព័ត៌មាន​ពី​បងប្រុស​ម្នាក់​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​កូរ៉េ​មួយគ្រឿង​មិន​ចាំ​ផ្លាកលេខ បានធ្វើ​ដំណើរ​ពី​រង្វង់​មូល​គួច​កាណុង​ឡើងលើ​ស្ពាន​ជ្រោយចង្វារ ក្នុងទិសដៅ​ពី​លិច​មក​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ កំពង់ធំ​1H 7362 ជិះ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​ស្របគ្នា​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ពេញទំហឹង​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។ ចំណែក​រថយន្ត​វិញ ដោយ​ឃើញបែបនេះ ក៏​បន្ត​បើក​រត់​ទៅមុខ​បាត់ស្រមោល​ទៅ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលជំនាញ​ចរាចរណ៍ ចុះមក​ដល់​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្រះចក និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​រថយន្ត​សាមុយ​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា រង់ចាំ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង