ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាហានខ្លះបានចាក់វ៉ាក់សាំងលើកទី ១ រួច និងខ្លះបានចាក់រួចទាំងពីរលើក តែនៅឆ្លងវីរុសកូវីដ ១៩

55

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំដល់ក្រុមអ្នកចាក់វ៉ាក់សាំងកូវីដ១៩ រួមទាំងក្រុមអ្នកជំនាញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពង្រឹងវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈឥឡូវនេះការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងជួរកងទ័ពបានចាប់ផ្តើមកើតមានជាបន្តបន្ទាប់ហើយ ក្នុងនោះទាហានខ្លះបានចាក់វ៉ាក់សាំងលើកទី ១ រួច និងខ្លះបានចាក់រួចទាំងពីរលើក តែនៅឆ្លងវីរុសកូវីដ ១៩ ។

តាមរយៈសារសម្លេង នាល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានណែនាំឱ្យក្រុមគ្រូពេទ្យរបស់កងទ័ពទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់នៅពេលចាក់វ៉ាក់សាំង
បង្ការជំងឺកូវីដ១៩ ជូនដល់កងទ័ពដែលត្រូវទៅទទួលវ៉ាក់សាំង។

ការណែនាំរបស់ សម្តេចពិជ័យសេនា បានធ្វើឡើងបន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ១៩ ទៅលើទាហានម្នាក់ ឈ្មោះ ដារ៉ា សកល នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ចំនួន២លើករួចរាល់។

សម្រាប់គ្រូពេទ្យកងទ័ព ដែលទទួលបន្ទុកក្នុងការចាក់វ៉ាក់ សាំងនេះ សម្តេចពិជ័យសេនា បានណែនាំឱ្យបង្កើនការប្រុង ប្រយ័ត្នជាពិសេសនៅពេលសម្ភាសដល់កងទ័ព ដែលទៅចាក់វ៉ាក់សាំង។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ក្រុមគ្រូពេទ្យត្រូវតែការពារខ្លួនឱ្យបានម៉តចត់ ទោះបីជាខ្លួនបានចាក់វ៉ាក់សាំងហើយក៏ដោយ។ ដោយសារតែការចម្លងជំងឺនេះ មិនបានរើសមុខអ្នកចាក់វ៉ាក់សាំង ឬមិនចាក់វ៉ាក់សាំងនោះទេ។

សម្តេចពិជ័យសេនា ក៏បានបានផ្តាំដល់កងទ័ពទាំងអស់ កុំឱ្យមានការធ្វេសប្រហេសឱ្យសោះ ជាពិសេស ត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ។ទន្ទឹមនឹងនេះ សម្តេច ពិជ័យសេនា ជំរុញឱ្យសម្ភាសសួរព័ត៌មានឱ្យបានច្រើនអំពីអ្នកជំងឺកូវីដ១៩ថ្មីខាងលើនេះ ដើម្បីដឹងអំពីប្រភពចម្លងឱ្យច្បាស់លាស់ និងងាយស្រួលក្នុងការស្វែងរកដើម្បីបង្ការ ៕

អត្ថបទដែលជាប់ទាក់ទង