ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង​ប្រៃសណីយ៍ និង​ក្រុមហ៊ុន​ម៉ៃ​ក្រូ​សូ​ហ្វ ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ លើកកម្ពស់​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា​ឌីជីថល

36

 

​ភ្នំពេញ​៖ សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​ម៉ៃ​ក្រូ​សូ​ហ្វ​ប្រចាំ​តំបន់​អាស៊ី​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស និង​លើកកម្ពស់​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា​ឌីជីថល​នៅ​កម្ពុជា​។​

​បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​រសៀល​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស និង​លើកកម្ពស់​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា​ឌីជីថល​នៅ​កម្ពុជា រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រុមហ៊ុន​ម៉ៃ​ក្រូ​សូ​ហ្វ​ប្រចាំ​តំបន់​អាស៊ី ដែលមាន​លោកស្រី Cairine HASLAM នាយក​ផ្នែក​ហិរញ្ញវត្ថុ និង​ជា​តំណាង​ក្រុមហ៊ុន តាមរយៈ​ប្រព័ន្ធ​វីដេអូ​។​

​អនុស្សរណៈ​នៃ​ការយោគយល់​នេះ​មាន​គោលបំណង​លើកកម្ពស់​បរិវត្ត​កម្ម​ឌីជីថល (Digital Transformation) តាមរយៈ​កិច្ចសហប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ជំនាញ ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ នវានុវត្តន៍​និង សហគ្រិនភាព ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ព្រមទាំង​កិច្ចសហការ​រៀបចំ​គោលនយោបាយ​និង​ផែនការ អភិវឌ្ឍ​រដ្ឋាភិបាល​ឌីជីថល​។​

​នៅក្នុង​ឱកាស​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ជឿជាក់ថា ការដាក់បញ្ចូល​ចំណេះដឹង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ចូលក្នុង​កម្មវិធីសិក្សា​ថ្នាក់មធ្យមសិក្សា​ចំណេះ​ទូទៅ និង​ថ្នាក់​ឧ​ត្ត​ម​សិក្សា​គឺជា​កត្តា​សំខាន់​ដើម្បី​ជំរុញ​ការចាប់យក​នូវ​បច្ចេកវិទ្យា​ឌីជីថល​នៅ​កម្ពុជា​។​

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​សូម​លើកទឹកចិត្ត​ឱ្យ​សិស្ស និស្សិត​ពិចារណា​ជ្រើសរើស​សិក្សា​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ឬ​បើទោះជា​កំពុង​រៀន​ជំនាញ​ផ្សេង ក៏ត្រូវ​មានចំណេះដឹង​ផ្នែក​ឌីជីថល និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ជា​មូលដ្ឋាន​ផងដែរ ដើម្បី​ត្រៀមខ្លួន​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល និង​ការមកដល់​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤​។

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នឹង​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​រៀបចំ​ផែនការមេ រដ្ឋាភិបាល​ឌីជីថល ដើម្បី​ជំរុញ​អក្ខរកម្ម​ឌីជីថល​ទាំង​នៅ​ថ្នាក់មធ្យមសិក្សា​ចំណេះ​ទូទៅ និង​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​៕

អត្ថបទដែលជាប់ទាក់ទង